ការអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា ស្ថិតក្នុងស្ថានភាពលើសពីតម្រូវការ?


អចលនទ្រព្យនៅកម្ពុជា មានសន្ទុះយ៉ាងខ្លាំងអស់រយៈពេលជាង ១ ទសវត្សមកហើយ ប៉ុន្តែពេលនេះ កំពុងប្រឈមនឹង បញ្ហាផ្គត់ផ្គង់លើសពីតម្រូវការ ខណៈក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើន ផ្ដល់អាទិភាពដល់ គម្រោងអចលនទ្រព្យស្វែងរក ប្រាក់ចំណេញរយៈពេលខ្លី ធ្វើអោយទីផ្សារលំនៅដ្ឋាន កំពុងមានការជាប់គាំង និងមិនមានតម្លាភាព ដោយសារអចលនទ្រព្យ មានតម្លៃខ្ពស់ លើសពីជីវភាព ប្រជាពលរដ្ឋក្នុងតំបន់ បច្ចេកទេសសំណង់ និងកង្វះខាតហេដ្ឋារចនាសម្ព័ន្ធជាដើម។ លើសពីនេះ ការកែប្រែដីកសិកម្ម ទៅជាអាជីវកម្មដីឡូត៍ យ៉ាងឆាប់រហ័ស មុនផែនការអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាល បាននិងកំពុងធ្វើអោយ ទីផ្សារមួយនេះ អតុល្យភាព រវាងអ្នកអភិវឌ្ឍន៍ និងតម្រូវការជាក់ស្ដែង។

របាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia នៅពាក់កណ្ដាលឆ្នាំ២០២៣ បានបង្ហាញថា អចលនទ្រព្យដែលប្រឈមនឹង បញ្ហាផ្គត់ផ្គង់លើសពីតម្រូវការ ទីផ្សារបច្ចុប្បន្ន រួមមានដូចជា ខុនដូ អគារពាណិជ្ជកម្ម និងសំណង់ផ្ទះល្វែង ទាំងគម្រោងអភិវឌ្ឍន៍ សម្រាប់ប្រជាជនក្នុងស្រុក និងបរទេស។ បញ្ហានេះ បានកើតឡើងនៅ មុនវិបត្តជំងឺកូវីដ-១៩ ដោយសារតែនៅពេលនោះ ស្ថានភាពសេដ្ឋកិច្ចមានកំណើនខ្ពស់ ប្រាក់កម្ចីពីធនាគារគ្មានហានិភ័យ និងកម្ចីបានរយៈពេលវែង ចំណែកភ្ញៀវទេសចរ វិនិយោគិនបរទេស និងធុរជនទទួលបានច្រើនដូចគ្នា ដែលជំរុញអោយក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ ផ្គត់ផ្គង់ច្រើនលើសពីតម្រូវការ និងភាពប្រកួតប្រជែង។ យ៉ាងណាមិញ មកដល់ឆ្នាំ២០២៣ របត់សេដ្ឋកិច្ចពិភពលោក ប្រឈមនឹងបញ្ហា តម្រូវការអចលនទ្រព្យពី ជនជាតិចិនបានធ្លាក់ចុះ គម្រោងអភិវឌ្ឍន៍មានច្រើន ដែលធ្វើអោយ ការផ្គត់ផ្គង់លើសពីតម្រូវការ។

បន្ថែមពីលើនេះ ស្ថានភាពធ្លាក់ចុះនៃការនាំចេញ ផលិតផលឧស្សាហកម្ម និងវាយនភណ្ឌ ទៅកាន់ប្រទេសនៅអឺរ៉ុប បាននាំអោយទុនវិនិយោគផ្ទាល់ ពីបរទេសបានធ្លាក់ចុះ ប្រជាពលរដ្ឋដែលមាន ចំណូលមធ្យម និងបង្គួរមួយចំនួន មិនមានភាពច្បាស់លាស់ លើការទិញអចលនទ្រព្យនៅឡើយ។ ដូចនេះ វិស័យអចលនទ្រព្យ ត្រូវការរយៈពេលវែង ដើម្បីវិលទៅរកស្ថានភាពដូចដើមវិញ។

ទោះជាយ៉ាងនេះក្ដី វិស័យសំណង់ និងអចលនទ្រព្យនៅតែដើរតួនាទី យ៉ាងសំខាន់ ក្នុងកំណើនសេដ្ឋកិច្ចជាតិ សម្រាប់ឆ្នាំ២០២៣ សំណង់លំនៅដ្ឋានកម្រិតមធ្យម នៅតែដំណើរការទៅមុខ អចលនទ្រព្យផ្នែកផ្សារទំនើប ហាងទំនិញលក់រាយ កំពុងងើបឡើងវិញជាបណ្ដើរ ហើយអចលនទ្រព្យសម្រាប់ជួល និងកម្សាន្ដមានភាពប្រសើរឡើង ជាងគេ។

បន្ថែមពីនេះ គណៈកម្មាធិការនិយតករ មូលបត្រកម្ពុជា គ្រោងនឹងសម្រួលច្បាប់វិនិយោគថ្មី ដល់វិនិយោគិន ជាពិសេសវិនិយោគិនបរទេស នៅលើវិស័យអចលនទ្រព្យ ដែលច្បាប់នេះវិនិយោគិន អាចបណ្ដាក់ទុននិងសាងសង់ ដើម្បីបង្កើតប្រាក់ចំណូលផ្ទាល់ខ្លួន ដូចជា អាផាតមិន មន្ទីរពេទ្យ និងផ្សារទំនើបជាដើម។ ដូចនេះគេរំពឹងថា វាជាការបន្ថែមទំនុកចិត្ត ដល់វិនិយោគិន និងជំរុញឧស្សាហកម្ម អចលនទ្រព្យនៅកម្ពុជា អាចឈានទៅមុខបន្ថែមទៀត។