លោក Jeff Bezos ឧបត្ថមជាង USD ៤៤៣ លានដុល្លារ ដើម្បីរួមគ្នាដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ

មហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោក និងកំពុងឈរជើងក្នុងតារាងលេខ ១ លោក Jeff Bezos បានសម្រេច ធ្វើការឧបត្ថមទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ដែលពិភពលោកកំពុងជួបប្រទះ និងបានកំពុងរួបរួមគ្នា ដោះស្រាយបញ្ហាប្រឈមនានា ពិសេសគឺការកាត់បន្ថយការបំភាយឧស្ម័នពុលចូលទៅក្នុងបរិយាកាស។

ប្រភពព័ត៌មានអន្តរជាតិ ចុះផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា មហាសេដ្ឋីលំដាប់លេខ១ នៅសហរដ្ឋអាមេរិក និងជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារលំដាប់លេខ១ ក្នុងពិភពលោក បានសម្រេចផ្ដល់ប្រាក់ឧបត្ថមប្រមាណជា USD ៤៤៣ លានដុល្លារអាមេរិក ក្នុងគោលបំណងរួបរួមគ្នា ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុរបស់ភពផែនដី។ ថវិការដ៏ច្រើនសន្ធឹកសន្ធាប់នោះ នឹងយកទៅបែងចែក តាមអង្គការជាតិ និងអន្តរជាតិជាច្រើន សម្រាប់កិច្ចការងារសំខាន់ៗ នៃការចាប់ផ្ដើមដើរទៅរកការដោះស្រាយដ៏ប្រសើរនាពេលខាងមុខ។

កញ្ចប់ថវិការឧបត្ថមនោះត្រូវបានគូសបញ្ជាក់ឱ្យដឹងថា ថវិការសរុប USD ១៣០ លានដុល្លារអាមេរិក នឹងឧបត្ថមទៅដល់គម្រោងកកើតថ្មីចំនួន ៤០ ដែលធ្វើការងារយ៉ាងសំខាន់ ទាក់ទងទៅនឹងបរិស្ថានភពផែនដី និងជាផ្នែកមួយ នៃការប្ដេជ្ញាចិត្តរបស់លោក Joe Biden ប្រធានាធិបតីអាមេរិក ក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។ ជាមួយគ្នានោះដែរ ថវិការសរុប USD ២៦១ លានដុល្លារ នឹងយកទៅប្រើប្រាស់ ក្នុងគោលដៅការពារដែនដី និងដែនសមុទ្រ ឱ្យបាន ៣០% ចេញពីការបំផ្លិចបំផ្លាញ នៅតំបន់ត្រូពិច Andes និងអាងស្តុកទឹកធម្មជាតិ Congo នាឆ្នាំ ២០៣០។

ថវិការនេះ គឺជាការផ្ដល់បន្ថែមទៀត នៃគម្រោងរបស់លោក Jeff Bezos ដែលរូបលោក មានផែនការ និងការប្ដេជ្ញាចិត្តជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីជួយពិភពលោក ចេញពីបញ្ហាបម្រែបម្រួលអាកាសធាតុនេះ ដោយចំនាយថវិការយ៉ាងហោចណាស់ USD ១០ ពាន់លានដុល្លារ។ ការចំនាយលើកនេះ គ្រាន់តែជាថវិការបន្តិចបន្តួច បន្ថែមទៀត ខណៈឆ្នាំ ២០២០ កន្លងទៅ លោក Bezos បានឧបត្ថមប្រមាណជា USD ៧៩១ លានដុល្លារអាមេរិក ទៅកាន់អង្គការចំនួន ១៦ រួចទៅហើយ ដើម្បីយកទៅប្រើប្រាស់តាមគោលដៅរួម។

គួរបញ្ជាក់ថា លោក Jeff Bezos នឹងផ្ដល់ជំនួយថវិការ ជាបន្តបន្ទាប់ទៀត តាមតិច ឬច្រើន ដោយផ្អែកលើស្ថានភាពជាក់ស្ដែង តែត្រូវធ្វើយ៉ាងណាឱ្យការផ្ដល់ជំនួយនេះឈានដល់ទំហំទឹកប្រាក់ USD ១០ ពាន់លានដុល្លារអាមេរិក យ៉ាងយូរបំផុតនៅឆ្នាំ ២០៣០ ខាងមុខ៕