វិស័យសំណង់ កំពុងដើរតួនាទីយ៉ាងសំខាន់ ដែលចាត់ទុកជាសរស្ដម្ភទី៤ នៅក្នុងកំណើនសេដ្ឋកិច្ចជាតិ និងបានក្ដោបយក ផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ១១,៥% គិតត្រឹមឆ្នាំ២០២១។ ក្នុងនោះទុនវិនិយោគ វិស័យសំណង់ កំពុងរីកលូតលាស់ខ្លាំង នៅតាមបណ្ដាលរាជធានី-ខេត្ត ជាពិសេសនៅ ប៉ូលសេដ្ឋកិច្ចធំៗទាំងបី ក្រុងទើបបង្កើតថ្មី និងបណ្ដាតំបន់សេដ្ឋកិច្ច ពិសេសផងដែរ។

គិតចាប់ពីខែមករា-កញ្ញា ឆ្នាំ២០២២ កម្ពុជា បានទាក់ទាញគម្រោងវិនិយោគ វិស័យសំណង់សរុប ជាទឹកប្រាក់ ១,៩ ពាន់លានដុល្លារ ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះបញ្ជី ក្រុមហ៊ុនវិនិយោគចំនួន ១៥៥ ជាមួយនឹងការផ្ដល់សិទ្ធិ អោយវិនិយោគសរុបចំនួន ៣ ១៧៦ គម្រោងទូទាំងប្រទេស ធៀបទៅនឹងឆ្នាំ២០២១ យើងទទួលបាន ៣ ២៦៣ គម្រោង (ក្នុងរយៈពេល ៩ ខែ) មានការថយចុះបន្ដិច ក្រោមឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, កំណើនអតិផរណាសកល, ជំងឺកូវីដ-១៩ រាលដាលនៅប្រទេសចិន មានការបិទខ្ទប់ និងបញ្ហាផ្សេងៗទៀត ដែលពិបាកទាក់ទាញ ទុនវិនិយោគបរទេស។

យ៉ាងណាមិញ កម្ពុជា បានព្យាករណ៍កំណើន វិនិយោគវិស័យសំណង់កើនឡើង ៧,៨% នៅក្នុងឆ្នាំ២០២២ នេះដោយរំពឹង ទាក់ទាញការវិនិយោគខ្ពស់ ក្នុងត្រីមាសទី៤ ក្នុងនោះដែរ សកម្មភាពសាងសង់ កំពុងមមាញឹកខ្លាំង នៅតាមតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តព្រះសីហនុ រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកោះកុង និងខេត្តកំពង់ស្ពឺ។ លើសពីនេះ វិស័យសំណង់ត្រូវបាន ព្យាករណ៍ថាអាចនឹងមាន កំណើនឡើងប្រមាណ ៩,៨% ចាប់ពីឆ្នាំ២០២៣-២០៣១ ក្រោយការអនុវត្ត កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) និងភាពជាដៃគូរសេដ្ឋកិច្ចតំបន់ (RCEP) ជាដើម។

សូមបញ្ជាក់ផងដែរថា គិតចាប់ពីឆ្នាំ២០០០ មកដល់ឆ្នាំ២០២២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាត សាងសង់សរុបជាង ៦ ម៉ឺនគម្រោង ដែលស្មើនឹងទឹកប្រាក់វិនិយោគប្រមាណ ៦៨ ពាន់លានដុល្លារ។