រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងកិច្ចការគាំទ្រនិងលើកកម្ពស់សាជីវកម្ម

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងពាណិជ្ជកម្មបានយកចិត្ត ទុកដាក់យ៉ាងខ្លាំង ក្នុងកិច្ចការគាំទ្រ និងលើកកម្ពស់សាជីវកម្មទទួលខុសត្រូវផ្នែកសង្គម (CSR) នៅក្នុង សង្គមធុរកិច្ចនៅកម្ពុជា ដើម្បីសម្រេចនូវសមិទ្ធិផល បទដ្ឋានគតិយុត្តសំខាន់ៗជាច្រើន។ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មបានថ្លែងបែបនេះ ក្នុងពិធីអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកនិងប្រគល់ពានរង្វាន់ ក្នុងកម្មវិធីប្រកាស ពានរង្វាន់សាជីវកម្មទទួលខុសត្រូវផ្នែកសង្គម (CSR) ឆ្នាំ២០២១ រៀបចំដោយសភា ពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា(EuroCham Cambodia) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ CDR សម្រេចនូវសមិទ្ធផលបទដ្ឋានគតិយុត្តសំខាន់ៗ រួមមាន ៖ ការផ្តល់សច្ចាប័ន លើច្បាប់ស្តីពីការប្រកួតប្រជែងច្បាប់ ស្តីពីកិច្ចការការពារអ្នកប្រើប្រាស់ និង បទបញ្ញត្តិថ្មីៗដ៏ទៃទៀត ពាក់ព័ន្ធនឹងយន្តការគាំទ្រដល់ សាជីវកម្មទទួលខុសត្រូវផ្នែកសង្គម CSR។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារសំខាន់នៃការទទួលខុសត្រូវផ្នែកសង្គមរបស់សាជីវកម្ម ពីសំណាក់សហគ្រិនវ័យក្មេង ធុរជន មីក្រូសហគ្រាស សហគ្រាសខ្នាតមធ្យម វិនិយោគិន និងបណ្តាអ្នក ពាក់ព័ន្ធនៅក្នុងសង្គមកម្ពុជា ដែលកត្តានេះ នឹងចូលរួមចំណែកក្នុងការ អភិវឌ្ឍន៍ប្រទេស និងសង្គមកម្ពុជា ប្រកបដោយទំនួលខុសត្រូវ និរន្តរភាព និងបរិយាប័ន្ន។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាន លើកទឹកចិត្តឱ្យមានអ្នកចូលរួមបន្ថែមទៀត ពីសំណាក់សហគ្រិនជាតិនិងអន្តរជាតិ ក្នុងកិច្ចការ CSR ក៏ដូចជាការចូលរួមសហការពីដៃគូអភិវឌ្ឍន៍នានា ឱ្យបានច្រើនថែមមួយកម្រិតទៀត។