ខេត្តព្រះវិហារត្រៀមរួចរាល់ក្នុងការទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្នុងពិធីបុណ្យឆ្នាំថ្មីខាងមុខនេះ


(ខេត្តព្រះវិហារ)៖ ខេត្តព្រះវិហារគឺជាខេត្តដ៏សំបូរបែបមួយ ពោពេញទៅដោយគោលដៅទាក់ទាញភ្ញៀវទេសចរជាច្រើន តួយ៉ាងដូចជាសហគមន៍ទំនប់ទឹក ៩៥ ជាគោលដៅទេសចរណ៍ បែបធម្មជាតិ និងកែច្នៃនៅក្នុងក្រុង ព្រះវិហារ ខេត្តព្រះវិហារ។ ទីតាំងនេះមានចម្ងាយផ្លូវប្រមាណ ៣ គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងព្រះវិហារ និង មានភ្ញៀវទេសចរជាតិ-អន្តរជាតិ ទៅសម្រាកលម្ហែ ទទួលទានអាហារ និងទស្សនាទេសភាពផ្ទៃទឹក និងសម្រស់ ជួរភ្នំត្បែង ជារៀងរាល់សប្តាហ៍។

ភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្ត ទៅកាន់តំបន់ទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្រ្ត និងវប្បធម៌ រួមមាន ប្រាសាទបាកាន ឬព្រះខ័នកំពង់ស្វាយ, ប្រាសាទកោះកេរ, ប្រាសាទព្រះវិហារ, ទឹកធ្លាក់តេជោបុស្សស្បូវ, ទឹកធ្លាក់លើខ្នងភ្នំត្បែង (វត្តដំបូកខ្មៅ) និងកន្លែងកម្សាន្តជាច្រើនទៀត ដែលអាចឲ្យភ្ញៀវទេសចរចំណាយ ពេលដ៏មានតម្លៃនៅទីនោះបាន ដោយក្តីរីករាយ និងទទួលបានអារម្មណ៍ស្រស់ស្រាយនៅពេលទៅដល់ ទីនោះជាក់ជាមិនខាន៕