ក្រុមហ៊ុន MGM សម្រេចលក់រីសត Bellagio ទៅឲ្យក្រុមហ៊ុន Blackstone ក្នុងតម្លៃ ៤.២៥ ពាន់លានដុល្លារ!

MGM Resorts International គឺជាក្រុមហ៊ុនអចលនទ្រព្យផ្នែកបដិសណ្ឋារកិច្ចដ៏ធំរបស់សហរដ្ឋអាមេរិច មានទីស្នាក់ការនៅទីក្រុង Las Vegas រដ្ឋ Nevada ហើយយើងប្រាកដជាបានស្គាល់ MGM Grand ជាសណ្ឋាគារនិងកាស៊ីណូមានពណ៌បៃតង ដែលល្បីល្បាញជាងគេនៅក្នុងទីក្រុង Las Vegas ហើយក៏ជាកន្លែងសម្រាប់ព្រឹត្តិការណ៍កីឡាប្រដាល់លំដាប់ពិភពលោកផងដែរ។ បើនិយាយជារួមទៅ ក្រុមហ៊ុន MGM បានក្ដោបក្ដាប់អចលនទ្រព្យច្រើនក្នុងទីក្រុង Las Vegas ទាំងផ្នែកកាស៊ីណូ រីសតនិងសណ្ឋាគារ។ យ៉ាងណាមិញថ្មីៗនេះ ក្រុមហ៊ុន MGM ទើបតែបានសម្រេចលក់ Bellagio Resort ទៅឲ្យក្រុមហ៊ុន Blackstone Group នៅក្នុងតម្លៃ ៤,២៥០ លានដុល្លារ (ដោយរក្សាភាគហ៊ុន ៥% នៅក្នុងនោះ) និងសណ្ឋាគារ Circus Circus ទៅឲ្យអ្នកជំនួញអាមេរិច Phil Ruffin ក្នុងតម្លៃ ៨២៥ លានដុល្លារ។ 

ដូចយើងបានដឹងស្រាប់មកហើយថា ទីក្រុង Las Vegas គឺជាឋានសួគ៍នៃបនល្បែងធំបំផុតលើពិភពលោក ជាពិសេសគឺតំបន់ Las Vegas Strip ហើយក្រុមហ៊ុន MGM Resort International មានអចលនទ្រព្យជាច្រើននៅតំបន់នោះ។ ប៉ុន្តែក្រោយពីបានលក់ Bellagio Resort និង Circus Circus ក្រុមហ៊ុន MGM នៅសល់តែអចលនទ្រព្យធំៗចំនួន ២ ប៉ុណ្ណោះ ដោយរាប់រួមបញ្ជូលទាំង MGM Grand។ 

ក្រុមហ៊ុន MGM ចាប់ផ្ដើមទទួលរងសម្ពាធក្រោយពី ការរៀបចំសណ្ដាប់ធ្នាប់នៃការវិនិយោគអចលនទ្រព្យទីក្រុង Las Vegas ដែលបានចាប់ផ្ដើមឡើងពីឆ្នាំ ២០១៦ មក ទើបធ្វើឲ្យក្រុមហ៊ុន MGM មិនមានគម្រោងវិនិយោគកាស៊ីណូបន្ថែមទៀតនោះទេក្នុងទីក្រុងនេះ។ ផ្ទុយទៅវិញ MGM ថែមទាំងត្រូវលក់អចលនទ្រព្យចាស់ៗទៅវិញទៀតផង។ ជាក់ស្ដែងលោក Phil Ruffin សហការជាមួយលោក Donald Trump ធ្លាប់បានទិញយកកាស៊ីណូ Treasure Island ពីក្រុមហ៊ុន MGM កាលពីឆ្នាំ ២០០៩ នៅក្នុងតម្លៃ ៧៤៦ លានដុល្លារ។ ហើយថ្មីៗនេះទើបតែទិញថែមនូវ Circus Circus ដោយប្រាក់សុទ្ធ ៦៦២.៥ លានដុល្លារ (ទឹកប្រាក់ ១៦២.៥ លានដុល្លារបន្ថែមទៀតនឹងចេញជាសែក ដោយបង់ផ្ដាច់នៅឆ្នាំ ២០២៤ ខាងមុខ)។ គូសបញ្ជាក់ថារីសត Circus Circus នេះមានអាយុកាលជាង ៥០ ឆ្នាំមកហើយ មានបុគ្គលិកជាង ២,៣០០ នាក់, រួមបញ្ជូលទាំងឧទ្យានកម្សាន្ដ RV Park ទំហំ ៨.១ ហិចតា, និងឧទ្យានកម្សាន្ដ Festival Ground ទំហំ ១៥ ហិចតាទៀត។  

ចំណែកឯរីសត Bellagio វិញគឺជាអចលនទ្រព្យរីសតកាស៊ីណូធំមួយប្រចាំតំបន់ ដោយមានដៃគូរវិនិយោគពីក្រុមហ៊ុន CityCenter សហកម្មសិទ្ធជាមួយក្រុមហ៊ុន Dubai World ហើយចំណូលពីការជួលប្រចាំឆ្នាំវាទទួលបានជាង ២៥៤ លានដុល្លារឯណោះ។ យ៉ាងណាមិញ អលចនទ្រព្យផ្នែកកាស៊ីណូទាំងនេះរបស់ក្រុមហ៊ុន MGM ចាប់ផ្ដើមថយចុះច្រើនហើយ ប៉ុន្ដែមិនទាំងអស់នោះទេ ដោយសារតែគេមានច្រើននៅក្នុងទីក្រុងម៉ាកាវ, នៅឌូបៃ, និងច្រើនកន្លែងទៀតនៅទ្វីបអាមេរិច។ ម្យ៉ាងទៀតក្រុមហ៊ុន MGM ក៏កំពុងមានទំនាក់ទំនងជាមួយក្រុមហ៊ុនប្រឹក្សាច្បាប់វិនិយោគល្បីៗជាច្រើនផងដែរ ដូចជាក្រុមហ៊ុន Weil, Gotshal & Manges និងក្រុមហ៊ុនប្រឹក្សាហិរញ្ញវត្ថុ PJT Partners និង JPMorgan Chase & Co. ដើម្បីស្វែងរកឱកាសវិនិយោគបន្ថែមទៀត។