តើមានផ្កាយរណបប៉ុន្មាននៅជុំវិញផែនដីរបស់យើង?

ប៉ុន្មានឆ្នាំមកនេះមានការកើនឡើងគួរឱ្យកត់សម្គាល់នូវចំនួនផ្កាយរណបដែលត្រូវបានបញ្ជូនទៅក្នុងលំហដើម្បីប្រមូលទិន្នន័យ និងការពាក់ព័ន្ធដែលមានប្រយោជន៍ទុកសម្រាប់អនុវត្តបេសកកម្មជាច្រើនដូចជា ការស្រាវជ្រាវវិទ្យាសាស្ត្រ ការព្យាករណ៍អាកាសធាតុ ការជំនួយដល់ការងារយោធា ការកំណត់ទីតាំងនាវាចរណ៍ ការកំណត់រូបភាពផែនដី ការត្រួតពិនិត្យអាកាសធាតុ និងការទំនាក់ទំនងជាដើម។

យោងទៅតាម Union of Concerned Scientists (UCS) បានឲ្យដឹងថាកំណត់ត្រាផ្កាយរណបដែលកំពុងប្រតិបត្តិការកាលពីខែមករា ឆ្នាំ២០២១ នេះមានសរុបចំនួន ៦.៥៤២ ផ្កាយរណបដែលក្នុងនោះផ្កាយរណបចំនួន ៣.៣៧២ ដែលកំពុងបានត្រូវប្រើប្រាស់ និងផ្កាយរណបចំនួន ៣.១៧០ នៅមិនទាន់មានការប្រើប្រាស់នៅឡើយ។

ទោះយ៉ាងណាក៏ដោយយោងតាម the Index of Objects Launched into Outer Space ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការអវកាសខាងក្រៅបានឲ្យដឹងថា នៅចុងខែមេសាឆ្នាំ ២០២១ កន្លងទៅ ផ្កាយរណបទាំងអស់នៅខាងក្រៅបរិយាកាសជុំវិញផែនដីមានចំនួន ៧.៣៨៩ ដែលជាការកើនឡើង ២៧.៩៧% បើប្រៀបធៀបនឹងឆ្នាំ ២០២០ ។

យោងតាមទិន្នន័យនេះក៏បង្ហាញផងដែរថា ចាប់តាំងពីការចាប់ផ្តើមមានផ្កាយរណបមក វាមានចំនួនដល់ ១១.១៣៩ ផ្កាយរណបដែលត្រូវបានបាញ់បង្ហោះនៅក្នុងលំហរអកាស តែក្នុងនោះមានផ្កាយរណបចំនួនតែ ៧.៣៨៩ ប៉ុណ្ណោះដែលស្ថិតនៅក្នុងលំហអាកាសនាពេលបច្ចុប្បន្ននេះ ដោយសារតែផ្កាយរណបមួយចំនួនដែលបង្ហោះទៅមានការខូចខាត និងខ្លះទៀតត្រូវបានកម្ចេចចោលក្នុងបរិយាកាសដោយសារតែមានបញ្ហាបច្ចេកទេស។

យ៉ាងណាមិញការកើនឡើងនៃចំនួនដ៏ច្រើននៃផ្កាយរណបនេះក៏អាចមានការបង្កផលប៉ះពាល់ដ៏លំហរអកាសជុំវិញផែនដីផងដែរ ដោយវានឹងក្លាយជាកាកសំណល់អវកាសដ៏ច្រើននៅថ្ងៃណាមួយ។ លើសពីនេះ វាក៏អាចផ្ដល់ផលប៉ះពាល់លើវិស័យតារាសាស្ត្រផងដែរតាមរយៈការប្រែប្រួលនៃប្រេកង់ប្រមាណជា ៧០% ដោយសារការជ្រៀតជ្រែកពីផ្កាយរណប។