ស្ពានអាកាសព្រះមុនីវង្ស ដំណើរការសាងសង់បាន ២៥%


គម្រោងសាងសង់ស្ពានអាកាសព្រះមុនីវង្ស ដែលជាចំណុចប្រសព្វ នៃមហាវិថីធំៗចំនួន ៣ ផ្លូវជាតិចំនួន ២ និងមានចរាចរណ៍ ដ៏មមាញឹកបំផុតមួយនៅ រាជធានីភ្នំពេញ ពេលនេះសម្រេច ការងារសាងសង់បានប្រមាណ ២៥% ក្រោយបានបើក ការដ្ឋានសាងសង់រយៈពេល ១ ឆ្នាំ ដោយក្នុងនោះ ការបណ្ដុះសសរគ្រឹះស្ពាន កំពុងចេញរូបរាងជាបណ្ដើរៗហើយ ខណៈដែលគ្រឿងចក្រធំៗ នៅបន្ដការងារខួងគ្រឹះ និងចាក់បេតុង បង្គោលស្ពានបន្ថែមទៀត។

ស្ពានអាកាសព្រះមុនីវង្ស ជាស្ពានអាកាស ២ ជាន់ដំបូងនៅកម្ពុជា ដើម្បីភ្ជាប់ទៅទិសដៅ ចរាចរណ៍នៃមហាវិថី និងផ្លូវជាតិសំខាន់ៗ ហើយក៏ស្ថិតនៅក្នុង តំបន់អភិវឌ្ឍន៍ដ៏ធំមួយ នៅភាគខាងត្បូងរាជធានីភ្នំពេញ ដែលមានលំនៅដ្ឋាន ប្រជាជនរស់នៅ និងការធ្វើដំណើរ ដ៏មមាញឹកបំផុតមួយផងដែរ។ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ពានអាកាសនេះ ត្រូវការចាក់គ្រឹះសរុបចំនួន ២១៩ ដើម ដោយជំហ៊ានដំបូង ក្រុមហ៊ុនសាងសង់ បានចាក់គ្រឹះបង្គោលស្ពាន លើបណ្ដោយមហាវិថី សម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ជំហ៊ានបន្ទាប់គឺចាក់គ្រឹះ បង្គោលស្ពានលើ មហាវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវ ២៧១)។

លក្ខណៈបច្ចេកទេស ស្ពានអាកាសព្រះមុនីវង្សនេះ មានដូចខាងក្រោម៖

១. ផ្លូវផ្ទាល់ដី៖ ជារង្វង់មូលសម្រាប់ចរាចរណ៍ឯកទិស ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងមហាវិថីកងយោធពលខេមរភូមិន្ទ ស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។

២. ស្ពានអាកាសជាន់ទី១៖ ជាស្ពានរង្វង់មូល សម្រាប់ចរាចរណ៍ឯកទិស ពីមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីកងយោធពលខេមរភូមិន្ទ ស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។

៣. ស្ពានអាកាសជាន់ទី២៖ ជាស្ពានអាកាសទ្វេទិស តភ្ជាប់ទៅមក រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។

ស្ពានអាកាសព្រះមុនីវង្ស ត្រូវបានបើកការដ្ឋាន សាងសង់នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២ ដោយគ្រោងនឹងបញ្ចប់ នៅក្នុងខែសីហា ឆ្នាំ២០២៥ ហើយគម្រោងនេះ ត្រូវបានវិនិយោគដោយ ក្រុមហ៊ុន OCIC គ្រោងចំណាយថវិកាប្រមាណ ៣៦ ៧៧៥ ០០០ ដុល្លារ។

សូមបញ្ជាក់ផងដែរថា គិតមកទល់ពេលនេះ រាជធានីភ្នំពេញ មានស្ពានអាកាសចំនួន ១១ បានដាក់ប្រើប្រាស់ជាផ្លូវការ មានដូចជា៖ ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស ៧ មករា, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាស ៥ មករា, ស្ពានអាកាសទឹកថ្លា, ស្ពានអាកាសចោមចៅ, ស្ពានអាកាសឫស្សីកែវ, ស្ពានអាកាសផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, និងស្ពានអាកាសផ្លូវក្រវាត់ក្រុងទី៣ ដែលឆ្លងកាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ២។ ចំណែកស្ពានអាកាស ២ ទៀតកំពុងសាងសង់ គឺស្ពានអាកាសក្បាលថ្នល់ និងស្ពានអាកាសផ្លូវ ២០០៤។