កំពង់ស្ពឺ៖ បើយោងតាមជំនួបរវាង អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង និងប្រតិភូខេត្តហឺណាន របស់ប្រទេសចិន បានឲ្យដឹងថា ក្រុមវិនិយោគិនខេត្តហឺណាន បានចុះសិក្សាស្រាវជ្រាវពី សក្តានុពលវិនិយោគក្នុងវិស័យធំៗចំនួនបី នៅក្នុងខេត្តកំពង់ស្ពឺ។

អនុប្រធានសភាពាណិជ្ជកម្មចិន នៅក្រៅប្រទេសនិងជា ប្រធានប្រតិបត្តិនៃសភាពាណិជ្ជកម្មចិន ក្រៅប្រទេស ខេត្តហឺណាន លោក Wang Guangguo បានឲ្យថាខេត្តហឺណាន គឺជាខេត្តមួយដែលមានប្រជាជនច្រើន តែផ្ទៃដីតូចនិងប្រកបរបរកសិកម្ម កសិឧស្សាហកម្ម និងឧស្សាហកម្ម ដូចនិងខេត្តកំពង់ស្ពឺដែរ ដែលមានប្រជាជនពឹងផ្អែកលើ ផ្អែកកសិកម្មច្រើន ទាំងការដាំដុះដំណាំ និងការចិញ្ចឹមសត្វ ហើយខេត្តហឺណានក៏មានអ្នកជំនួញ ដល់ទៅជាងមួយលាននាក់ និងច្រើនសមាគម។ ដោយសារតែវិស័យទាំងបីនេះមានការរីកចម្រើនខ្លាំង ទើបអ្នកជំនួញទាំងអស់ មានបំណងចង់បង្កើត ការវិនិយោគមួយនៅក្នុងខេត្តកំពង់ស្ពឺ លើផ្ទៃដីរួមគឺកសិកម្ម កសិឧស្សាហកម្មនិងឧស្សាហកម្ម។

ជាមួយគ្នានេះដែរ អភិបាលខេត្តកំពង់ស្ពឺ ក៏បានបញ្ជាក់ផងដែរថា ក្រោយជំនួបនេះប្រតិភូខេត្តហឺណាន បានកំណត់រួចហើយថា នឹងយកខេត្តកំពង់ស្ពឺ ធ្វើជាខេត្តគោលដៅចម្បង សម្រាប់វិនិយោគលើវិស័យទាំងបីនេះ រួមមានវិស័យកសិកម្ម កសិឧស្សាហកម្ម និងឧស្សាហកម្ម។ ក្នុងនោះអ្នកវិនិយោគនៃខេត្តហឺណាន បានរំពឹងរួចហើយដែរថា នឹងធ្វើការដាំបន្លែ ចិញ្ចឹមសត្វដើម្បីនាំចេញទៅលក់ នៅក្នុងប្រទេសចិន និងពិភពលោកទាំងមូល។

បន្ថែមពីនេះ ឯកឧត្តម អភិបាលខេត្ត បានរំពឹងទុកផងដែរថា នៅពេលដែលអ្នកវិនិយោគ របស់ខេត្តហឺណាន បោះទុននៅក្នុងខេត្តកំពង់ស្ពឺ នោះជាឱកាសការងារថ្មី មួយបន្ថែមទៀត ដែលអាចស្រូបទាញយក កម្លាំងពលកម្មរាប់ម៉ឺននាក់ បន្ថែមទៀតនៅពេលអនាគត ស្របពេលដែលប្រទេសជាតិ កំពុងមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ៕
