រយៈពេល ៨ ខែនៃឆ្នាំ ២០២៣ កម្ពុជា ទទួលបានអ្នកធ្វើដំណើរ តាមផ្លូវអាកាសចំនួន ៣,៤ លាននាក់ កើនឡើងជាង ១៨០% ធៀបនឹងឆ្នាំមុន


កម្ពុជាបានទទួលអ្នកធ្វើដំណើរ តាមយន្តហោះចំនួន ៣,៤លាននាក់ ក្នុងរយៈពេល៨ខែដំបូង នៃឆ្នាំ២០២៣នេះ ជាការហក់ឡើងប្រមាណ ១៨០% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ។

របាយការណ៍ បានបន្តទៀតថា ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ និងក្នុងស្រុក បានដំណើរការជើងហោះហើរ សរុបចំនួន ៣៣.១៤៦ មកកាន់អាកាសយានដ្ឋានអន្តរជាតិ ចំនួន ៣ របស់កម្ពុជា ក្នុងអំឡុងខែមករាដល់ខែសីហា ឆ្នាំ២០២៣នេះ ដែលហក់ឡើង ១១៤% បើធៀបនឹងឆ្នាំមុន។

ក្នុងនោះដែរ លោក ស៊ិន ច័ន្ទសេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា ប្រទេសកម្ពុជាត្រូវបានព្យាករថា នឹងទាក់ទាញអ្នកធ្វើដំណើរ តាមផ្លូវអាកាសបានប្រមាណ ៤,៦លាននាក់ នៅឆ្នាំនេះ ពោលគឺនឹងកើនឡើងពី ២,៣៨លាននាក់ កាលពីឆ្នាំមុន។

លោកបានបញ្ជាក់ប្រាប់ឲ្យដឹងថា “សម្រាប់ឆ្នាំ ២០២៣ នេះ យើងព្យាករណ៍ថា ចំនួនអ្នកដំណើរតាមផ្លូវអាកាស នឹងកើនឡើងទ្វេដង ដោយសារការបើក ដំណើរការឡើងវិញ របស់ប្រទេសចិន នៅដើមឆ្នាំនេះ ដែលបានបញ្ចូល កម្លាំងរុញច្រានថ្មី ទៅក្នុងការអភិវឌ្ឍ ឧស្សាហកម្មអាកាសចរណ៍។”

ដោយឡែក ផ្ទុយពីការកើនឡើងនៃចំនួន អ្នកដំណើរតាមផ្លូវអាកាស កម្ពុជាសង្កេតឃើញមានការថយចុះ ចំនួន ១០% នៃបរិមាណដឹកទំនិញតាមផ្លូវអាកាស មកនៅត្រឹម ៣៤.៨៨១តោន ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ។