មានដឹងអត់ថា ហាងលក់ទំនិញ 7-Eleven ដែលធំជាងគេលើពិភពលោក មានទីតាំងនៅកន្លែងណា?


ប្រិយមិត្តអ្នកអានភាគច្រើន ប្រហែលជាបានស្គាល់ ហាងលក់ទំនិញឈ្មោះ 7-Eleven ដែលមានភាពល្បីល្បាញ ទូទាំងពិភពលោក ជាមួយសេវាកម្មបើកលក់ 24 ម៉ោង ពេញមួយសប្តាហ៍ និងមានទំនិញជាច្រើនប្រភេទហើយ។ បើនិយាយពីប្រវត្តិសង្ខេបខ្លះៗ ទាក់ទងនឹងហាងលក់ទំនិញមួយនេះ បានបង្កើតឡើងដំបូងតាំងពីឆ្នាំ 1927 ដោយ លោក Joe C. Thompson ស្ថិតនៅរដ្ឋ Texas នៃទឹកដីសហរដ្ឋអាមេរិក និងមានការពេញនិយម ខ្លាំងនៅលើទឹកដីសហរដ្ឋអាមេរិក នាពេលសម័យនោះ ដោយការលក់កាហ្វេឆុងស្រាប់ លក់ចំណីអាហារ នំចំណី និងទំនិញប្រើប្រាស់តូចៗ រហូតបានក្លាយជា ហាងលក់ទំនិញ ដ៏ពេញនិយមទូទាំងពិភពលោក នាពេលសព្វថ្ងៃនេះ។

ហាងលក់ទំនិញនេះ ក៏មានការពេញនិយម នៅក្នុងប្រទេសជប៉ុន និងរីកលូតលាស់កាន់តែធំ នៅក្នុងបណ្តាប្រទេសផ្សេងៗ ជាពិសេសប្រទេសថៃ។ ទាំងប្រជាពលរដ្ឋក្នុងតំបន់ និងអ្នកដំណើរ ដែលត្រូវការអាហារ ឬ របស់ប្រើប្រាស់ផ្សេងៗ តែងតែនឹកឃើញហាងនេះមុនគេ។ ដោយសារតែការពេញនិយមច្រើន នៅប្រទេសថៃ នាពេលបច្ចុប្បន្ននេះ ទើបសាខាដែលធំជាងគេបំផុត របស់ 7-Eleven បង្កើតឡើង នៅក្នុងប្រទេសថៃ។ យើងធ្លាប់តែឃើញ ហាងលក់ទំនិញមួយនេះ មានទីតាំងតូចល្មម តាមសាខានីមួយៗ ប៉ុន្តែសាខាដែលធំជាងគេនេះ មានកម្ពស់រហូតដល់ពីរជាន់ ស្ថិតនៅទីក្រុង Pattaya ដែលជាទីក្រុងមួយ មានឆ្នេរសមុទ្រដ៏ស្រស់ស្អាត របស់ប្រទេសថៃ និងមានអ្នកទេសចរជាតិ-អន្តរជាតិ ជាច្រើនតែងតែ ទៅលេងកម្សាន្តនៅទីនោះ។

សម្រាប់ការដេគ័រខាងក្រៅ ហាងទំនិញសាខាធំមួយនេះ មានការរៀបចំស្រលះ មានមកជាមួយរូបទូកដ៏ធំ និងយុថ្ការ តំណាងពីខាងមុខ បញ្ជាក់ពីតំបន់ឆ្នេរសមុទ្រ។ នៅពេលឈានជើង ចូលហាងនេះភ្លាម យើងនឹងឃើញអេក្រង់ LED មួយយ៉ាងធំ បង្ហាញពីទិដ្ឋភាពក្នុងបាតសមុទ្រ និងកន្លែងកម្សាន្តក្នុងតំបន់ Pattaya និងជាន់ខាងក្រោម មានលក់ទំនិញទូទៅ, នៅជាន់ខាងលើ មានកន្លែងសម្រាប់អង្គុយ ចំពោះអតិថិជន ដែលបានទិញភេសជ្ជៈ និងអាហាររួច យកទៅអង្គុយញុំាបាន។ សម្រាប់ភេសជ្ជៈ មានការឆុងហើយស្រាប់ សម្រាប់ប្រភេទត្រជាក់ ដូច្នេះអ្នកគ្រាន់យកកែវក្រដាស់ ដែលគិតប្រាក់តាមទំហំ រួចចុចបង្ហូរភេសជ្ជៈចេញ ពីម៉ាស៊ីន ដោយឡែកសម្រាប់ភេសជ្ជៈ ប្រភេទក្តៅ តម្រូវឲ្យអ្នកហែក កញ្ចប់ឆុងភ្លាមៗ រួចចាក់ទឹកក្តៅចូល ដែលមានស្រាប់នៅទីនោះដូចគ្នា បន្ទាប់យកទៅគិតប្រាក់ ជាការស្រេច។

ដោយសារតែនេះជាសាខា ដែលមានទីតាំងធំជាងក្នុង ចំណោមហាង 7-Eleven ទាំងអស់ ដូច្នេះហាងនេះ មានលក់សម្ភារៈច្រើន ដូចជាវែនតាការពារពន្លឺថ្ងៃ, ឈុតហែលទឹក ឡេការពារកម្តៅថ្ងៃ និងច្រើនទៀត សម្រាប់ការប្រើប្រាស់ចាំបាច់ នៅតំបន់ឆ្នេរសមុទ្របែបនេះ។ នេះពិតជាការងាយស្រួលមែនទែន។ តើមិត្តអ្នកអាន ធ្លាប់បានទៅដល់ សាខាមួយនេះដែរឬទេ? ប្រសិនបើធ្លាប់ សូមជួយទម្លាក់ ខមិននៅខាងក្រោម ពីបទពិសោធន៍ និងអារម្មណ៍របស់អ្នក នៅពេលដែលបាន ទៅដល់ទីនោះដំបូង។ គិតមកដល់ពេលនេះ ហាងលក់ទំនិញនេះ មានរហូតដល់ 78,029 ទីតាំង ទូទាំងពិភពលោក រួមទាំងក្នុងប្រទេសកម្ពុជាយើងផងដែរ។ ចំនួនបុគ្គលិកបម្រើការសរុបមាន 135,332 នាក់។