អគារមន្ទីរពេទ្យរដ្ឋដ៏ទំនើបបំផុត “អគារតេជោអភិវឌ្ឍន៍” នៃមន្ទីរពេទ្យកាល់ម៉ែត តម្លៃជាង ៧០ លានដុល្លារ ត្រូវបានបើកដំណើរការជាផ្លូវការ!


រាជធានីភ្នំពេញ៖ អគាររដ្ឋពហុបំណងថ្មី ដែលមានឈ្មោះថា “អគារតេជោអភិវឌ្ឍន៍” នៃមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការហើយ កាលពីពេលថ្មីៗនេហ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

បើតាមការថ្លែង ក្នុងពិធីសម្ពោធជាផ្លូវការ នៅថ្ងៃ ២៣ ឧសភា ថ្មីៗនេះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា គម្រោងសាងសង់អគារទាំងមូល និងបំពាក់ឧបករណ៍ សម្ភារៈមានតម្លៃជាទឹកប្រាក់សរុប ៧០.៣៣១.៨១១,១១ដុល្លារ ដែលជាការឧបត្ថម្ភពី សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសប្បុរសជននានា នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ក្រោមពាក្យស្លោកថា «បរិច្ចាគដើម្បីជីវិតមនុស្ស»។

ជាមួយគ្នានេះដែរ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានបន្ថែមថា អគារតេជោអភិវឌ្ឍន៍ សាងសង់អំពីបេតុងអាម៉េ លាតសន្ធឹងតាមបណ្ដោយ មហាវិថីព្រះមុនីវង្ស ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានបណ្តោយប្រវែង ១៥៣ម៉ែត្រ ទទឹងប្រវែង ២២,៥ម៉ែត្រ មានកម្ពស់ ១២ជាន់ និងក្រោមដី ២ជាន់ ផ្ទៃក្រឡាសរុប ៤៨ ១៩៥ ម៉ែត្រក្រឡា ដោយសាងសង់ស្របតាម ប្រព័ន្ធស្តង់ដារមន្ទីរពេទ្យអន្តរជាតិ (បទដ្ឋានបច្ចេកទេសរបស់បារាំង) មានគ្រែសម្រាកព្យាបាល សរុបចំនួន ៤២៦គ្រែ។

គួរបញ្ជាក់ថាឲ្យដឹងដែរថា អគារតេជោអភិវឌ្ឍន៍នេះ អាចផ្តល់សេវាសុខាភិបាល ជូនអ្នកជំងឺប្រមាណ ២៥ម៉ឺននាក់ក្នុង១ឆ្នាំ។ អគារតេជោអភិវឌ្ឍន៍នេះ ក៏នឹងក្លាយជាមជ្ឈមណ្ឌល បណ្តុះបណ្តាលដល់ និស្សិតសម្រាប់ធ្វើការសិក្សា និងស្រាវជ្រាវផ្នែកវិជ្ជសាស្រ្ត តាមប្រព័ន្ធឌីជិថលដ៏ទំនើប ឈានមុខគេក្នុងប្រទេស បានថែមទៀតផង។

គួររម្លឹកផងដែរថា គម្រោងអគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០៨ មីនា ឆ្នាំ២០១៨ កន្លងមកទៅ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។