ផ្លូវជាតិលេខ ៥ ដំណើរការសាងសង់បានប៉ុណ្ណាហើយ?

ការធ្វើឲ្យប្រសើរឡើងវិញនៃផ្លូវជាតិលេខ៥ គឺជាគម្រោងស្ដារហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដោយសារផ្លូវមួយខ្សែនេះ មានប្រវែងវែងតភ្ជាប់ពីរាជធានីភ្នំពេញ រហូតទៅដល់ច្រកព្រំដែនកម្ពុជា-ថៃ ភាគពាយព្យ ឆ្លងកាត់ខេត្តចំនួន ៥ រួមមាន៖ កណ្ដាល, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, និងបន្ទាយមានជ័យ ហើយក៏ជាផ្លូវសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជាផងដែរ។ ជារួមផ្លូវជាតិលេខ៥ គឺជាផ្លូវអាស៊ានហាយវ៉េលេខ១ ដែលអាចបង្កើនការនាំចេញ-នាំចូលពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ដូចនេះគម្រោងធ្វើឲ្យប្រសើរឡើងវិញផ្លូវជាតិលេខ ៥ ត្រូវផ្ដោតសំខាន់លើគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។

យោងតាមទិន្នន័យពីក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញថា គម្រោងធ្វើឲ្យប្រសើរឡើងវិញផ្លូវជាតិលេខ ៥ ត្រូវបានបែងចែកចេញជា ៣ កំណាត់ផ្សេងៗគ្នាគឺផ្នែកខាងជើង, តំបន់កណ្ដាល, និងផ្នែកខាងត្បូង ដោយគិតចាប់ពីព្រែកក្តាម ខេត្តកណ្ដាល រហូតទៅដល់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប ៣៦៦ គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០១៨ ក្រោមកម្ចីឥណទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA) គ្រោងចំណាយប្រមាណ ៥០០ លានដុល្លារ។

គិតមកទល់នឹងដើមខែមិថុនា ឆ្នាំ២០២១ ការងារធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ៥ សម្រេចបាន៖  

១. កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-បន្ទាយមានជ័យ) មានប្រវែងសរុប ៨៤.៧៤ គីឡូម៉ែត្រ សម្រេចការងារបាន ៩៧.៣% មកហើយ ដោយចំណាយពេល ៣៦ ខែ គ្រោងចំណាយថវិកាជាង ១៤៣ លានដុល្លារ ក្នុងនោះយើងត្រូវពង្រីកទទឹងផ្លូវធំជាងមុនរហូតដល់ ២៣ ម៉ែត្រ ជាក់ស្ដែងពីសិរីសោភ័ណដល់ប៉ោយប៉ែត មានប្រវែង ៣៥.៥ គីឡូម៉ែត្រ នឹងត្រូវពង្រីកទៅជា ៤ គន្លង ក្រាលកៅស៊ូបេតុង AC កម្រាស់ ១៥ សង់ទីម៉ែត្រ និងមានសួនច្បារនៅចំកណ្ដាលទ្រូងផ្លូវ។ លើសពីនេះ ក៏មានការស្ថាបនាផ្លូវក្រវ៉ាត់ក្រុង ៦០ ម៉ែត្រសម្រាប់វាងក្រុងបាត់ដំបង និងក្រុងសិរីសោភ័ណផងដែរ ចំណែកក្រុងប៉ោយប៉ែតយើងមានច្រកព្រំដែនថ្មី សម្រាប់ដឹកជញ្ជូនទំនិញវាងក្រុង គឺច្រកអន្តរជាតិស្ទឹងបត់-បានណងអៀន។ 

២. កំណាត់ផ្លូវជាតិលេខ៥ ភូមិភាគកណ្ដាល (បាត់ដំបង-ធ្លាម្អម ពោធិ៍សាត់) មានប្រវែងសរុប ១៤៦ គីឡូម៉ែត្រ សម្រេចការងារបាន ៣៨% ដោយពង្រីកទទឹងផ្លូវពី២ កន្លងទៅ ៤ គន្លងក្រាលបេតុងកៅស៊ូ AC កម្រាស់ ១៥ សង់ទីម៉ែត្រ គម្រោងចំណាយថវិកាជាង ១៦១ លានដុល្លារ និងប្រើពេលប្រមាណ ៤២ ខែ។

៣. កំណាត់ផ្លូវជាតិលេខ ៥ ភូមិភាគខាងត្បូង (ធ្លាម្អម ពោធិ៍សាត់-ព្រែកក្ដាម ខេត្តកណ្ដាល) មានប្រវែងសរុប ១៣៥.២៥ គីឡូម៉ែត្រ សម្រេចការងារបាន ៤៦% មកហើយ ដោយពង្រីកទទឹងពី ២គន្លងទៅ ៤ គន្លង គ្រោងចំណាយទឹកប្រាក់ជាង ២៤៦ លានដុល្លារ និងចំណាយពេល ៤៨ ខែដើម្បីសម្រេច។ 

គម្រោងធ្វើឲ្យប្រសើរឡើងវិញនៃផ្លូវជាតិលេខ ៥ មានគោលបំណងសម្រួលដល់ការធ្វើដំណើរឲ្យបានរហ័ស កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាកកស្ទះចរាចរណ៍បានយ៉ាងប្រសើរ តាមរយៈការពង្រីកទទឹងផ្លូវ ស្ថាបនាផ្លូវក្រវ៉ាត់ទីប្រជុំជនចំនួន ៥ កន្លែង (ឧដុង្គ, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, សិរីសោភ័ណ) ហើយក៏ជំរុញដល់សក្ដានុពលអភិវឌ្ឍន៍ ជាពិសេសជំរុញការដឹកជញ្ជូនទំនិញជាតិ និងអន្តរជាតិ សម្រាប់បម្រើដល់កំណើនសេដ្ឋកិច្ចជាតិ។