ដើមឈើមានតួរនាទីសំខាន់ណាស់សម្រាប់ការរស់នៅរបស់មនុស្ស និងសត្វ ដោយសារតែយើងបានអាហារ ធនធានប្រើប្រាស់ និងឧស្ម័នបរិសុទ្ធដោយសារតែដើមឈើ។ ដើមឈើច្រើនបញ្ចូលគ្នាបានបង្កើតជាព្រៃឈើ ដែលជាប្រភពនៃអាហារ និងជម្រករបស់សត្វ ហើយព្រៃឈើក៏ជួយការពារដល់គ្រោះធម្មជាតិផ្សេងៗផងដែរ។ ខាងក្រោមនេះ គឺជាព្រៃឈើធំៗបំផុតទាំង ១០ ជុំវិញពិភពលោក។
• ព្រៃអាម៉ាហ្សូន (The Amazon)
តំបន់ព្រៃឈើដ៏ល្បីល្បាញជាងគេនៅលើពិភពលោក គឺព្រៃអាម៉ាហ្សូន ដែលលាតសន្ធឹងលើ ៩ ប្រទេសក្នុងទ្វីបអាមេរិចខាងត្បូង មានទំហំជាង ៥.៥ លានគីឡូម៉ែត្រការ៉េ ជាជម្រកនៃរុក្ខជាតិចម្រុះច្រើនជាងគេបំផុតលើពិភពលោកប្រមាណ ២៩០ ទ្រីលានដើម ចាប់ពីព្រៃឈើលិចទឹក ព្រៃត្រូពិច និងព្រៃស្ដុក -ល- ព្រមទាំងជាជម្រករបស់សត្វព្រៃរាប់លានប្រភេទផងដែរ។ ព្រៃអាម៉ាហ្សូន ត្រូវបានគេសិក្សាថា ជាតំបន់ព្រៃចំណាស់ជាង ៥៥ លានឆ្នាំមកហើយ ហើយក៏ជាតំបន់ព្រៃបាត់បង់ធំជាងគេដែរ ដោយបាត់បង់ប្រមាណ ២០% មកហើយ តាមរយៈការកាប់ព្រៃ និងភ្លើងឆេះជាដើម។
• ព្រៃតាហ្គា (The Taiga)
ព្រៃតាហ្គា (Taiga) កាលពីមុនមានទំហំធំជាងគេបំផុត លាតសន្ធឹងចាប់ពីប្រទេសកាណាដា រហូតទៅដល់ខេត្ត Siberia ប្រទេសរុស្ស៊ី ក៏ប៉ុន្តែដោយសារតែទ្វីបរសាត់ បម្រែបម្រួលនៃទ្វីបធ្វើឲ្យតំបន់ព្រៃ The Taiga បែងចែកជា ៣ ផ្នែកធំៗគឺស្ថិតនៅប្រទេសកាណាដា រុស្ស៊ី និងប្រទេសអឺរ៉ុបខាងជើង ហើយក្លាយជាព្រៃឈើធំបំផុតលំដាប់ទី២ ទី៣ និងទី៤ នៅលើពិភពលោក ដែលមានប្រព័ន្ធអេកូឡូស៊ីដូចគ្នា។ The Taiga មិនមែនជាព្រៃឈើចម្រុះខ្លាំងដូចនៅតំបន់ត្រូពិកនោះទេ ដោយសារតែវាស្ថិតនៅព័ទ្ធជុំវិញតំបន់ប៉ូល ពោលគឺនៅភាគខាងត្បូងតំបន់ប៉ូលអាកទិច (Arctic Circle) ដែលអាកាសធាតុអាចធ្លាក់ដល់ -៤០ អង្សាសេ ដូចនេះប្រភេទរុក្ខជាតិ និងអម្បូរសត្វព្រៃដែលអាចរស់នៅបាន សុទ្ធសឹងតែជាសត្វដែលធននឹងអាកាសធាតុត្រជាក់ ដូចជា ខ្លាឃ្មុំស ឆ្កែចចក កញ្ជ្រោង និងកណ្ដុទឹកកកជាដើម។
បច្ចុប្បន្ន ព្រៃឈើ Taiga មានទំហំជាងគេលំដាប់ទី២ នៅប្រទេសកាណាដា ទំហំជាង ៤.២ លានគីឡូម៉ែត្រការ៉េ (មានឈ្មោះថាព្រៃ Boreal Forest) និងលំដាប់ទី៣ នៅភាគខាងកើតខេត្ត Siberian ប្រទេសរុស្ស៊ីទំហំ ៣.៩ លានគីឡូម៉ែត្រការ៉េ និងលំដាប់ទី៤ នៅតំបន់អឹរ៉ុបខាងជើង មានទំហំជាង២,១៥៦,០០០ គីឡូម៉ែត្រការ៉េ។ ជាសរុបមក ព្រៃឈើ Taiga បានក្ដោបយកតំបន់ព្រៃប្រមាណ ៣០% នៅលើពិភពលោកទាំងមូល។
• ព្រៃត្រូពិចកុងហ្គោ (Tropical forest in Congo)
ព្រៃត្រូពិចកុងហ្គោ ជាតំបន់ព្រៃដែលសម្បូរទៅដោយសត្វព្រៃធំៗរស់នៅ ដូចជាស្វាហ្គូរីឡា (Gorillas), ដំរីទឹកហ៊ីប៉ូ (Hippopotamus), និងដំរីអាហ្វ្រិច ជាដើម។ ព្រៃត្រូពិចកុងហ្គោ សម្បូរទៅដោយជនជាតិដើមរស់នៅជាមួយធម្មជាតិ ហើយក៏ជាតំបន់ព្រៃមានការកាប់បំផ្លាញតិចតួចបំផុតលើលោក។ បច្ចុប្បន្នព្រៃត្រូពិចកុងហ្គោ មានទំហំជាង ១.៧៨ លានគីឡូម៉ែត្រការ៉េ ក្លាយជាព្រៃត្រូពិចធំជាងគេបំផុតលំដាប់ទី២ បន្ទាប់ពីព្រៃអាម៉ាហ្សូន។
• ព្រៃត្រូពិច New Guinea
ព្រៃត្រូពិច Papua New Guinea ជាព្រៃចម្រុះបំផុតមួយនៅលើពិភពលោក ដែលមានអម្បូរសត្វ និងព្រៃឈើជាច្រើនប្រភេទរស់នៅ ជាក់ស្ដែងអម្បូរសត្វប្រមាណ ៥% ទៅ ១០% សុទ្ធសឹងតែរស់នៅក្នុងព្រៃនេះ ហើយក៏ក្លាយទៅជាតំបន់ស្រាវជ្រាវសត្វព្រៃដ៏សំខាន់របស់ពិភពលោកផងដែរ។ ម្យ៉ាងទៀតព្រៃ New Guinea ប្រមាណ ៥៤៥,០០០ គីឡូម៉ែត្រការ៉េត្រូវបានស្ថិតក្នុងការអភិរក្សកាពារ និងមានជនជាតិភាគតិចរស់នៅប្រមាណជាង ១,០០០ នាក់ ហើយតំបន់ធំបំផុតនៃព្រៃនេះ ក៏មិនងាយមានមនុស្សបានទៅដល់នោះដែរ។
• ព្រៃត្រូពិច Borneo
ស្ថិតនៅលើកោះ Borneo ក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រៃត្រូពិច Borneo បានកកើតឡើងជាង ១៤០ លានឆ្នាំមកហើយ ដែលមានរុក្ខជាតិដុះជាង ១ ម៉ឺនប្រភេទខុសៗគ្នា និងជាជម្រករបស់សត្វព្រៃកម្រ ដូចជាសត្វរមាស Sumatran Rhinoceros ជាសត្វកម្រដែលមានតែ ២៥០ ក្បាលប៉ុណ្ណោះនៅលើផែនដី។ ព្រៃត្រូពិច Borneo មានភាពល្បីល្បាញសម្បូរដោយស្វាអូរ៉ង់អូតង់ (Orangutan) និងសត្វជិតផុតពូជជាច្រើនទៀត។ ព្រៃនេះ មានទំហំប្រមាណ ២៩០,០០០ គីឡូម៉ែត្រការ៉េ និងមានអត្រាបាត់បង់រហ័សផងដែរ។
• ព្រៃត្រូពិច Valdivian
ព្រៃត្រូពិច Valdivian ជាព្រៃទើបតែមានជាង ១៧,០០០ ឆ្នាំមុនប៉ុណ្ណោះ ប៉ុន្តែជាព្រៃឈើធំ លាតសន្ធឹងលើប្រទេសចំនួន ២ គឺឈីលី និងអាហ្សង់ទីន ហើយតំបន់មួយចំនួនទៀតគ្របដណ្ដប់ដោយទឹកកកជានិច្ចដោយសារស្ថិតនៅក្បែរប៉ូលខាងត្បូង អង់តាកទិច។ ព្រៃនេះមានតំបន់ការពារតូច និងតំបន់ត្រូវបានកាប់បំផ្លាញមានទំហំធំ ចំណែកសត្វព្រៃដែលរស់នៅ ក៏សុទ្ធសឹងជាសត្វព្រៃតូចៗផងដែរ ដូចជា ក្ដាន់តឿ Pudu, ឆ្មាព្រៃ, ខ្លាដំបង Kodkod ជាដើម។
• ព្រៃត្រូពិចភូមា
នៅតំបន់ខ្សែបន្ទាប់អេក្វាទ័រនៃទ្វីបអាស៊ី ព្រៃត្រូពិចភូមា ជាព្រៃដែលមានអាយុកាលចំណាស់បំផុតមួយលើលោក និងសម្បូរទៅដោយជីវចម្រុះតំបន់អាស៊ី ភាគច្រើនគឺជាសត្វកម្រដែលមិនងាយឃើញមាននៅតំបន់ព្រៃផ្សេងៗទៀតដូចជា ដំរីអាស៊ី, ស្វា Gibbon, ខ្លា Bengal, ពស់ថ្លាន់ Burmese python ជាដើម។ តំបន់នេះធ្លាប់ជាព្រៃដ៏បំផុតនៅអាស៊ី ប៉ុន្តែត្រូវបានកាប់បំផ្លាញច្រើនលើវិស័យឧស្សាហកម្មឈើ និងការនាំចេញ ធ្វើឲ្យព្រៃត្រូពិចភូមាបច្ចុប្បន្នមានទំហំត្រឹម ២៣៣,០០០ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ ហើយបើគ្មានអ្វីប្រែប្រួលទេនោះ ព្រៃនេះនឹងបាត់បង់ពីផែនទីយ៉ាងយូរត្រឹមឆ្នាំ ២១០០ ខាងមុខ។
• ព្រៃ Primorye Forest
ស្ថិតនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី Primorye Forest ជាព្រៃធំលំដាប់ទី១០ នៅលើពិភពលោកជាមួយទំហំ ១៣០,០០០ គីឡូម៉ែត្រការ៉េ ហើយបច្ចុប្បន្នមានសត្វជិតផុតពូជជាច្រើនរស់នៅ ជាក់ស្ដែងព្រៃនេះមានសត្វប្រមាណ ៥០០ អម្បូររស់នៅតែប៉ុណ្ណោះ ហើយក៏ជាព្រៃតែមួយគត់ដែលមានខ្លាព្រៃ ខ្លាឃ្មុំ និងខ្លារខិននៅជាមួយគ្នា ពោលគឺសត្វនៅតំបន់ត្រូពិច សត្វតំបន់ប៉ូល និងសត្វតំបន់វាលរស់នៅជាមួយគ្នាបាន។