អចលនទ្រព្យខេត្តសៀមរាប មិនអាចធ្វើការអភិវឌ្ឍ លើសំណង់អគារខ្ពស់បានឡើយ


ខេត្តសៀមរាបត្រូវបាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រសិទ្ធនាមថាជា តារារះនាទិសឧត្តរ ក្រោយការអភិវឌ្ឍន៍នូវ សមិទ្ធផលថ្មីៗនេះ ដែលបានកើតឡើង នៅទឹកដីខេត្តសៀមរាប ដែលជាប៉ូលសេដ្ឋកិច្ចជាតិ ជាគោលដៅទេសចរណ៍ ហើយនឹងក្លាយទៅជាទីក្រុងវៃឆ្លាតគំរូ ក្នុងតំបន់អាស៊ានផងដែរ។ យ៉ាងណាមិញ ការអភិវឌ្ឍន៍ក្រុងសៀមរាប មិនត្រូវការការចូលរួម សាងសង់អគារខ្ពស់ៗ ដូចនៅរាជធានី-ខេត្តផ្សេងៗទៀតក្នុងប្រទេសកម្ពុជានោះទេ។

តាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្ពោធ ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងសៀមរាប ៣៨ ខ្សែកាលពីថ្ងៃទី ០៤ ខែមេសា កន្លងទៅនេះបានបង្ហាញថា ការសាងសង់ផ្លូវក្រុងទាំង ៣៨ ខ្សែត្រូវបានគិតគូរយ៉ាងល្អិតល្អន់ អំពីបទដ្ឋានលក្ខណៈបច្ចេកទេស និងគំនូសប្លង់នគរូបនីយកម្ម ផ្លូវបែងចែកខ្សែផ្លូវអាទិភាព ស្របទៅតាមរូបសាស្ត្រទីក្រុង ដែលមានសង្គតិភាពនគរូបនីយកម្ម និងមេត្រីភាពនឹងទឹក ព្រៃឈើ និងប្រាសាទបុរាណ ហើយក៏ស្របទៅជាមួយប្លង់គោល ប្រើប្រាស់ដីក្រុងសៀមរាប និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ចក្ខុវិស័យឆ្នាំ ២០៣៥ ផងដែរ។

ដូចគ្នាអីចឹងដែរ ការអភិវឌ្ឍន៍អចលនទ្រព្យខេត្តសៀមរាប គឺត្រូវធ្វើឡើងទៅតាម គោលការណ៍អភិរក្ស និងលក្ខខណ្ឌរបស់អង្គការយូណេស្កូ ដែលបានកំណត់ ជាពិសេសគឺការដាក់បញ្ចូល ប្រាសាទអង្គរវត្ត ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ដូចនេះ សូម្បីតែការសាងសង់ អាកាសយាន្ដដ្ឋានអន្តរជាតិខ្នាតធំថ្មី ក៏ត្រូវអភិវឌ្ឍន៍នៅចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីតំបន់អង្គរផងដែរ ពីព្រោះអាកាសយានដ្ឋានអន្តរជាតិបច្ចុប្បន្ន មិនអាចទទួលយន្ដហោះខ្នាតធំបានឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់លើសំណង់ប្រាសាទ និងក្រុងសៀមរាប ហើយអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រៀមនឹងហោះហើរសាកល្បងនៅឆ្នាំ ២០២៣ ខាងមុខនេះ។

សម្តេចតេជោ បានបញ្ជាក់ថា ប្រសិនបើសាងសង់អគារខ្ពស់ៗ នៅក្នុងក្រុងសៀមរាបបែបនោះ អង្គរវត្តនឹងត្រូវដកចេញពី បញ្ជីបេតិកភណ្ឌពិភពលោកហើយ ដោយសម្តេចតេជោ បានណែនាំដល់ អ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួនថា ត្រូវមើលព្រៃទាំងមូល កុំមើលដើមឈើមួយដើម។ ម្យ៉ាងទៀត សម្តេចតេជោបានជម្រាបទៅយូណេស្កូ ថាសូមកុំបារម្ភ ចំពោះការអនុវត្តនូវលក្ខខណ្ឌទាំងឡាយ ចំពោះការអភិរក្សនៅតំបន់ក្រុងសៀមរាប គឺកម្ពុជាមិនកាប់មេមាន់ ដើម្បីឆ្ងាញ់មួយពេលនោះទេ ផ្ទុយទៅវិញគឺកម្ពុជាត្រូវចិញ្ចឹមមេមាន់ឱ្យធំធាត់ ដើម្បីយកពងយូរអង្វែង។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះ ICC-Angkor ដែលបានចូលរួមអភិរក្សប្រាសាទអង្គរ និងក្រុងសៀមរាប ហើយកម្ពុជាបានចុះ ហត្ថលេខាការងារ ជាបន្ដទៀតជាមួយ ICC-Angkor ក្នុងការអភិរក្សប្រាសាទ និងការអភិវឌ្ឍន៍ក្រុងសៀមរាប រយៈពេល ១០ ឆ្នាំបន្ថែមទៀត បន្ទាប់ពីបានអនុវត្តការងារនេះបាន ៣០ ឆ្នាំមកហើយ ក្រោយការដាក់បញ្ចូលប្រាសាទអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ ១៩៩២។