មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នឹងក្លាយជាគោលដៅទេសចរណ៍ បែបសាសនានៅកម្ពុជា


ឧកញ៉ា អគ្គមហាឧបាសិកា ធម្មបណ្ឌិតពុទ្ធសាសនូបត្ថម្ភក៏ ញឹក ប៊ុនថា ស្ថាបនិកមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា រំពឹងថា កន្លែងប្រតិបត្តិព្រះពុទ្ធសាសនា ដ៏ធំនៅកម្ពុជានេះ នឹងក្លាយជាកន្លែងទាក់ ទាញភ្ញៀវទេសចរបែបព្រះពុទ្ធសាសនា មកពីគ្រប់តំបន់។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសធ្វើពិធីសាសនា និងដាំដើមឈើនៅ មជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជានេះ ក្រោមអធិបតីភាព សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី ៣០ ខែឧសភា មហាឧបាសិការធម្មបណ្ឌិត ញ៉ឹក ប៊ុនថា មានប្រសាសន៍ថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បាននឹងកំពុងសាងសង់ នៅលើផ្ទៃដីប្រមាណ ១២៦ហិកតា ក្នុងតំបន់ឧទ្យានជាតិព្រះកុសមៈគិរីរម្យ ស្ថិតក្នុងភូមិ អូរកសេះ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមិនគ្រាន់តែបម្រើ ឱ្យវិសយ័ព្រះពុទ្ធសាសនាប៉ុណ្ណោះ ទេ គឺថែមទាំងនឹងក្លាយជាផលិតផលថ្មីមួយទៀត បម្រើឱ្យវិសយ័ទេសចរណ៍ទៀតផង។

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា ក្នុងនាមជាពុទ្ធសាសនិក បានបង្ហាញពីមោនទនភាព និងអបអរសារទរចំពោះ សមិទ្ធផលនៃវិស័យព្រះពុទ្ធសាសនា ដែលកើតឡើង ពីការជួយជ្រោមជ្រែង ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ឥស្សរជន សប្បុរសជន និងពុទ្ធបរិស័ទទាំងអស់។ លោកជំទាវ បានអំពាវនាវដល់ពុទ្ធសាសនិក និងសប្បុរសជននានា បន្តចូលរួមចំណែកនៅក្នុងការកសាង ឱ្យសម្រេចបាននូវ មជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាដ៏ធំសម្បើម នៅកម្ពុជានេះ ដើម្បីទុកជាសម្បត្តិរដ្ឋ ដែលបម្រើដល់វិស័យព្រះពុទ្ធសាសនា និងកន្លែងទេសចរណ៍បែបសាសនា។ បច្ចុប្បន្ន សំណង់ប្រតិបត្តិ ព្រះពុទ្ធសាសនានេះ បាននឹងកំពុងសាងសង់ កសាងមហាប្រាសាទតម្កល់ ព្រះត្រៃបិដក ដែលមានបណ្តោយ ១០៨ម៉ែត្រ ទទឹង២៧ម៉ែត្រ កម្ពស់ ៥៣ម៉ែត្រ ដែលអាចតម្កល់ព្រះត្រៃបិដកបាន ១.២៣៦ផ្ទាំង ព្រមទាំងបាន កសាងកសិណទឹកប្រវែង ៦០០ម៉ែត្រ និងស្ពានចំនួន៨ ផងដែរ។

កសាងមហាប្រាសាទទេវពលី៩ទិស សម្រាប់បួងសួងសុំសេចក្តីសុខចម្រើន ដល់ប្រទេសជាតិ និង មហាជន។ សាងសង់អគារសមាធិមាន១៩ បន្ទប់ ធ្វើរោងបុណ្យ សួនច្បារ ។ កសាងកន្លែងតម្កល់រូប សំណាក លោកយាយម៉ៅ និងកន្លែងតម្កល់បដិមាព្រះពុទ្ធផ្ចាញ់មារ។ គម្រោងកសាងព្រះចូឡាមណី ចេតិយ រួមនិងផ្លូវថ្នល់ចាក់បេតុង៕