ផ្សារទំនើប Makro នឹងពង្រីកសាខារបស់ខ្លួនចំនួន ៣ ទីតាំងបន្ថែមទៀត នៅកម្ពុជា នាពេលខាងមុខនេះ!


បើយោងតាម ក្រុមហ៊ុនលក់រាយខ្នាតយក្សរបស់ថៃ Siam Makro ដែលមានទីតាំងនៅទីក្រុងបាងកក បានធ្វើការទម្លាញពីគម្រោងរបស់ខ្លួន ប្រាប់កាសែត Krungthep Turakij កាលពីថ្ងៃទី ១៦ មិថុនា នេះថា ក្រុមហ៊ុន គ្រោងបង្កើនចំនួនផ្សារទំនើប Makro របស់ខ្លួនឲ្យបានទ្វេដងនៅកម្ពុជា ក្នុងរយៈពេល៣ឆ្នាំខាងមុខ ខណៈតម្រូវការផលិតផល ប្រើប្រាស់របស់ថៃ កើនឡើងជាលំដាប់ ក្នុងចំណោមអ្នកប្រើប្រាស់នៅកម្ពុជា។

គូសសម្គាល់ដែរថា បច្ចុប្បន្នក្រុមហ៊ុន Siam Makro មានផ្សារទំនើប Makro ចំនួន ៣ទីតាំងនៅកម្ពុជា៖ មាន ១ទីតាំងនៅក្រុងសៀមរាប និង ២ទីតាំងទៀតនៅរាជធានីភ្នំពេញ នៅក្នុងខណ្ឌសែនសុខ និងខណ្ឌជ្រោយចង្វារ។ សម្រាប់គម្រោងអនាគតរបស់ខ្លួន គឺនឹងបង្កើតបន្ថែម ៣ ផ្សារទៀត លើបីទីតាំងនៅក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំ ២០២៦ ដែលធ្វើឲ្យចំនួនផ្សារសរុប នឹងកើនឡើងដល់ ៦ទីតាំង។

ដោយឡែក ក្រុមហ៊ុន Siam Makro ដដែលនេះ ក៏មានបំណងក្លាយជា ក្រុមហ៊ុនឈានមុខគេ ក្នុងទីផ្សារលក់រាយក្នុងប្រទេសចំនួន ៣ផ្សេងទៀតផងដែរ រួមមានប្រទេសមីយ៉ាន់ម៉ា ចិន និងឥណ្ឌា។ ក្រុមហ៊ុននិយាយឲ្យដឹងថា ផែនការពង្រីករបស់ខ្លួន កាន់តែមានសន្ទុះខ្លាំងក្លា នៅពេលឧស្សាហកម្មទេសចរណ៍ ក្នុងតំបន់បានងើបឡើងវិញពីវិបត្តិកូវីដ-១៩។

ក្រុមហ៊ុននេះ បាននិយាយបន្តថា ការពង្រីកវត្តមានរបស់ខ្លួននៅកម្ពុជា បានដំណើរការយ៉ាងរលូន ដោយសារទីតាំងងាយស្រួលចូល ទៅកាន់ផ្សារទំនើបរបស់ខ្លួន ការឌីហ្សាញទាក់ទាញ និងសេវាកម្មដែលបំពេញ បានតាមតម្រូវការ របស់អ្នកប្រើប្រាស់ក្នុងស្រុក។

ផ្សារដ៏ធំនេះ ផ្តោតលើការនាំយកអាហារស្រស់ ពីសហគ្រាសធុនតូច និងមធ្យម (SMEs) របស់ថៃ ចំនួនជាង ៣០០ ចូលមកកម្ពុជា ខណៈជួយដល់សហគ្រាសផលិត នូវផលិតផលកសិកម្មក្នុងស្រុកផងដែរ។ ក្រុមហ៊ុននិយាយទៀតថា ខ្លួនបានផ្ដល់ការងារចំនួន ៩០% នៃកម្លាំងការងារ សរុបរបស់ខ្លួននៅកម្ពុជា ដល់ពលរដ្ឋខ្មែរ។

គួររម្លឹកដែរថា ដើម្បីជាការផ្សព្វផ្សាយ ផលិតផលថៃនៅកម្ពុជាទៀតសោត ក្រុមហ៊ុន Siam Makro ក៏កំពុងសហការជាមួយនាយកដ្ឋានផ្សព្វផ្សាយ ពាណិជ្ជកម្មអន្តរជាតិដើម្បីរៀបចំ “ពិព័រណ៍ចំណីអាហារ និងភេសជ្ជៈថៃ ឆ្នាំ២០២៣”។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើងរយៈពេល ៥ឆ្នាំ ជាប់គ្នានៅគ្រប់ផ្សារទំនើបរបស់ខ្លួន៕