ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways គ្រោងនឹងបើកជើងហោះហើររបស់ខ្លួន មកកាន់ខេត្តសៀមរាបរបស់កម្ពុជា នាដើមខែធ្នូខាងមុខនេះ!


បើយោងតាមប្រភពពី សារព័ត៌មានរបស់ថៃ បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នឹងបើកដំណើរការ ផ្លូវហោះហើរពី អាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិ មកកាន់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប -អង្គរ (SAI) របស់កម្ពុជា ក៏ដូចជា អាកាសយានដ្ឋានអ៊ីស្តង់ប៊ុល (IST) របស់ប្រទេសទួរគី ចាប់ពីថ្ងៃទី១ ខែធ្នូខាងមុខនេះ។

ក្នុងនោះដែរ មិនត្រឹមតែគោលដៅ នៃជើងហោះហើរ តែពីរនេះឡើយ ចាប់ពីថ្ងៃទី ២៩ តុលា ក្រុមហ៊ុនក៏គ្រោងចាប់ផ្តើម បើកសេវាកម្មហោះហើរប្រចាំថ្ងៃ ពីអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ (BKK) ទៅកាន់អាកាសយានដ្ឋាន Kaohsiung (KHH) នៅកោះតៃវ៉ាន់  អាកាសយានដ្ឋាន Kolkata (CCU) នៅប្រទេសឥណ្ឌា និងអាកាសយានដ្ឋាន Penang (PEN) នៅប្រទេសម៉ាឡេស៊ី ផងដែរ។

គូសសម្គាល់បន្ថែម ឲ្យដឹងដែរថា សេវាកម្មហោះហើរទៅកាន់ អាកាសយានដ្ឋានអ៊ីស្តង់ប៊ុល កំណត់ប្រើប្រាស់យន្តហោះប្រភេទ Airbus A350-900 ខណៈដែលផ្លូវហោះហើរ ទៅកាន់អាកាសយានដ្ឋានចំនួន៤ផ្សេងទៀត នឹងបើកដំណើរការដោយ ប្រើប្រាស់យន្តហោះប្រភេទ A320s នេះបើយោងតាមទិន្នន័យ ដែលផ្តល់ដោយក្រុមហ៊ុន OAG Schedules Analyzer។

ដោយឡែក គួររម្លឹកដែរថា ក្រុមហ៊ុន Thai Smiles ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ Thai airways ក៏បានបើកជើងហោះហើរប្រចាំថ្ងៃ ពីទីក្រុងបាងកក ទៅកាន់ខេត្តសៀមរាប ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៦ ផងដែរ រហូតទាល់តែមាន ការចាប់ផ្តើមផ្ទុះឡើងនៃជំងឺកូវីដ-១៩ ប៉ុន្តែជើងហោះហើរបាងកក -សៀមរាបបាន បើកដំណើរការឡើងវិញ កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ។

យ៉ាងណា ការបើកជើងហោះឡើងវិញនេះ នឹងជួយសម្រួលដល់ ការធ្វើដំណើររបស់ភ្ញៀវទេសចរ អ្នកធុរកិច្ចអាជីវកម្ម និងអ្នកធ្វើដំណើរផ្សេងទៀត រវាងប្រទេសជិតខាងទាំងពីរ ព្រមទាំងបង្កើនផលប្រយោជន៍ទ្វេភាគី បានកាន់តែប្រសើរផងដែរ៕