វិធីសាស្រ្ត 10 យ៉ាងដែលអ្នកអាចយកមកប្រើបាន ក្នុងការដោះស្រាយទៅលើមនុស្សក្រអឺតក្រទម (ឈ្លើយ)

នៅក្នុងសង្គមមួយតែងតែមានការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក មិនថាការសិក្សា ការងារ ឬការជួយទុក្ខធុរៈគ្នានោះឡើយ។ មានមនុស្សជាច្រើនប្រភេទខុសៗគ្នា ដែលអ្នកត្រូវតែជួប និងប្រឈមជាមួយនៅក្នុងការរស់នៅរបស់អ្នក មិនអាចជៀសផុតឡើយ។ បើសិនជាពួកគាត់ជាមនុស្សល្អ មានបទពិសោធន៍ច្រើន និងការអប់រំខ្ពស់នោះ វាជារឿងល្អ ព្រោះអ្នកក៏អាចរៀនសូត្រពីពួកគាត់បានច្រើនដែរ ប៉ុន្តែបើសិនជាអ្នកជួបមនុស្សដែលមានចរិតមិនល្អ ក្រអឺតក្រទម ឬអាចនិយាយសាមញ្ញថាជាមនុស្សឈ្លើយ តើអ្នកនឹងបង្ហាញអកប្បកិរិយាតបតរ ទៅវិញយ៉ាងណា ហើយអ្នកនឹងដោះស្រាយជាមួយនឹងមនុស្សប្រទេសនេះ យ៉ាងម៉េចទៅវិញ?

 

វាមិនមែនជារឿងស្រួលឡើយ បើសិនជាអ្នកនឹងត្រូវធ្វើការ ឬជួបជាមួយនឹងមនុស្សដែលមានចរិតមិនល្អ ហើយបើសិនជាទង្វើរបស់អ្នកជាមួយពួកគាត់ មិនបានត្រឹមត្រូវនោះ អ្នកអាចនឹងជួបបញ្ហាបាន។ នៅក្នុងអត្ថបទនេះ អ្នកនឹងបានឃើញ ហើយយល់ដឹងបន្ថែមពីវិធីសាស្ត្រមួយចំនួននៃការដោះស្រាយ ក្នុងការប្រឈមជាមួយនឹងមនុស្សដែលមានចរិតមិនល្អ ហើយវាជាអ្វីដែលបុគ្គលឆ្លាតវៃតែងតែធ្វើៈ

1. ទទួលស្គាល់ថា ភាពឈ្លើយ ក្រអឺតក្រទម នេះមិនមែនជារឿងថ្មីទេ

 

 

អ្នកត្រូវចេះ សម្គាល់ពីចរិតរបស់មនុស្សទាំងនេះ ថាតើពួកគេ នឹងបញ្ចេញអាកប្បកិរិយាមិនគប្បីបែបណាខ្លះ? ទង្វើក្រអឺតក្រទមរបស់ពួកគេ តែងតែបង្ហាញពីផលអវិជ្ជមាន ដូចនេះអ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង មើលរំលង កុំខ្វល់ ពីទង្វើរបស់ពួកគេ ទោះបីជាគេបង្ហាញវាមកអ្នក ឬអ្នកដទៃក៏ដោយ។ បើសិនជាអ្នកប្រតិកម្ម វានឹងផ្តល់ផលអវិជ្ជមានដល់អ្នក។ គ្រាន់តែគិតថា ទង្វើទាំងនោះ មិនមែនជារឿងថ្មីទេ!!

 

2. បញ្ឈប់គំនិតអវិជ្ជមាន និងការរិះគន់

 

ប្រសិនបើអ្នកតែងតែងាយប្រតិកម្ម និងងាយប៉ះទង្គិចអារម្មណ៍ច្រើន សូមព្យាយាមគិតពីប្រយោជន៍ និងចំណុចវិជ្ជមាន ជាជាងផ្នែកអវិជ្ជមាន។ អ្នកត្រូវប្រមូលអារម្មណ៍មកធ្វើ ការពិចារណាឲ្យបានល្អិតល្អន់ និងត្រឹមត្រូវជាទីបំផុត។ វិភាគពីមូលហេតុដែលបណ្តាលឲ្យកើតមានបញ្ហា វិភាគពីហេតុផល និងចៀសវាងការជឿសម្តីអ្នកដទៃហួសហេតុពេក។ អ្នកមានឥទ្ធិពលសម្រាប់ខ្លួនអ្នក ក្នុងការបញ្ឈប់អារម្មណ៍ និងការគិតមិនល្អ ហើយតបតរជាមួយនឹងមនុស្សបែបនោះ ជាមួយនឹងភាសាសមរម្យ និងអំពើល្អ។

 

3. កុំទុករឿងមិនល្អ របស់ពួកគេក្នុងចិត្ត 

 

អ្នកអាចដឹងហើយ ថាមនុស្សមួយណាដែលអ្នកស្គាល់ជាមនុស្ស ដែលមានចរិតមិនល្អ តែងតែបង្ហាញអាកប្បកិរិយាក្រអឺតក្រទម ឬពេលខ្លះពួកគេ អាចនឹងត្រូវទទួលការពិន័យ តាមទង្វើដែលពួកគេបានធ្វើ។ មនុស្សតែងតែមានថ្ងៃអាក្រក់ និងមានបញ្ហាក្នុងការបញ្ជាខ្លួនឯង ដូចនេះអ្នកគប្បីកុំគិតពីទង្វើរបស់ពួកគេ ដែលធ្លាប់ធ្វើមកកាន់អ្នកពេក អ្នកអាចគិតពីហេតុផលអ្វីដែលធ្វើឲ្យមនុស្សទាំងនោះ ទៅជាមនុស្សប្រភេទនេះ? កុំបណ្តាលឲ្យចំណុចអវិជ្ជមាន ប៉ះពាល់ផ្លូវអារម្មណ៍របស់អ្នកច្រើនពេក។

 

4. ឆ្លើយតប ទៅនឹងភាពក្រអឺតក្រទម ដោយទង្វើល្អ

 

ចូលរួមដោះស្រាយបញ្ហារបស់ពួកគេ ទោះបីជាពួកគេបង្ហាញអាកប្បកិរិយាឈ្លើយមកកាន់អ្នក។ បើអ្នកធ្វើបាន គេនឹងចងចាំអ្នកថា អ្នកគឺជាមនុស្សដែលគួរឲ្យទុកចិត្ត ហើយក៏ចិត្តល្អជាទីបំផុតដែរ។ ទង្វើរបស់អ្នក នឹងធ្វើឲ្យអារម្មណ៍របស់ពួកគេស្ងប់ និងអាចផ្លាស់ប្តូរសកម្មភាពមិនល្អរបស់ពួកគេមកកាន់អ្នកបាន។

 

5. ប្រើភាពរួសរាយ និងការនិយាយលេងសើច

 

 

អ្នកត្រូវចាំថា មនុស្សក្រអឺតក្រទមទាំងនោះ ពេលខ្លះពួកគេមិនមានអកប្បកិរិយាបែបនេះ គ្រប់ពេលទេ។ ពេលខ្លះពួកគេអាចនឹងជួបបញ្ហាផ្សេងៗ ដែលប៉ះពាល់ផ្លូវអារម្មណ៍ខ្លាំង មានអារម្មណ៍តានតឹងខ្លាំង មិនអាចទម្លាយអារម្មណ៍ទាំងនោះបាន ទើបសកម្មភាពរបស់ពួកគេ អាចនឹងពិបាកទទួលយកបាន។ បើសិនជាអ្នករួសរាយ អាចនាំពួកគេនិយាយលេងបានច្រើន ធ្វើឲ្យពួកគេសើចបានច្រើននោះ គេអាចនឹងមានអារម្មណ៍ធូរស្បើយច្រើន។

 

6. ប្រាប់ពួកគេត្រង់ពីទង្វើមិនល្អរបស់ពួកគេ ដែលប៉ះពាល់ដល់អ្នក និងមនុស្សនៅជុំវិញខ្លួន

 

ដូចបានដឹងពីផ្នែកខាងលើហើយ ពេលខ្លះ អាចនឹងនិយាយបានថា ពួកគេបញ្ចេញចរិត និងទង្វើមិនល្អដោយអចេតនា មិនបានព្រាងទុកអ្វីឡើយ។ អ្នកអាចហៅពួកគេ មកនិយាយផ្ទាល់ត្រង់ៗបាន ថាគេកំពុងតែធ្វើខុសត្រង់ចំណុចនេះ ចំណុចនោះ….. ដែលវាពិតជាប៉ះពាល់ដល់អ្នក និងមនុស្សនៅជុំវិញខ្លួន ហើយជាទង្វើមួយជ្រុល ដែលមិនអាចទទួលយកបាន។ ពន្យល់ណែនាំ និងប្រាប់គេត្រង់ពីអ្វីដែលអ្នកចង់បាន ប៉ុន្តែត្រូវប្រាកដចិត្តថា អ្នកនិយាយជាមួយពួកគេជាមួយនឹងភាសាសមរម្យ ប្រើពាក្យសម្តីទន់ភ្លន់ និងពន្យល់ដោយមានហេតុផលបញ្ជាក់ ជៀសវាងបង្កើនបញ្ហាបន្ថែមទៀត។

 

7. កុំតបតរ

 

ទោះបីជាមនុស្សទាំងនោះ ពេលខ្លះរំខានអ្នកយ៉ាងណាក៏ដោយ អ្នកត្រូវរក្សាជំហ៊ាន និងគ្រប់គ្រងខ្លួនឯងឲ្យបានល្អ មិនត្រូវតបតរជាមួយពួកគេវិញ ដោយទង្វើអវិជ្ជមាននេះឡើយ។ វាកាន់តែបង្កបញ្ហាធំឡើងៗ និងមនុស្សផ្សេងទៀត អាចចាត់ទុកអ្នកជាមនុស្សប្រភេទដូចពួកគេដែរ បើសិនជាអ្នកតបតរជាមួយពួកគេ។ អ្នកចាំបាច់ត្រូវគ្រប់គ្រងខ្លួនឯង និងរកដំណោះស្រាយដោយសន្តិវិធី។

 

8. បង្ហាញការយល់ចិត្ត ការលើកទឹកចិត្ត និងការជ្រោមជ្រែង

 

ផ្នែកនេះ ជាដំណោះស្រាយក្នុងការជួយពួកគេកែទម្លាប់ និងអាកប្បកិរិយាអាក្រក់របស់ពួកគេចោល។ អ្នកត្រូវចូលទៅឲ្យកៀកមនុស្សនោះ ឲ្យគេទុកចិត្ត និងអាចប្រាប់ពីបញ្ហា ឬស្ថានភាពដែលគេកំពុងតែជួបប្រទះដល់អ្នក។ ពេលនោះ អ្នកអាចនឹងជួយគេ ក្នុងការដោះស្រាយបញ្ហា ការផ្តល់យោបល់ លើកទឹកចិត្ត និងជ្រោមជ្រែងគេ ដោះស្រាយបញ្ហារបស់គេបានដោយជោគជ័យ។ បន្ទាប់ពីនេះមក គេនឹងលែងជាមនុស្សឈ្លើយដាក់អ្នក ឬមនុស្សជុំវិញខ្លួនទៀតហើយ។

 

9. ធ្វើខ្លួនជាគម្រូដល់ពួកគេ

 

នេះជាប្រភេទនៃការជួយ ដល់ពួកគេដែលអាចឲ្យគេ មានការតាំងចិត្តខ្ពស់។ អ្នកអាចប្រាប់ពីបញ្ហាដែលអ្នកធ្លាប់បានជួបប្រទះ និងប្រាប់គេពីដំណោះស្រាយដែលអ្នកប្រើ ទៅលើបញ្ហាមួយនោះ។ គេនឹងយកអ្នកធ្វើជាគម្រូ និងកាន់តែមានអារម្មណ៍ច្បាស់លាស់ និងមានជំនឿលើខ្លួនឯង។

 

10. រក្សាគំលាតខ្លួនឯងឲ្យបានឆ្ងាយពី មនុស្សដែលមានចរិតក្រអឺតក្រទម

 

នៅពេលដែលអ្នកប្រឹងជួយគេហើយ ប៉ុន្តែគ្រប់យ៉ាងមិនទទួលបានជោគជ័យទេនោះ អ្នកត្រូវនៅឆ្ងាយពីពួកគេ ព្រោះគេនឹងមិនស្តាប់អ្នកឡើយ គេមិនអាចកែបានទេ ព្រមទាំងគេអាចនឹងផ្តល់គ្រោះថ្នាក់ និងជះឥទ្ធិពលដល់អ្នកទៅថ្ងៃក្រោយ។ ដូចនេះចៀសបាន ត្រូវនៅឲ្យឆ្ងាយពីពួកគេ។

 

សរុបមកវិញ អ្នកទាំងអស់អាចអនុវត្តតាមវិធីសាស្ត្រទាំង 10 ដែលបុគ្គលជោគជ័យមួយចំនួនតែងតែប្រើវា ជាមួយនឹងមនុស្សចរិតមិនល្អ និងអាចដោះស្រាយជាមួយពួកគេបានដោយសន្តិវិធី។ ប៉ុន្តែអ្វីដែលសំខាន់ អ្នកត្រូវចេះគ្រប់គ្រងខ្លួនឯងឲ្យបានល្អ ហើយបើគិតថាអ្នកមិនអាចបញ្ឈប់ពួកគេបានទេនោះ អ្នកចាំបាច់ត្រូវនៅឲ្យឆ្ងាយពីមនុស្សទាំងនោះ។

 

ប្រភពមកពីhttps://www.entrepreneur.com/article/336846?fbclid=IwAR1Ndh-AoFDk9ajAsWQuSSqPUunVa1Sm5O5tbwbjapTYpGQiRYXtlsmhg0c