ដើម្បីទទួលបានសញ្ជាតិរបស់ជាតិសាសន៍ដីទៃ ដែលមិនមែនជាប្រទេសដែលយើងចាប់កំណើត វាមានភាពខុសប្លែកគ្នាទៅតាមបរិបទក្នុងការរស់នៅ ទំនៀមទំលាប់ និងកត្តាផ្សេងៗទៀត អាស្រ័យទៅលើប្រទេសនីមួយៗ។ យ៉ាងណាមិញ សម្រាប់ការដើរមកដល់សតវត្សទី 21 នេះដើម្បីទទួលបានសញ្ជាតិប្រទេសភាគច្រើន តម្រូវឲ្យមានការអនុវត្តតាមច្បាប់ស្ដីពីសញ្ជាតិជាធរមាន ឬធ្វើតាមលក្ខខណ្ឌតម្រូវ ដើម្បីទទួលបានសញ្ជាតិ ដោយក្នុងនោះ នៅអារ៉ាប់រួម ឬ United Arab Emirates ក៏ដូចគ្នាដែរ ព្រោះថាកាលពីដើមសប្ដាហ៍កន្លងទៅនេះ ទើបតែប្រកាសជាផ្លូវការនូវការផ្ដល់ជូនកាតមាសសម្រាប់វិនិយោគិន 6,800 នាក់ឲ្យទទួលបានសញ្ជាតិអារ៉ាប់ ខណៈពួកគេមានសញ្ជាតិមកពីប្រទេសផ្សេងៗគ្នាជាច្រើន។
ប្រទេសមហាសេដ្ឋីប្រេង ដឹកនាំដោយលោក Sheikh Mohammed bin Rashid Al-Maktoum ជាថ្នាក់ដឹកនាំជាន់ខ្ពស់ផុតលេខនៅឌូបៃ (Dubai) និងជានាយករដ្ឋមន្ត្រីរបស់អារ៉ាប់រួមទាំងមូល បានមានប្រសាសន៍កាលពីដើមសប្ដាហ៍នេះថា “យើងបានបញ្ចេញនូវប្រព័ន្ធកាតមាសថ្មី ដែលផ្ដល់សិទ្ធិទៅដល់វិនិយោគិននូវសញ្ជាតិអស់មួយជីវិត រាប់បញ្ចូលទាំង វិជ្ជបណ្ឌិត វិស្វករ អ្នកវិទ្យាសាស្ត្រ និងវិចិត្រករ ជាដើម។ ប្រព័ន្ធកាតមាសថ្មីនេះ គឺជាការសម្របសម្រួលឲ្យកាន់តែមានភាពប្រសើរឡើង ទៅដល់បុគ្កល ដែលបានមកចំនាយប្រាក់អភិវឌ្ឍន៍នៅលើទឹកដៃអារ៉ាប់រួម ក៏ដូចជា ដើម្បីបញ្ជាក់ថាបុគ្គលម្នាក់នោះ ទទួលបានសញ្ជាតិជារៀងរហូត ដែលមានសិទ្ធិទូទៅដូចពលរដ្ឋរបស់អារ៉ាប់អញ្ចឹងដែរ មានន័យថាពួកគេអាចធ្វើអ្វីៗបានគ្រប់សកម្មភាព តែត្រូវគោរពច្បាប់ជាធរមានផងដែរ។ ម្យ៉ាងវិញទៀត កាតមាស នោះគឺជាប្រព័ន្ធថ្មី ដើម្បីសម្រួលទៅដល់ការធ្វើដំណើរ ការស្នាក់នៅ និងសិទ្ធិនានាតាមច្បាប់កំណត់ ព្រោះតាមរយៈការប្រើប្រាស់ Visa កាត មិនគ្រប់គ្រាន់នោះទេ សម្រាប់អ្នកវិនិយោគទាំងនោះ ព្រោះពួកគេអាចចំណាយពេលច្រើននៅឌូបៃ ខ្លះត្រូវធ្វើដំណើរទៅវិញទៅមក បានជាដូច្នេះហើយ Visa មិនអាចជួយបានធំដុំនោះឡើយ។
ប្រភពដដែល បានបន្តឲ្យដឹងទៀតផងដែរថា ការបញ្ចេញប្រព័ន្ធកាតមាស ជំនាន់ទីមួយនេះ គឺបើកសម្រាប់វិនិយោគិនអន្តរជាតិ ចំនួន 6,800 នាក់ មកពីប្រទេសជាង 70 ដែលពួកគេបានវិនិយោគយ៉ាងច្រើនគម្រោង គ្រប់វិស័យនៅអារ៉ាប់រួម ដែលមានចំនួនទឹកប្រាក់សរុបដល់ទៅ 27 ពាន់លានដុល្លារឯណោះ។ កាតទឹកមាស ដែលផ្ដល់សិទ្ធិក្លាយខ្លួនជាប្រជាពលរដ្ឋប្រទេសមហាសេដ្ឋីនេះ មិនមែនងាយស្រួលទទួលយកបាននោះទេ លុះត្រាតែបុគ្គលនោះ បានចូលរួមចំណែកទៅលើផ្នែក ឬវិស័យណាមួយទៅដល់អារ៉ាប់រួម ទើបអាចទទួលបានសិទ្ធិពេញលេញ ដ៏ស្របច្បាប់មួយនេះ។ មិនតែប៉ុណ្ណោះសម្រាប់អ្នក ដែលជាម្ចាស់អចលនទ្រព្យជាជនជាតិបរទេស ដែលមានតម្លៃចាប់ពី 1,360,000 ឡើងទៅ នឹងទទួលបាននូវសិទ្ធិរស់នៅអារ៉ាប់រួមសម្រាប់រយៈពេល 5 ឆ្នាំថែមទៀងផង។
ការសម្រេចចិត្តនេះ គឺជាយុទ្ធសាស្ត្រពិសេសសម្រាប់ទាក់ទាញនូវវិនិយោគិនបរទេស ឲ្យទៅវិនិយោគនៅអារ៉ាប់រួមកាន់តែច្រើន ពិសេសផ្ដល់នូវភាពងាយស្រួលដូចទៅនឹងប្រជាជនដើមកំណើតអញ្ចឹងដែរ ពុំចាំបាច់ខ្វាយខ្វល់រឿង Visa ការធ្វើដំណើរ ការស្នាក់នៅ និងសិទ្ធិមួយចំនួនផ្សេងទៀតទៅលើ សិទ្ធិលើទ្រព្យសម្បត្តិជាអាទិ៍។