ស្វែងយល់ខ្លះៗ អំពីប្រាសាទសំបូរព្រៃគុក ក្នុងខួប ២ ឆ្នាំជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក!

នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៧ ក្រោយថ្ងៃខួបគម្រប់ ៩ ឆ្នាំ (០៧ កក្កដា ២០១៨) នៃការដាក់បញ្ជូលប្រាសាទព្រះវិហារ តែមួយថ្ងៃប៉ុណ្ណោះ, នៅប្រទេសកម្ពុជា មានទំព័រប្រវត្តិសាស្ត្រនៃការចងចាំមួយផ្សេងៗទៀត គឺការដាក់បញ្ជូលប្រាសាទសំបូរព្រៃគុក ជាប្រាសាទចំណាស់បំផុតមួយក្នុងប្រទេសកម្ពុជា ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកដែរ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក នៅទីក្រុង Krakow ប្រទេសប៉ូឡូញ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីពាក់ព័ន្ធ បានត្រៀមឯកសារជាច្រើនដើម្បីដាក់ទៅអង្គការយូនេស្ដូ (UNESCO) រយៈពេលជាច្រើនឆ្នាំមកហើយ។

ប្រាសាទសំបូរព្រៃគុក ឬមនុស្សមួយចំនួនតែងសរសេរជាពាក្យបាលីសំស្ក្រឹត «ប្រាសាទសម្បូរព្រៃគុហ៍» ប៉ុន្តែក្រសួងមហាផ្ទៃបានស្នើរឲ្យសរសេរថា សំបូរព្រៃគុក ជៀសវាងភាពច្របូកច្របល់ ព្រោះពាក្យ «គុហា» មានន័យថាគឺជាល្អាង ឬរូងភ្នំធំៗនៅក្នុងព្រៃ ជាកន្លែងសម្រាប់រស់នៅ ឬធ្វើសមាធិកាលពីសម័យបុរាណ ចំណែកឯពាក្យ «គុក» សំដៅទៅលើសំណង់ដែលមានជញ្ជាំងបិទជុំវិញ ដូចជាចង្ក្រានគុក ទីងងឹងឬទីឃុំឃាំងអ្នកមានទោស។ យ៉ាងណាក៏ដោយ ពាក្យ «គុក, គុ, និងគុះ» ក៏សំដៅទៅលើប្រាសាទផងដែរ ឧទាហរណ៍ គុកនគរ, គុកត្រពាំងស្រុក, គុកត្រពាំងស្រុក, និង ព្រះធាតុគុក ជាដើម។ 

បើនិយាយអំពីសំណង់ និងស្ថាបត្យកម្មរបស់ប្រាសាទសំបូរព្រៃគុកវិញ ប្រាសាទមួយនេះមានអាយុកាលចំណាស់ខ្លាំងណាស់ មុនសម័យអង្គរទៅទៀត ដូចនេះរចនាបថភាគច្រើនគឺជារបស់ខ្មែរដើម មិនទទួលឥទ្ធិពលពីឥណ្ឌា និងចិនច្រើនឡើយ បើទោះជារយៈពេលនោះឥទ្ធិពលប្រទេសឥណ្ឌា (Indianization) កំពុងតែហូរចូលមករាជធានីមួយនេះខ្លាំងក៏ដោយ។ ប្រាសាទសំបូរព្រៃគុក ត្រូវបានសាងសង់ឡើងដោយថ្មឥដ្ឋតាន់ និងថ្មបាយក្រៀម ដែលចម្លាក់ធ្វើនៅលើថ្មឥដ្ឋ ចំណែកក្បាច់ផ្ដែរ រួមទាំងប្រអប់ទ្វារ ធ្វើអំពីថ្មភក់ទាំងអស់។ 

ប្រាសាទសំបូរព្រៃគុក ត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលគ្រប់គ្រងដោយព្រះបាទ ឦសានវរ្ម័នទី ១ កាលពីដើមសតវត្សរ៍ទី ៧ ប៉ុន្តែគេពុំអាចបញ្ជាក់អំពីឆ្នាំសាងសង់ច្បាស់លាស់ឡើយ (ចន្លោះពីគ.ស ៦១៦ ទៅ ៦៣៥) ហើយបើធៀបជាមួយប្រាសាទអង្គរវត្ត, ប្រាសាទសំបូរព្រៃគុក មានអាយុកាលចាស់ជាងដល់ទៅជាង ៥០០ ឆ្នាំឯណោះ ដែលកាលណោះ គឺជាសម័យចេនឡា (ចេនឡាទឹកលិច ដែលស្ថិតនៅបែកខាងត្បូង ស្រោបមួយភាគធំនៃប្រទេសកម្ពុជាបច្ចុប្បន្ននេះ រួមទាំងមានបឹងទន្លេសាប នៅក្បែរខេត្តកំពង់ធំនោះផងដែរ) ដែលកំណត់ត្រាប្រវត្តសាស្ត្របុរាណចាប់ផ្ដើមកត់ត្រាបានកាន់តែច្បាស់ឡើងៗ ក្រោយសម័យហ្វូណន។ 

ប្រាសាទសំបូរព្រៃគុក ត្រូវបានសាងសង់ឡើងដើម្បីឧទ្ទិសចំពោះព្រះសីវៈ ឬព្រះឥសូរ ខុសពីប្រាសាទជាច្រើនក្នុងប្រទេសកម្ពុជា ដែលបានឧទ្ទិសដល់ព្រះវិស្ណុ។ ថ្វីបើប្រាសាទនៅកម្ពុជាភាគច្រើនមានទំនោរទៅខាងសាសនាហិណ្ឌូក៏ដោយ ប្រាសាទសាសនាហិណ្ឌូបែងចែកជា ៣ ផ្នែកធំៗគឺឧទ្ទិសដល់ ព្រះព្រហ្ម (Brahma), ព្រះវិស្ណុ (Vishnu), ព្រះសីវៈ ឬព្រះឥសូរ (Shiva) ប៉ុន្តែគេអាចសម្គាល់បានយ៉ាងច្បាស់ តាមការសិក្សាទៅលើសិលាចារឹក នៅលើជញ្ជាំងប្រាសាទទាំងនោះ និងរូបសំណាក ឧទាហរណ៍ជាក់ស្ដែង ប្រសិនបើយើងសង្កេតមើលឃើញព្រះវិស្ណុ មានព្រះហស្ថ (ដៃ) ៤ កាន់ដោយ កងចក្រ, ខ្យងស័ង្ខ, ផ្កាឈូក, និងព្រហស្ថទេទេ តំណាងព្រះទាំង ៤ ដែលមនុស្សមិនអាចរស់នៅបានដោយគ្មានទឹក, ដី, ភ្លើង, និងខ្យល់), ចំណែកឯព្រះសីវៈ វិញគឺមានព្រះនេត (ភ្នែក) ទី ៣ ព្រះហស្ថកាន់លំពែង មានពស់នៅលើស្មារ និងសត្វគោនន្ទិជាយាន្ដជំនិះ (Nandi Bull), រីឯប្រាសាទដែលឧទ្ទិសទៅដល់ព្រះព្រហ្មសុទ្ធសាត គេកម្រឃើញមានក្នុងប្រទេសកម្ពុជាណាស់ ប៉ុន្តែគេសង្កេតឃើញព្រះព្រហ្មនៅលើចម្លាក់ប្រាសាទជាច្រើន។ 

ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅតាមបណ្ដោយស្ទឹងសែន ភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ មានចំងាយជាង ២០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងចំងាយប្រហែល ៣៧ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ ហើយបើតាមការសិក្សាអំពីសិលាចារឹក ជាភាសាសំស្ត្រឹត គេរកឃើញថា តំបន់នេះធ្លាប់ជារាជធានីចាស់មួយ មានឈ្មោះថា «ឥសានបុរៈ» ជាព្រះនាមរបស់ព្រះអង្គផ្ទាល់ និងជាតំបន់ដែលប្រជាជនរស់នៅរាប់ម៉ឺនគ្រួសារ រួមទាំងមានការដឹកនាំរាជធានី ប្រកបដោយការគ្រប់គ្រង ផ្អែកតាមនយោបាយ និងសាសនាច្បាស់លាស់ ទើបព្រះអង្គបានសាងសង់ឡើងនូវប្រាសាទជាច្រើន ក្នុងរជ្ជកាលនោះ ដើម្បីបង្ហាញអំពីភាពរុងរឿងនៃអាណាចក្រមួយ។ 

បន្ទាប់ពីការកាប់ឆ្ការព្រៃស្វែងរក និងរៀបចំសារជាថ្មីនៃតំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ ១៩៨០ គេរកឃើញប្រាសាទចំនួន ១៤០ ប្រាសាទមកហើយ និងមានការសិក្សាស្រាវជ្រាវជាច្រើនអំពីតំបន់នោះ។ ប្រាសាទសំបូរព្រៃគុក ត្រូវបានលោក Henri Parmentier តំណាងសាលាភាសាបាំរាំង EFEO សិក្សានិងបែងចែកតំបន់ប្រាសាទសំបូរព្រៃគុកនេះ ជា ៣ ក្រុមរួមមាន៖ 

• ១ ក្រុមប្រាសាទសំបូរ (ក្រុមខាងជើង) ប្រហែលជាប្រាសាទសាងចាស់ជាងគេស.វ.ទី៧ និងព័ទ្ធជុំវិញដោយប្រាសាទតូចៗ។ 

• ២ ក្រុមប្រាសាទខាងត្បូង ហៅថា ប្រាសាទយាយព័ន្ធ ដែលស្ថិតនៅចំកណ្ដាលនិងហ៊ុំព័ទ្ធដោយប្រាសាទជាច្រើន មានកំពែង ២ ជាន់ ក្នុងនោះមាន តោបុរៈ ចូលទាំង ៤ ទិស ហើយក៏ជាអតីតរាជធានីផងដែរ។ 

• ៣ ក្រុមប្រាសាទកណ្ដាល ហៅថាក្រុមប្រាសាទតោ ប្រាង្គប្រាសាទកណ្តាលមានទ្វារចូលពីទិសខាងជើង ឯទ្វារបើកពីទិសមួយទៀតជាទ្វារបញ្ឆោត។ នៅត្រង់ក្បាលជណ្តើរទាំង ៤ មានរូបតោអង្គុយបញ្ឈរជង្គង់ពីរ ក្នុងទិសនីមួយៗហៅថា ទេវកថា។ នៅភាគខាងលិចនៃប្រាសាទតោ មានក្រុមប្រាសាទតូចៗជាច្រើនទៀត។

• ចំណែកអ្នកស្រាវជ្រាវខ្លះទៀតបែកចែងចេញជា ៤ ក្រុម ដោយមានបន្ថែមក្រុមប្រាសាទក្រោលរមាសមួយទៀត មានទីតាំងនៅខាងជើងប្រាសាទសំបូរព្រៃគុក មានប្រាសាទតូចៗធ្វើអំពីឥដ្ឋ និងខាងលិចមានប្រាសាទមួយធ្វើអំពីថ្មបាយក្រៀម។

បច្ចុប្បន្ននេះ តំបន់ប្រាសាទសំបូរព្រៃគុក បានក្លាយទៅជារមណីយដ្ឋាន ប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលត្រូវបានភ្ញៀវទេសចរណ៍អន្តរជាតិ និងប្រជាជនកម្ពុជាជាច្រើន ជាពិសេសសិស្សានុសិស្សនៅតាមសាលារៀន វិទ្យាល័យ និងអនុវិទ្យាល័យ បានលើកយកមកសិក្សាកាន់តែច្រើនឡើង និងធ្វើទស្សកិច្ចសិក្សាតំបន់ប្រាសាទសំបូរព្រៃគុកនោះ ដើម្បីចែកចាយចំណេះដឹង។ នេះជាសញ្ញាដ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជា ដែលពួកគាត់ចាប់ផ្ដើមស្វែងយល់ និងទទួលយកចំណេះអំពី ប្រវត្តិសាស្ត្រ និងប្រាសាទបុរាណកាន់តែទូលំទូលាយច្រើនឡើង តួយ៉ាងដូចជាតំបន់ប្រាសាទសំបូរព្រៃគុក ដែលទើបតែបានដាក់ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ក្នុងរយៈពេលថ្មីៗនេះអញ្ចឹង ហើយក៏ជាតំបន់ប្រាសាទទី ៣ នៅក្នុងប្រទេសកម្ពុជា ដែលបានចូលជាបេតិកភ័ណ្ឌពិភពលោកផងដែរ បន្ទាប់ពីតំបន់ប្រាសាទអង្គរវត្ត កាលពីឆ្នាំ ១៩៩២ និងតំបន់ប្រាសាទព្រះវិហារ កាលពីឆ្នាំ ២០០៨។