បើយោងតាមការណែនាំថ្មី ពីមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជម្ងឺរបស់អាមេរិក (CDC) បានឲ្យដឹងថា ជនជាតិអាមេរិកដែលបានចាក់វ៉ាក់សាំងពេញលេញ អាចធ្វើដំណើរដោយសេរីដោយមិនចាំបាច់អនុវត្តគោលការណ៍ Quarantine ឬតម្រូវឲ្យធ្វើតេស្តិ៍រកវីរុសកូវីដ-១៩ ទៀតឡើយ។

CDC ក៏បានប្រកាសកាលពីថ្ងៃសុក្រថា ផែនការនេះសម្តៅជាពិសេសទៅលើពលរដ្ឋអាមេរិក ដែលបានចាក់វ៉ាក់សាំងបានពេញលេញចំនួនពីរសប្តាហ៍រួច អាចធ្វើដំណើរដោយសេរីទាំងក្នុង និងក្រៅប្រទេសបាន ដោយមិនចាំបាច់ត្រូវ Quarantine នៅពេលដែលពួកគេមកដល់ផ្ទះវិញឡើយ លើកលែងតែអជ្ញាធរក្នុងតំបន់ដែលគេរស់នៅតម្រូវឲ្យធ្វើ (អាចនឹងមកពីពួកគេ ធ្វើដំណើរចេញពីទីតាំងដែលមានហានិភ័យខ្ពស់)។

ទោះយ៉ាងណា អ្នកដំណើរអន្តរជាតិ នៅតែត្រូវធ្វើតេស្តិ៍ ក្នុងរយៈពេលបីថ្ងៃបន្ទាប់ពីត្រូវឡើងយន្តហោះ ទៅសហរដ្ឋអាមេរិក ដោយមិនគិតពីស្ថានភាពចាក់វ៉ាក់សាំងរបស់ពួកគេឡើយ ហើយនៅតែត្រូវធ្វើតេស្តិ៍ម្តងទៀត នៅពេលពួកគេត្រឡប់មកផ្ទះវិញ។ លើសពីនេះអ្នកធ្វើដំណើរទាំងអស់ ត្រូវពាក់ម៉ាស់មុខគ្រប់ពេល នៅពេលធ្វើដំណើរសាធារណៈ រួមទាំងនៅលើយន្ដហោះ និងនៅអាកាសយានដ្ឋានផ្សេងៗ។

ខាងភ្នាក់ងាររបស់ស្ថាប័ននេះ បានធ្វើការ Update បន្ថែមថា “អ្នកធ្វើដំណើរដែលទទួលបានវ៉ាក់សាំងពេញលេញ មិនងាយនឹងឆ្លង ឬចម្លងកូវីដ-១៩ ទៅកាន់នរណាឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រព័ន្ធធ្វើដំណើរអន្តរជាតិ នៅតែបន្តបង្កហានិភ័យបន្ថែម ហើយសូម្បីតែអ្នកដំណើរដែលទទួលវ៉ាក់សាំងពេញលេញ ក៏មានហានិភ័យខ្ពស់ក្នុងការឆ្លង និងអាចចម្លងកូវីដ-១៩ ប្រភេទបំលែងថ្មី ផងដែរ។

តម្រូវការធ្វើតេស្តិ៍ក៏នៅតែមានដែរ តាមកន្លែងផ្សេងៗ ដោយវាអាស្រ័យទៅលើគោលដៅ របស់អ្នកដំណើរ។ ប្រធាននិងជានាយកប្រតិបត្តិនៃសមាគមទេសចរណ៍អាមេរិក លោក Roger Dow បានមានប្រសាសន៍ថា “ការណែនាំថ្មីនៃផែនការធ្វើដំណើររបស់ CDC គឺជាជំហ៊ានដ៏សំខាន់មួយ នៅក្នុងទិសដៅត្រឹមត្រូវ ដែលត្រូវបានគាំទ្រដោយវិទ្យាសាស្ត្រ ហើយនឹងសម្រួលដល់ ឧស្សាហកម្មដែលរងគ្រោះខ្លាំងបំផុត ដោយការធ្លាក់ចុះសង្វាក់ផលិតកម្មខ្លាំងដោយសារកូវីដ-១៩។ ការទទួលស្គាល់ថា ការចាក់វ៉ាក់សាំង នឹងលុបបំបាត់នូវតម្រូវការធ្វើតេស្តិ៍ និងគោលការណ៍ Quarantine គឺជាការដកចេញនូវឧបសគ្គសំខាន់ សម្រាប់ការធ្វើដំណើរក្នុងស្រុក។ សម្រាប់អនុសាសន៍បន្ថែម ដែលភ្ញៀវអន្តរជាតិ នឹងតម្រូវឲ្យស្ថិតនៅក្នុងគោលការណ៍ Quarantine ក៏ជាជំហ៊ានបង្កើនដ៏សំខាន់មួយដែរ។

ការសម្រេចចិត្តនេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលប្រធានរបស់ CDC លោកស្រី Rochelle Walensky បានធ្វើការទទូចដល់ពលរដ្ឋអាមេរិកកាំងទាំងអស់ឲ្យ “សូមកំណត់ការធ្វើដំណើរ កុំឲ្យច្រើនដងពេក” ក្នុងកំឡុងពេលដែលមានការកើនឡើងករណីឆ្លងថ្មីៗច្រើន ក្នុងចំណោមពលរដ្ឋសហរដ្ឋអាមេរិកដែលបានធ្វើដំណើរតាមផ្លូវអាកាស។ យ៉ាងណា CDC នៅតែក្រើនរំលឹក ដល់ពលរដ្ឋអាមេរិកដែលពុំទាន់បានចាក់វ៉ាក់សាំងពេញលេញ ឲ្យកាត់បន្ថយការធ្វើដំណើរដែលមិនចាំបាច់ផងដែរ។

ការផ្លាស់ប្តូរនេះក៏ផ្អែកទៅលើអនុសាសន៍មុនៗ របស់ទីភ្នាក់ងារនេះ ដែលថាអ្នកដែលត្រូវចាក់វ៉ាក់សាំង មិនចាំបាច់ Quarantine ទេ ប្រសិនបើពួកគេធ្លាប់បានទាក់ទងជាមួយអ្នកដែលធ្វើតេស្តវិជ្ជមានកូវីដ-១៩ ក៏ដូចជាមួយផ្នែកទៀតដែលថា មនុស្សចាក់វ៉ាក់សាំងពេញលេញ អាចជួបជុំគ្នាក្នុងផ្ទះ ជាមួយអ្នកដទៃផ្សេងទៀត ដែលបានចាក់វ៉ាក់សាំងពេញលេញដូចគ្នា ដោយមិនចាំបាច់ពាក់ម៉ាស់ឡើយ។ នៅពេលដែលវ៉ាក់សាំងបានចាប់ផ្តើមដំណើរការពាសពេញប្រទេស គំនិតនៃលិខិតឆ្លងដែនវ៉ាក់សាំង (Vaccine passwords) និងសំណួរអំពីអ្វីដែលអ្នកដំណើរបានចាក់វ៉ាក់សាំងរួច គួរនិងមិនគួរធ្វើបានលេចចេញមក។ រដ្ឋមួយចំនួនក៏ដូចជាទិសដៅអន្តរជាតិនានា បានចាប់ផ្តើមលើកលែងការធ្វើតេស្តិ៍ និង គោលការណ៍ Quarantine សម្រាប់អ្នកដែលទទួលការចាក់វ៉ាក់សាំងពេញលេញ ខណៈពេលដែលអ្នកដំណើរតាមនាវាកម្សាន្ត ក៏បានចាប់ផ្តើមតម្រូវឱ្យមានចាក់វ៉ាក់សាំងផងដែរ។

ខណៈដែលសំណួរជាច្រើននៅតែមាននៅឡើយ CDC បានចេញផ្សាយលទ្ធផលនៃការសិក្សាមួយ កាលពីដើមសប្តាហ៍មុន ដែលបានបង្ហាញថាវ៉ាក់សាំង mRNA COVID-19 ចំនួនពីរប្រភេទ (Pfizer-BioNTech និង Moderna) ទាំងពីរ មានប្រសិទ្ធភាពខ្ពស់ ក្នុងការការពារការឆ្លងមេរោគ SARS-CoV-2 ឬកូវីដ-១៩ នេះពិតមែន ក្នុងស្ថានភាពជាក់ស្តែង លើចំណោមបុគ្គលិកថែទាំសុខភាព អ្នកធ្វើការជួរមុខ និងប្រភេទបុគ្គលិកសំខាន់ៗផ្សេងទៀត "រួមទាំងក្នុងករណី asymptomatic ផងដែរ។

ផ្នែកមួយនៃការសិក្សានេះ បង្ហាញថាអ្នកចូលរួមបានធ្វើតេស្តិ៍ខ្លួនឯង ដោយការធ្វើតេស្តិ៍ PCR រៀងរាល់សប្តាហ៍ ដើម្បីបញ្ជាក់ថាពួកគេពុំមានរោគសញ្ញានៃកូវីដ-១៩ ឡើយ។