គម្រោងវិនិយោគថ្មី សរុបតម្លៃជាង ១៤៦ លានដុល្លារ ទើបត្រូវបានចុះបញ្ជីដោយ CDC ដោយនឹងអាច បង្កើតការងារជាង ១៤ ០០០ កន្លែង


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបតែបានចុះបញ្ជីជូន ក្រុមហ៊ុនចំនួន ១០ បន្ថែមទៀត ដែលស្នើសុំវិនិយោគសាងសង់ នូវរោងចក្រអគ្គិសនី រោងកាត់ដេរសម្លៀកបំពាក់ រោងចក្រផលិតសម្ភារៈ ប្រើប្រាស់ និងរោងចក្រចំណីសត្វ ដែលអាចបង្កើតការងារ ជូនប្រជាពលរដ្ឋជាង ១៤ ០០០ កន្លែង និងសរុបជាទុនវិនិយោគ ១៤៦,៤៥ លានដុល្លារ។

១. ក្រុមហ៊ុន Cambodian Transmission II Co., Ltd គម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូនថាមពលអគ្គិសនី តង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៩២,២ លានដុល្លារ និងអាចបង្កើតការងារបាន ៤៦៤ កន្លែង។

២. ក្រុមហ៊ុន Hantang Yipin Leisure Products (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងសម្ភារៈប្រើប្រាស់ តុ កៅអី និងសម្ភារៈបន្ទាប់បន្សំ ដែលមានទីតាំងនៅ ភូមិសេរីភ័ត្ត ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៨,៩ លានដុល្លារ អាចបង្កើតការងារ ៣ ៦១៨ កន្លែង។

៣. ក្រុមហ៊ុន Apollo Pet Products (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រផលិតចំណី និងសម្ភារៈសត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគ នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨ លានដុល្លារ និងអាចបង្កើតការងារបាន ១ ១២៦ កន្លែង។

៤. ក្រុមហ៊ុន Prime Storage solution (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រ ផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ធ្វើពីលោហៈធាតុកែច្នៃ (ធ្នើរ) ដែលមានទីតាំងស្ថិតនៅ ភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ៥,៨ លានដុល្លារ និងអាចបង្កើតការងារបាន ១៥០ កន្លែង។

៥. ក្រុមហ៊ុន Integrity Union Packaging Material Co., Ltd គម្រោងបង្កើតរោងចក្រ ផលិតសម្ភារៈវេចខ្ចប់ គ្រប់ប្រភេទ មានទីតាំងនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៧ លានដុល្លារ និងបង្កើតការងារបាន ៥៣៧ កន្លែង។

៦. ក្រុមហ៊ុន Neocambo Textile Co., Ltd គម្រោងបង្កើត រោងចក្រកាត់ដេរសម្លៀកបំពក់ និងផលិតមួកគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅ ភូមិត្រពាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៤ លានដុល្លារ និងអាចបង្កើតការងារបាន ២ ៧៥៩ កន្លែង។

៧. ក្រុមហ៊ុន Fontering Garment Co., Ltd គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគ ៥,៣ លានដុល្លារ និងអាចបង្កើតការងារ ១ ៦៨៦ កន្លែង។

៨. ក្រុមហ៊ុន Xiangruifeng Packaging Technology Co., Ltd គម្រោងវិនិយោគកម្មន្ដសាល សម្ភារៈធ្វើពីក្រដាស (ទ្រនាប់ពុម្ពសម្លៀកបំពាក់ ស្បែកជើង កាបូប ម៉ាកឃី និងវេចខ្ចប់) ដែលមានទីតាំង នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគ ៥,‌១ លានដុល្លារ និងអាចបង្កើតការងារបាន ១៩១ កន្លែង។

៩. ក្រុមហ៊ុន Inspiror Bag (Cambodia) Manufacturing Co., Ltd គម្រោងបង្កើតរោងចក្រ ផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងនៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ក្នុងទុនវិនិយោគប្រមាណ ៥,០៣ លានដុល្លារ និងអាចបង្កើតការងារ ១ ២៨១ កន្លែង។

១០. ក្រុមហ៊ុន Hongrui Bag (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រ ផលិតកាបូប តុក្កតា និងសម្លៀកបំពាក់សត្វចិញ្ចឹម (ពីក្រណាត់) ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិបាក់ចិញ្ចៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឹ ក្នុងទុនវិនិយោគ ៥,០២ លានដុល្លារ និងអាចបង្កើតការងារបាន ២ ៥៤០ កន្លែង។