លោកនាយករដ្ឋមន្ត្រី Yoshihide Suga បានអះអាងថា ជប៉ុន នឹងក្លាយទៅជាប្រទេសគ្រប់គ្រងការបំភាយកាបូនបាន ១០០% (carbon neutral country) នៅត្រឹមឆ្នាំ២០៥០ ក្នុងនោះគេនឹងមានលទ្ធភាពកាត់បន្ថយការបំភាយកាបូនទូទាំងប្រទេសរហូតដល់ ៨០% នៃចំនួនបច្ចុប្បន្ននេះ ដើម្បីចូលរួមទប់ស្កាត់បញ្ហាបម្រែបម្រួលអាកាសធាតុពិភពលោក ការរក្សាស្ថេរភាពកំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។
លោក Yoshihide Suga បានលើកឡើងថា សម្រាប់ប្រទេសមហាអំណាចសេដ្ឋកិច្ចទី៣ នៅលើពិភពលោក និងរក្សាស្ថេរភាពកំណើនសេដ្ឋកិច្ចខ្លួនប្រកបដោយចីរភាពបាន ប្រទេសជប៉ុន ត្រូវជាចាំបាច់នូវការគ្រប់គ្រងឧស្ម័នពុលទៅក្នុងបរិយាកាស មិនថានៅក្នុងវិស័យថាមពល និងវិស័យដឹកជញ្ជូនឡើយ ដើម្បីធានាថាការអភិវឌ្ឍមិនរាំងស្ទះដោយបរិយាកាសកខ្វក់ ឬគ្រោះធម្មជាតិផ្សេងៗពីបម្រែបម្រួលអាកាសធាតុ ដូចនេះលោកបានប្រកាសថា ជប៉ុន មានគោលដៅកាត់បន្ថយបំភាយកាបូនឲ្យបានដល់ ៨០% នៅត្រឹមឆ្នាំ ២០៥០ ពោលគឺដូចទៅនឹងគោលការណ៍ដែលបណ្ដាប្រទេសនៅសហភាពអឹរ៉ុប កំពុងអនុវត្តដែរ ចំណែកប្រទេសចិនវិញ អះអាងថានឹងគ្រប់គ្រងការបំភាយកាបូនឲ្យបាននៅត្រឹមឆ្នាំ២០៦០ ។
យ៉ាងណាមិញ ភាពមន្ទិលសង្ស័យថាជប៉ុននឹងអាចសម្រេចដោយរបៀបណា ព្រោះថាជប៉ុនជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំលំដាប់ទី៣ នៅលើពិភពលោក ហើយវិស័យថាមពលកំពុងពឹងផ្អែកខ្លាំងទៅលើធ្យូងថ្ម និងប្រេងឥន្ធនៈ សម្រាប់វិស័យដឹកជញ្ជូន ចំណែកវិស័យថាមពលនុយក្លេអ៊ែ ធ្លាប់ទទួលបានបរាជ័យ ៣ ដងមកហើយ ជាក់ស្ដែងឆ្នាំ២០១១ ឧបទេវហេតុថាមពលនុយក្លេអ៊ែ នៅខេត្ត Fukushima Daiichi -ល- ចាប់តាំងពីពេលនោះមក ជប៉ុន បានក្លាយទៅជាប្រទេសដែលបំភាយកាបូនទៅបរិយាកាសខ្ពស់បំផុតលំដាប់ទី៥ នៅលើពិភពលោក ជាមួយសារធាតុវិទ្យុសកម្មផ្សេងៗទៀត។
លោកនាយករដ្ឋមន្ត្រី Yoshidide Suga ដែលបានឡើងកាន់ដំណែងជំនួសលោក Shinzo Abe កាលពីខែកញ្ញា ឆ្នាំ២០២០ បានដាក់ផែនការច្បាស់លាស់កាត់បន្ថយការបំភាយកាបូនមកដល់កម្រិតសូន្យ និងការប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលមានសុវត្ថិភាពខ្ពស់ជាងថាមពលនុយក្លេអ៊ែ។ ជាក់ស្ដែង រាជរដ្ឋាភិបាលជប៉ុន បានអនុវត្តវិស័យថាមពល ២២% ទៅដល់ ២៤% ក្នុងប្រទេសជប៉ុន គឺត្រូវតែជាថាមពលកកើតឡើងវិញ, ២០% ទៅ ២២% ជាថាមពលនុយក្លេអ៊ែ, និង ៥៦% ថាថាមពលប្រេងឥន្ធនៈ។ ចំណែកជំហានបន្ទាប់ទៀត គឺការអភិវឌ្ឍបច្ចេកវិទ្យាថាមពលកកើតឡើងវិញ ដូចជាបច្ចេកទេសនៃថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ ថាមពលរលកសមុទ្រ -ល- ដែលនឹងត្រូវសម្រេចឲ្យបាន ៥០% នៃថាមពលអគ្គិសនីប្រើប្រាស់ទូទាំងប្រទេស នៅត្រឹមឆ្នាំ២០៣០ ទើបអាចសម្រេចផែនការឆ្នាំ២០៥០ បាន។