ការឡើងថ្លៃប្រេងឥន្ធនៈ កំពុងក្លាយទៅជាបញ្ហា ដែលពិភពលោកបារម្ភ ជាពិសេសបានបង្អាក់ដល់វិស័យដឹកជញ្ជូន និងជះឥទ្ធិពលដល់ ការកើនឡើងតម្លៃទំនិញគ្រប់ប្រភេទ សូម្បីនៅប្រទេសកម្ពុជា នៅសប្ដាហ៍ទី១ ខែមិថុនា ប្រេងសាំងធម្មតាបានឡើងដល់ ៥.៦៥០ រៀល/លីត្រ ប្រេងម៉ាស៊ូត ៥.៥៥០ រៀល/លីត្រ។ តាមពិតទៅ សង្គ្រាមរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន ជាមូលហេតុចម្បងបំផុត នៃការឡើងថ្លៃប្រេងឥន្ធនៈ នៅលើពិភពលោក ប៉ុន្តែមិនមែនមានតែ កត្តានេះមួយប៉ុណ្ណោះទេ នៅមានកត្តាជាច្រើនទៀត ដែលបានចូលរួមធ្វើឲ្យសាំងឡើងថ្លៃ ហើយការឡើងថ្លៃម្ដងនេះ នឹងមានរយៈពេលយូរទៀតផង។

១/ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

រុស្ស៊ី ជាប្រទេសនាំចេញប្រេងឥន្ធនៈធំ ជាងគេបំផុតមួយលើពិភពលោក កាលពីខែធ្នូ ឆ្នាំ២០២១ រុស្ស៊ីបាននាំចេញប្រេងជាង ៨ លានបារ៉ែល ទៅកាន់ទីផ្សារពិភពលោក ក្នុងនោះគេបាននាំចេញ ទៅអឺរ៉ុបប្រមាណ ៦០% និង ២០% ទៅប្រទេសចិន។ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានបង្អាក់ដល់ផលិតកម្មប្រេង-ឧស្ម័ន ហើយក៏បានរងទណ្ឌកម្មសេដ្ឋកិច្ច ពីសំណាក់បស្ចឹមលោកផងដែរ។ បញ្ហានេះ បានជះឥទ្ធិពលនាវាប្រេង-ឧស្ម័នរបស់រុស្ស៊ី មិនអាចនាំចេញទៅអឺរ៉ុបបាន ហើយកង្វះខាតនៃប្រេងឥន្ធនៈ បានបង្កឲ្យសាំងឡើងថ្លៃយ៉ាងគំហុក។
២/ ប្រទេសចិន បញ្ចប់ការបិទខ្ទប់

ប្រទេសចិន ជាប្រទេសមានផលិតកម្ម ធំជាងគេបំផុតលើពិភពលោក ដែលត្រូវការប្រភពថាមពល យ៉ាងច្រើនមហាសាល ដើម្បីបម្រើក្បាលម៉ាស៊ីន សេដ្ឋកិច្ចរបស់ខ្លួន។ នៅក្រោយជំងឺកូវីដ-១៩ និងបញ្ចប់ការបិទខ្ទប់ទីក្រុងសំខាន់ៗដូចជា សៀងហៃ គេសង្កេតឃើញ តម្រូវការប្រេងឥន្ធនៈបានកើនឡើង យ៉ាងខ្លាំងក្នុងប្រទេសចិន ដែលបានទាញតម្លៃប្រេង ឲ្យឡើងថ្លៃមួយកម្រិតទៀត។ វិបត្តិជំងឺកូវីដ-១៩ និងការបិទខ្ទប់ ធ្លាប់បានធ្វើឲ្យ តម្លៃប្រេងឥន្ធនៈធ្លាក់ចុះ កាលពីឆ្នាំ២០២០ និង ២០២១ ប៉ុន្តែឆ្នាំ២០២២ ប្រេងសាំងនឹងឡើងថ្លៃជាបន្តបន្ទាប់ គ្មានសញ្ញាធ្លាក់ចុះវិញឡើយ។
៣/ ផលិតកម្ម ប្រេង និងឧស្ម័ន ថយចុះ

យើងបានដឹងស្រាប់ហើយថា នៅឆ្នាំ២០២០ តម្លៃប្រេងឥន្ធនៈ បានចាប់ផ្ដើមធ្លាក់ចុះ ធ្វើឲ្យប្រទេសផលិតប្រេង ខាតបង់ប្រាក់ចំណូល ដូចនេះអង្គការសម្ព័ន្ធមិត្ត OPEC ប្រទេសផលិតប្រេងកាត និងឧស្ម័ន រួមមានប្រទេសរុស្ស៊ីផងដែរ បានចុះកិច្ចព្រមព្រៀង កាត់បន្ថយការបូមប្រេងលក់ ដើម្បីគាំទ្រដល់តម្លៃលក់ចេញបានថ្លៃ។ ប៉ុន្តែតម្រូវការប្រេងឥន្ធនៈ បានវិលត្រលប់មកវិញ យ៉ាងឆាប់រហ័សលើសការរំពឹងទុក ខណៈដែលគោលដៅផលិតកម្ម នៅកម្រិតទាបដដែល ជាពិសេសការផលិត ប្រេងម៉ាស៊ូត ដែលធ្វើឲ្យតម្លៃប្រេងម៉ាស៊ូត និងប្រេងយន្តហោះឡើងថ្លៃ ជាងតម្លៃសាំងធម្មតាទៅទៀត។
៤/ តម្រូវការប្រេង និងឧស្ម័នខ្ពស់រហ័ស

ការផ្គត់ផ្គង់ ជាចំណុចសំខាន់បំផុត ធ្វើឲ្យទំនិញឡើងថ្លៃ តួយ៉ាងនៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០២១ ប្រជាជនរាប់លាននាក់ ដែលធ្លាប់ធ្វើការពីផ្ទះ បានត្រលប់ទៅធ្វើការ នៅការិយាល័យវិញ យានយន្ដត្រូវការប្រេងសាំង និងម៉ាស៊ូត មានសន្ទុះលឿន ហើយក្រុមហ៊ុនអាកាសចរណ៍ សហរដ្ឋអាមេរិចជាច្រើន ក៏មានដំណើរការឡើងវិញ ចាប់តាំងពីរដូវក្ដៅ ឆ្នាំ២០២១ ឡើងខ្ពស់ជាងមុនវិបត្តិជំងឺកូវីដ-១៩ ទៅទៀត។ មូលហេតុទាំងអស់នេះ បានជំរុញឲ្យតម្លៃប្រេងសាំង ឡើងថ្លៃខ្ពស់ទៅៗ និងមិនចុះថោកវិញក្នុងពេលឆាប់ៗនេះឡើយ។