តើបដិវត្តដ៍សំណង់អគារស្រោបកញ្ចក់ កើតចេញតាំងពីពេលណា?

សព្វថ្ងៃនេះ សំណង់អគារខ្ពស់ៗលើសពី ៩០% សុទ្ធសឹងត្រូវបានស្រោបដោយកញ្ចក់នៅផ្ទៃខាងក្រៅអគារ មិនថាជាអគារពាណិជ្ជកម្ម ឬក៏ជាអគារស្នាក់នៅទេ ហើយស្ថាបត្យកម្មស្នូលបែបនេះកំពុងរីកដុសដាលពាសពេញពិភពលោកធ្វើឲ្យតម្រូវការផលិតកម្មកញ្ចក់មានកំណើនឡើងខ្ពស់ និងផ្លាស់ប្ដូររបត់រស់នៅរបស់យើងផងដែរ។ ដូចនេះ តើសំណង់អគារស្រោបកញ្ចក់នេះ បានចាប់ផ្ដើមពីពេលណាមក? 

ស្ថាបត្យករ Thomas Leslie បានធ្វើកិច្ចការស្រាវជ្រាវលើប្រធានបទនេះ និងផ្ដល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Vox លោកបង្ហាញថា សំណង់អគារកញ្ចក់ត្រូវបានចាប់ផ្ដើមនៅត្រីមាសទី១ សតវត្សទី២០  ពោលអំឡុងទសវត្សឆ្នាំ ១៩៣០ ហើយហេតុផលធំ នៃការបំពាក់កញ្ចប់ស្រោបអគារ គឺការសិក្សាលើតុល្យភាពនៃពន្លឺធម្មជាតិ ចូលទៅក្នុងអគារជាអតិបរមា រក្សាសីតុណ្ហភាពខាងក្នុងទាបគ្រប់រដូវកាល និងការសន្សំសំចៃថាមពលប្រើប្រាស់ផងដែរ។ ម្យ៉ាងវិញទៀត វាជាទម្រង់សម្រាប់ភ្ជាប់ទំនាក់ទំនងរវាងអ្នកនៅខាងក្នុង និងអ្នកនៅខាងក្រៅអគារ។ 

ចំណែកការរកឃើញបច្ចេកវិទ្យាថ្មី លើស្ថាបត្យកម្មនេះ មានដំណើរដូចតទៅ៖

• នៅឆ្នាំ ១៩៣៩ លោក Admiral Richard Byrd ទាហានជើងទឹកអាមេរិក បានធ្វើដំណើរទៅដល់ទ្វីបអង់តាកទិក ស្រាវជ្រាវលើសត្វផេនឃ្វីន ដោយគាត់បានរៀបចំតុបតែងមន្ទីពិសោធន៍របស់គាត់ដោយកញ្ចក់ ឬបង្អួចកញ្ចក់ធំ (Non-frosting window panes) ដោយអាចរក្សាសីតុណ្ហភាពខាងក្នុងមន្ទីរពិសោធន៍ខុសពីខាងក្រៅ ២៤ អង្សាសេ។ 

• ពិភពលោកក៏បានចាប់អារម្មណ៍ខ្លាំងលើស្ថាបត្យកម្មកញ្ចក់បែបនេះ សម្រាប់លំនៅដ្ឋាន និងអគារ និងមានកាសែតព័ត៌មានជាច្រើនបានចុះផ្សាយលើគំនិតនេះផ្សារភ្ជាប់មកវិស័យសំណង់ និងថាមពលវិញ។

ស្ថាបត្យករ Tomas Leslie បានពន្យល់បន្ថែមថា កាលពីមុន ពន្លឺចូលមកផ្ទៃខាងក្នុងអគារ គឺពឹងផ្អែកលើពន្លឺធម្មជាតិ ឬពន្លឺព្រះអាទិត្យ និងបន្ថែមដោយការដុតភ្លើងបន្ថែមដូចជាការផលិតទៀន ឬចង្កៀងប៉ុណ្ណោះ ហើយទម្រង់នេះត្រូវបានអនុវត្តរាប់ពាន់ឆ្នាំមកហើយ រហូតដល់អំឡុងទសវត្ស ១៨៧០ ទើបអ្នកវិទ្យាសាស្ត្របានរកឃើញថាមពលអគ្គិសនី និងមានសមត្ថភាពផលិតអំពូលភ្លើងនៅអំឡុងទសវត្ស ១៨៨០។ យ៉ាងណាមិញ អគ្គិសនីនៅសម័យនោះ មិនទាន់អាចប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវការនោះទេ ថែមទាំងមានថ្លៃផលិតខ្ពស់ទៀតផង ដួចនេះហើយទើបសំណង់អគារនៅពឹងផ្អែកខ្ពស់លើពន្លឺធម្មជាតិដដែល។

ស្ថាបត្យកម្មនេះអគារកញ្ចក់ មិនទាន់រីកចម្រើនទាំងស្រុងនោះដែរ ដោយសារការប្រើប្រាស់កញ្ចក់ស្រោបអគារ (មិនមែនសម្រាប់តែទ្វារបង្អួច) ត្រូវសិក្សាច្រើនលើការជ្រើសរើស។ ជាក់ស្ដែង ការជ្រើសរើសកញ្ចក់ស្ដើងយើងអាចទទួលពន្លឺបានច្រើន ប៉ុន្តែវាមានបញ្ហាលើរយៈកាលប្រើប្រាស់និងភាពធន់ ដោយសារកញ្ចក់ស្ដើងអាចធ្វើអោយសីតុណ្ហភាពក្ដៅខ្លាំងនៅផ្ទៃខាងក្នុងនៅរដូវក្ដៅ ហើយមិនអាចរក្សាកម្ដៅខាងក្នុងនៅរដូវរងារ បានច្រើនដូចជាជញ្ជាំងបេតុងឥដ្ឋនោះទេ។ រហូតដល់ឆ្នាំ ១៩៣៤ ក្រុមហ៊ុនផលិតកញ្ចក់ Libby Owens Ford បានបង្ហាញនូវគម្រូវិស្វកម្មកញ្ចក់ ២ ស្រទាប់ថ្មី ដែលអាចរក្សាសីតុណ្ហភាពខាងក្នុង និងខាងក្រៅ មិនអាចចម្លងកម្ដៅគ្នាដូចកញ្ចក់ ១ ស្រទាប់ធម្មតានោះទេ។ ដូចនេះទើបនៅឆ្នាំ ១៩៣៩ លោក Admiral Richard Byrd ទាហានជើងទឹកអាមេរិក អាចរក្សាមន្ទីរពិសោធន៍របស់លោក ២៤ អង្សាសេលើសសីតុណ្ហភាពខាងក្រៅ នៅទ្វីបទឹកកកអង់តាកទិក។

បច្ចេកវិទ្យាផលិតកញ្ចក់ថ្មីនេះ ត្រូវបានអភិវឌ្ឍប៉ុន្មានទសវត្សក្រោយមក ទើបគេទទួលបានជោគជ័យលើការបំពាក់ស្រោបលើអគារខ្ពស់ដំបូងគេហៅថា The Pirelli Tower នៅទីក្រុង Milan ប្រទេសអ៊ីតាលី ក្នុងឆ្នាំ ១៩៦០។ បន្ទាប់មកក៏មានការប្រកួតប្រជែងច្រើន លើឧស្សាហកម្មកញ្ចក់សម្រាប់ស្រោបខាងក្រៅអគារនេះ ដែលគេហៅថា Twindow ដែលជាកញ្ចក់ ២ ស្រទាប់អាចរក្សាកម្ដៅមិនឲ្យចម្លងគ្នារវាងសីតុណ្ហភាពខាងក្នុង និងខាងក្រៅ ហើយទាញពន្លឺធម្មជាតិចូលបានជាអតិបរមា។ សព្វថ្ងៃនេះ យើងអាចឃើញការផលិតកញ្ចក់កូដមានចាប់ពី ៣ ស្រទាប់ឡើងទៅ ដូចជា Low-E Glass ដែលកើតចេញពីគំនិតខាងលើ ហើយប្រើប្រាស់ជា Glass Wall ជំនួសឲ្យជញ្ជាំងនៃអគារតែម្ដង ហើយស្ថាបត្យកម្មនេះកំពុងទទួលបានជោគជ័យយ៉ាងខ្លាំងលើសំណង់អគារខ្ពស់។