ក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បី Zaha Hadid Architects (ZHA) នឹងធ្វើការតាំងពិព័រណ៍បង្ហាញពីគម្រោងជោគជ័យចាស់ៗរបស់ខ្លួន នៅក្នុងប្រទេសចិន!

ក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីល្បាញ Zaha Hadid Architects ដែលត្រូវបានគេទទួលស្គាល់ជាអន្តរជាតិនោះ គ្រោងនឹងបង្ហាញការតាំងពិព័រណ៍ដំបូងបំផុតរបស់ខ្លួន នៅក្នុងប្រទេសចិនដីគោក ដោយបង្ហាញស្នាដៃដ៏ជោគជ័យរបស់ខ្លួន ដែលមានអាយុកាលជាង 4 ទសវត្សរ៍ចុងក្រោយ។ 

ការតាំងពិព័រណ៍ដ៏ធំរបស់ក្រុមហ៊ុននេះនឹងធ្វើឡើងនៅ សារមន្ទីរសិល្បៈទំនើបសៀងហៃ (Shanghai’s Modern Art Museum – MAM) នៅក្នុងខែមិថុនាខាងមុខ ដោយបង្ហាញពីគម្រោងស្ថាបត្យកម្មដែលទទួលបានពានរង្វាន់ បន្ថែមលើការ Preview ខ្លីៗនៃគម្រោងថ្មីៗក្នុងការអភិវឌ្ឍរបស់ពួកគេ នៅលើទ្វីបទាំង 6។ 

 

សារមន្ទីរសិល្បៈទំនើបសៀងហៃ គឺជាសារមន្ទីរសហសម័យទំនើប ដែលមានទំហំជាង 7,000 ម៉ែត្រការ៉េ និងត្រូវបានគេស្គាល់ថា សម្រាប់ការបង្ហាញសិល្បៈបែបសហសម័យក្នុងទម្រង់ជាសកល ជាមួយនឹងវិធីដែលគេប្រើវាក្នុងទម្រង់ពហុមុខងារ។

 

ក្រោមទម្រង់ Style បែបនេះ ការតាំងពិព័រណ៍របស់ ZHA នឹងបង្ហាញពីការស្រាវជ្រាវនិងវិធីសាស្រ្តឈានមុខគេរបស់ Zaha Hadid Architects ដោយទទួលបាននូវគម្រោងជាច្រើន នៅជុំវិញពិភពលោក។ ពិព័រណ៍ប្លែកៗនេះក៏នឹងពិចារណាឱ្យកាន់តែស៊ីជម្រៅ អំពីបច្ចេកទេសច្នៃប្រឌិត ដែលត្រូវបានអនុម័តដោយក្រុមហ៊ុន ហើយបានឆ្លុះបញ្ចាំងពីរបៀបដែលស្ទូឌីយោស្រមៃទៅលើការរចនា និងបង្កើតបរិយាកាសសាងសង់ទៅតាមបទដ្ឋាននីមួយៗ។

លោក Patrik Schumacher ដែលជានាយកផ្នែកមួយរូបរបស់ក្រុមហ៊ុន Zaha Hadid Architects មានប្រសាសន៍ថា “ជាមួយនឹងការបង្ហាញនេះ យើងមានបំណងបង្ហាញអ្នក ដែលយើងជិតស្និទ្ធជាមួយ នូវបទពិសោធន៍ស៊ីជម្រៅពីការគិតគូររបស់យើង នាពេលបច្ចុប្បន្ន និងបំណងប្រាថ្នារបស់យើងសម្រាប់អនាគត។”

 

លោកស្រី Zaha Hadid គឺជាស្ត្រីដំបូងគេដែលទទួលបានពានរង្វាន់ស្ថាបត្យកម្ម Pritzker (ក្នុងឆ្នាំ 2004) ហើយនៅតែជាឥស្សរជនសំខាន់ នៅក្នុងពិភពស្ថាបត្យកម្មអាជីពទាំងមូលរបស់នាង។ ស្ថាបត្យករដែលមានដើមកំណើតនៅអ៊ីរ៉ាក់រូបនេះ បានចំណាយពេលមួយឆ្នាំដំបូងនៃអាជីពរបស់នាង ធ្វើដំណើរជុំវិញពិភពលោក រួមទាំងចំណាយពេលច្រើននៅប្រទេសចិន ដោយស្រូបយកវិធីសាស្រ្តបុរាណនៃស្ថាបត្យកម្ម ដែលត្រូវបានបង្កប់នៅក្នុងស្ថាបត្យកម្មប្រវត្តិសាស្ត្រ និងទេសភាពធម្មជាតិដ៏អស្ចារ្យរបស់ប្រទេសចិន។

បន្ទាប់ពីការកំណត់ពេលវេលានៃគម្រោង ដែលមានឥទ្ធិពលរបស់ Zaha Hadid Architects នៅក្នុងប្រទេសចិន ការតាំងពិព័រណ៍ពិនិត្យមើលការវិវត្តនៃស្នាដៃស្ទូឌីយោពីឆ្នាំ 1982 រហូតមកដល់សព្វថ្ងៃ។ គម្រោងដូចជា Peak Club  ដែលឈ្នះពានរង្វាន់នៅហុងកុង (1982-1983), Guangzhou Opera House (2010) និងអាកាសយានដ្ឋានអន្តរជាតិប៉េកាំង Daxing (2019) គឺជាឧទាហរណ៍ដ៏ជោគជ័យ នៃវិធីដែល Hadid រួមបញ្ចូលយ៉ាងស៊ីជម្រៅទៅលើទំនាក់ទំនងរវាងអគារ និងធម្មជាតិរបស់វា ជុំវិញទាំងផ្នែកខាងក្នុង និងខាងក្រៅ។

លោក Shai Baitel នាយកផ្នែកសិល្បៈនៃសារមន្ទីរ MAM Shanghai មានប្រសាសន៍ថា "ខ្ញុំពិតជារំភើបដែលបានរួមបញ្ចូលនូវវិធីសាស្រ្ត នៃការធ្វើអន្តរកម្មសិក្សា និងស៊ីជម្រៅនៅឯ MAM របស់យើង។ ពិព័រណ៍ដ៏សំខាន់នេះធ្វើឡើងដើម្បីអបអរភាពប៉ិនប្រសប់របស់ Zaha Hadid។ Hadid គឺជាស្ត្រីពិសេស ហើយយើងរីករាយដែលបង្ហាញទស្សនវិស័យរបស់យើង អំពីការវិវត្តនៃចលនារបស់នាង ក្នុងនាមជាអ្នកស្រាវជ្រាវផ្នែករចនា និងស្ថាបត្យកម្មតាមរយៈភូមិសាស្ត្រ និងប្រវត្តិសាស្រ្តផ្សេងៗ ក៏ដូចជារបៀបដែលចលនានេះ ជះឥទ្ធិពលដល់ចក្ខុវិស័យ និងការងារប្រកបដោយភាពច្នៃប្រឌិតបច្ចុប្បន្ន របស់ក្រុមហ៊ុន Zaha Hadid Architects ដើរតាមជំហ៊ាន និងលទ្ធផលដែលនាងរំពឹងចង់បាន។”

គួរបញ្ជាក់ផងដែរថា ការតាំងពិព័រណ៍របស់ ZHA នឹងដំណើរការចាប់ពីថ្ងៃទី 26 មិថុនាដល់ថ្ងៃទី 29 ខែសីហាឆ្នាំ 2021 នេះ។