ទំហំពាណិជ្ជកម្មពហុភាគី រវាងកម្ពុជា ជាមួយប្រទេសមាជិក នៃកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) កាលពីឆ្នាំ២០២២ បានកើនដល់ ៣១ ពាន់លានដុល្លារ កើនឡើង ៤% ធៀបទៅឆ្នាំ២០២១ ដោយក្នុងនោះ ការនាំចេញទំនិញរបស់កម្ពុជា សម្រេចបានសរុបជាទឹកប្រាក់ ៦,៤៣ ពាន់លានដុល្លារ ដែលបរិមាណនេះ បានកើនឡើងប្រមាណ ៧% ធៀបទៅឆ្នាំ២០២១ ខណៈការនាំចូលមកវិញ មានចំនួនទឹកប្រាក់ ២៤,៦៨ ពាន់លានដុល្លារ កើនឡើង ៣% ផងដែរ។

យោងតាមរបាយការណ៍ ពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ប្រទេសដែលជាដៃគូពាណិជ្ជកម្ម ធំៗបំផុតរបស់កម្ពុជា ក្នុងសមាជិកនៃកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) មានដូចជា៖ ប្រទេសចិន វៀតណាម ថៃ សិង្ហបុរី និងជប៉ុន សុទ្ធសឹងតែជាប្រទេស មានទំហំសេដ្ឋកិច្ចធំ ថែមទាំងទីផ្សារសំខាន់ នៃផលិតកម្ម ក្នុងប្រទេសកម្ពុជាផងដែរ ទាំងកសិកម្ម និងឧស្សាហកម្ម។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ចកម្ម បានបញ្ជាក់ថា កំណើនឡើងនៃការនាំចេញ ទៅកាន់ប្រទេសសមាជិក RCEP គឺជាសញ្ញាវិជ្ជមាន នៃកំណើនសេដ្ឋកិច្ចកម្ពុជា ត្បិតប្រទេសកម្ពុជា ចាត់ទុកជាខ្សែសង្វាក់ផ្គត់ផ្គង់មួយ នៅលើពិភពលោក ជាពិសេសទៅលើទំនិញ សម្លៀកបំពាក់ ស្បែកជើង គ្រឿងអេឡិចត្រូនិច គ្រឿងបង្គុំអគ្គិសនី និងផលិតផលកសិកម្ម ជាច្រើនប្រភេទទៀត។ លើសពីនេះ ទិសដៅរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាជំរុញ ការនាំចេញទៅកាន់ បណ្ដាប្រទេសសមាជិក RCEP ស្វែងរកឱកាសទីផ្សារថ្មីៗ សម្រាប់បង្កើនឱកាសការងារ និងប្រាក់ចំណូលដល់ ប្រជាពលរដ្ឋក្នុងស្រុក។

សូមបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ RCEP មានប្រទេសសមាជិកចំនួន ១៥ ដែលមានប្រទេសអាស៊ាន ១០ ប្រទេស បូកជាមួយ ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែហ្សេឡង់។ កិច្ចព្រមព្រៀងនេះ ត្រូវបានចូលជាធរមាន នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ មានរយៈពេល ១ ឆ្នាំមកហើយ។

RCEP ត្រូវបានគេចាត់ទុកជាប្លុកពាណិជ្ជកម្មធំជាងគេបង្អស់នៅលើពិភពលោក ដែលបានក្ដោបយកអត្រាផលិតផលក្នុងស្រុក (GDP) សរុបជាង ៣០% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក ឬប្រហែល ២៦ ទ្រីលានដុល្លារ និងទំហំនៃពាណិជ្ជកម្មពាណិជ្ជកម្មប្រមាណ ២៨% នៃពិភពលោក។