ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways នឹងតភ្ជាប់ជើងហោះហើរត្រង់របស់ខ្លួន មកកាន់រាជធានីភ្នំពេញវិញ នៅចុងខែតុលានេះ


បើយោងតាមប្រភពពី សារពត៌មានឡាវ Laotian Times ដែលបានចុះផ្សាយកាលពីថ្ងៃទី៥ កញ្ញា កន្លងទៅនេះ បានឲ្យដឹងថា ក្រុមហ៊ុន Qatar Airways បានសម្រេចបើក ជើងហោះហើរពីទីក្រុងដូហា ប្រទេសកាតា មកកាន់រាជធានីភ្នំពេញឡើងវិញ ដោយចាប់ផ្តើមពីថ្ងៃទី ២៩ ខែតុលាឆាប់ៗខាងមុខនេះ បន្ទាប់ពីបានផ្អាក ការហោះហើរត្រង់ រវាងប្រទេសទាំងពីរ កាលពីខែមេសា ឆ្នាំ២០២០។

នេះអាចរាប់បានថា គឺជាសញ្ញាល្អមួយ សម្រាប់ឧស្សាហកម្មអាកាសចរណ៍ ដែលកំពុងអភិវឌ្ឍរបស់កម្ពុជា ហើយក៏បានបង្ហាញថា សេដ្ឋកិច្ចក្នុងតំបន់កំពុងចាប់ផ្តើម ស្ទុះងើបឡើងវិញ តាមរយៈវិស័យទេសចរណ៍អន្តរជាតិ។

ដូចគ្នានេះដែរ ខណៈកម្ពុជាខិតកាន់តែជិត ដល់ការបញ្ចប់កិច្ចចចារ លើព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីជាមួយឥណ្ឌា ដែលជាប្រទេសមាន ប្រជាជនជាង ១៤០០លាននាក់។ ដូច្នេះ ការបើកដាក់ឱ្យប្រើប្រាស់ផ្លូវហោះហើរត្រង់ រវាងប្រទេសឥណ្ឌា និងកម្ពុជា ក៏អាចចាប់ផ្តើមនៅ ដើមឆ្នាំក្រោយនេះផងដែរ។

បន្ថែមពីនេះ កាលពីពេលថ្មីៗនេះ ខាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា (SSCA) ក៏បានស្នើសុំក្រុមហ៊ុនអាកាសចរណ៍ជប៉ុន All Nippon Airways (ANA) ពិចារណាលើ ការចាប់ផ្ដើមជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរឡើងវិញ ដូចគ្នាដែរ។

ក្នុងនោះ លោក វណ្ណ ចន្ធី ប្រធាននាយកដ្ឋាន ដឹកជញ្ជូនផ្លូវអាកាសនៃ រដ្ឋលេខាធិការអាកាសចរស៊ីវិលកម្ពុជា បានមានប្រសាសន៍ថា “វិស័យដឹកជញ្ជូន របស់ប្រទេសកម្ពុជា កំពុងស្ទុះងើបឡើងវិញ ជាបណ្តើរៗ ដូច្នេះវាជាពេលវេលាដ៏ល្អ ក្នុងការស្នើបើកការហោះហើរឡើងវិញ ជាមួយក្រុមហ៊ុន ANA”។

លោកបានបន្ថែមទៀតថា “យើងក៏ចង់ដឹងដែរថា តើមានកត្តាអ្វីខ្លះដែលរារាំង ការសម្រេចចិត្តរបស់ក្រុមហ៊ុន ANA ក្នុងការមិនបើកជើងហោះហើរ មកកាន់កម្ពុជាឡើងវិញនៅពេលនេះ”។

ខណៈកំពុងរង់ចាំ សេចក្តីបញ្ជាក់ចុងក្រោយ លើជើងហោះហើរត្រង់ រវាងកម្ពុជា-ជប៉ុន ឧស្សាហកម្មអាកាសចរណ៍របស់កម្ពុជា ក៏កំពុងត្រៀមខ្លួន សម្រាប់ទទួល លំហូរភ្ញៀវទេសចរ មកពីបណ្តាប្រទេសផ្សេងទៀត នៅលើពិភពលោកផងដែរ។