កោះសាមសិបគឺជា សហគមន៍អេកូទេសចរណ៍ នៅលើកោះមួយ ដែលមានសក្ដានុពល ខាងផ្នែកអេកូទេសចរណ៍ និងជាតំបន់ទេសភាព ទន្លេមេគង្គដ៏ស្រស់ស្អាត ស្ថិតក្នុងខេត្តក្រចេះ ដែលសាកសមនឹងទាក់ទាញ ភ្ញៀវទេសចរមកលេងកម្សាន្ត ឲ្យបានកាន់ច្រើន។ កោះសាមសិបនេះ ត្រូវបានគេចាត់ទុកជា ទីឋានដ៏ស្រស់ត្រកាល ប្រៀបដូចឋានសួគ៌លើដីអញ្ចឹង ក៏ប៉ុន្ដែនៅមិនទាន់មាន ភ្ញៀវទេសចរស្គាល់ច្រើនប៉ុន្មានឡើយ។ នៅលើកោះ ក្រៅពីមានធម្មជាតិដ៏ស្រស់ត្រកាល ក៏សម្បូរទៅដោយ សត្វស្លាបច្រើនប្រភេទទៀតផង ជាពិសេសនៅទីនោះ ភ្ញៀវទេសចរ ក៏អាចបោះតង់នៅ លើឆ្នេរខ្សាច់ដ៏សក្បុសផងដែរ។



លើសពីនេះ កោះសាមសិប ក៏ជាតំបន់អាងទឹកដ៏ធំ ដែលសម្បូរទៅដោយកោះរាប់រយ គ្របដណ្តប់ដោយ ព្រៃឈើពណ៌បៃតង ជីវចម្រុះសម្បូរបែប ដូចជាព្រៃលិចទឹក ត្រីមេពូជកម្រជិតផុតពូជ និងប្រភេទសត្វបក្សី ជិតផុតដែលអ្នកអាច ទស្សនាបានផងដែរ។ ទៅទស្សនាសហគមន៍ អេកូទេសចរណ៍កោះសាមសិប គឺមិនត្រឹមតែឲ្យអ្នករីករាយ ជាមួយតំបន់ទេសភាព ទន្លេមេគង្គដ៏ល្អឯកនោះទេ តែវានឹងផ្តល់ឱកាស ឲ្យអ្នកចូលរួមក្នុងការងារអភិវឌ្ឍ និងអភិរក្សធនធានធម្មជាតិ ក្នុងសហគមន៍ផងដែរ។ សហគមន៍អេកូទេសចរណ៍ កោះសាមសិប ត្រូវបានគ្រប់គ្រងដោយ ប្រជាជនក្នុងសហគមន៍ផ្ទាល់ ក្នុងគោលបំណងបង្កើន ប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ ជីវភាពរស់នៅរបស់ពួកគេ និងមួយផ្នែកទៀតនឹង ត្រូវបរិច្ចាគសម្រាប់ ការការពារជីវចម្រុះក្នុងសហគមន៍។



ដោយឡែកសម្រាប់ សកម្មភាពទេសចរណ៍ នៅលើកោះនេះ មានច្រើនរាប់សឹងមិនអស់ ដូចជា៖ ការស្នាក់នៅផ្ទះស្នាក់សហគមន៍, បោះជំរុំតង់លើកោះឆ្នេរខ្សាច់ សក្បុសតាមដងទន្លេ, ជិះកង់ទៅមើលសត្វស្លាប, ដំណើរកំសាន្តតាមទូក គយគន់ទេសភាពព្រៃលិចទឹក និងថ្ងៃលិចដ៏ស្រស់ស្អាត, ស្វែងយល់ពីវប្បធម៌ ជនជាតិដើមភាគតិច, នេសាទត្រីលក្ខណៈប្រពៃណី ប្រចាំថ្ងៃជាមួយសហគមន៍, រាវចាក់ច្រែង និងជីកចង្រឹងដូងខ្សាច់ និងចម្អិនផ្ទាល់, ដើរកំសាន្តក្នុងព្រៃ សហគមន៍ព្រៃឈើ និងព្រៃលើកោះរងាវ។



ដូច្នេះសម្រាប់ប្រិយមិត្ដ ដែលមានបំណង់ចង់ទៅ កម្សាន្ដនៅសហគមន៍ទេសចរណ៍ ដ៏ស្រស់ត្រកាលនេះ ប្រិយមិត្ដអាចធ្វើដំណើរ តាមរយៈរថយន្ត ម៉ូតូ ឬកង់បាន ដោយសហគមន៍នេះ មានចម្ងាយប្រមាណ ៩៥គីឡូម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ ៧ ពីទីរួមខេត្តក្រចេះ ទៅខេត្តស្ទឹងត្រែង និងចម្ងាយប្រមាណ ៦៥គីឡូម៉ែត្រ ពីទីរួមខេត្តស្ទឹងត្រែងទៅខេត្តក្រចេះ និង ៣៥០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។