បារាំង បានប្រគល់ជូនមកកម្ពុជាវិញ នូវចម្លាក់លិបមួយផ្ទាំង កសាងនៅសតវត្សរ៍ទី១២ ឬទី១៣


កាលពីថ្ងៃទី ៥ កញ្ញាថ្មីៗនេះ បើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានឲ្យដឹងថា កម្ពុជា បានទទួល ចម្លាក់លិបមួយផ្ទាំង ដែលកសាងឡើងនៅ សតវត្សរ៍ទី១២ ឬទី១៣ ដែលមានទម្ងន់ប្រហែល ៣០០គីឡូក្រាម ពីអាជ្ញាធរបារាំង។

ពិធីប្រគល់ និងទទួលនេះដែរ បានធ្វើឡើងនៅ នាយកដ្ឋានគយអន្តរតំបន់ និងសិទ្ធិប្រយោល នៃទីក្រុងលីយ៉ុង ក្រោមវត្តមាន លោក កេត សោផាន់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង, លោក Eric MEUNIER នាយកគយអន្តរតំបន់ Auvergne-Rhône-Alpes និង លោកស្រី Julitte BOSSART-TRIGNAT ប្រតិភូខេត្តលីយ៉ុង ទទួលបន្ទុកិច្ចការការពារ និងសន្តិសុខតំបន់។

គួរឲ្យដឹងដែរថា ចម្លាក់លិបដែលជា សម្បត្តិបេតិកភណ្ឌវប្បធម៌កម្ពុជានេះ ធ្វើពីថ្មភក់ មានប្រាំបំណែក អាចមានប្រភពមកពី ប្រាសាទព្រះខ័នកំពង់ស្វាយ ឬពីប្រាសាទបន្ទាយឆ្មារ។ ចម្លាក់នេះ ត្រូវបានគេលួចកាលពី ដើមទស្សវត្សរ៍ឆ្នាំ ១៩៩០ និងត្រូវបានរឹបអូស នៅក្នុងក្របខណ្ឌ នៃប្រតិបត្តិការចុះត្រួតពិនិត្យ ទីតាំងរបស់ក្រុមហ៊ុនលក់ ដេញថ្លៃវត្ថុបុរាណមួយកន្លែង នៅក្នុងទីក្រុងលីយ៉ុង កាលពីខែកុម្ភៈឆ្នាំ ២០២០។

ក្នុងឱកាសទទួលរូបចម្លាក់នោះដែរ លោក កេត សោផាន់ បានឲ្យដឹងថាចម្លាក់បុរាណនេះ ប្រៀបបាននឹងបំណែកនៃដួងព្រលឹងខ្មែរ ហើយការប្រគល់ សម្បត្តិវប្បធម៌នេះមកវិញ នឹងអនុញ្ញាតឱ្យមាន ការរួមផ្គុំឡើងវិញនៃដួងព្រលឹងជាតិ និងអត្តសញ្ញាណជាតិខ្មែរវិញដែរ។

លោក បានគូសបញ្ជាក់ដូច្នេះ ជាមួយនឹងការថ្លែងអំណរគុណ ចំពោះអាជ្ញាធរបារាំង ដែលពាក់ព័ន្ធចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការបំពេញការងារបានយ៉ាងល្អ។ ការប្រគល់សម្បត្តិ បេតិកភណ្ឌវប្បធម៌នេះ ឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ ដ៏ល្អប្រសើរ រវាងកម្ពុជា និងបារាំង។

ប្រភពពី៖ លោក កេត សោផាន់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង