កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង សម្រេចការងារបាន ៩០% ហើយ


គម្រោងសាងសង់ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង ដែលគិតចាប់ពីស្ពានព្រែកក្ដាម ខេត្តកណ្ដាល ទៅដល់ធ្លាម្អម ខេត្តពោធិ៍សាត់ សម្រេចការងារបានប្រមាណ ៩០% មកហើយ ខណៈដែលភាគកណ្ដាល (ធ្លាម្អម-បាត់ដំបង) និងភាគខាងជើង (បាត់ដំបងសិរីសោភ័ណ) សម្រេចការងារបានរួចរាល់។ កំណាត់ផ្លូវជាតិលេខ៥ ចុងក្រោយនេះ នឹងសម្រេចបានជាស្ថាពរ នៅអំឡុងចុងឆ្នាំ២០២៣។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យមើល ស្ថានភាពការងារសាងសង់ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងកាលពីថ្មីៗនេះ បានបង្ហាញថា កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) គិតចាប់ពីស្ពានព្រែកក្តាម ទៅដល់ខេត្តពោធិ៍សាត់ មានប្រវែង ១៣៥ គីឡូម៉ែត្រ ដោយផ្លូវនេះ បានចំណាយថវិកា សាងសង់ប្រមាណ ២៤៦ លានដុល្លារ ដើម្បីពង្រីកទទឹងផ្លូវ អាចបើកបរបាន ៤ គន្លងរថយន្ដ និង ២ គន្លងម៉ូតូ និងជាផ្លូវបេតុងកៅស៊ូ អាចប្រើប្រាស់បានយូរ។ គិតមកទល់ពេលនេះ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង សម្រេចការងារបាន ៩០% មកហើយ ក្នុងគម្រោងនោះ មានការងារសាងសង់ ស្ពានថ្មីមួយជាស្ពាន ផ្លូវវាងក្រុងពោធិ៍សាត់ ដែលរំពឹងថាស្ពាននេះ នឹងបញ្ចប់ជាមួយ ការសាងសង់កំណាត់ ផ្លូវជាតិលេខ៥ ភាគខាងត្បូងនេះផងដែរ។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ៥ គឺជាផ្លូវអាស៊ានហាយវ៉េលេខ១ ដែលត្រូវបានសាងសង់ លើកកម្រិតគុណភាពប្រវែង ៣៦៦ គីឡូម៉ែត្រ ឆ្លងកាត់ពីខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងបន្ទាយមានជ័យ រហូតទៅដល់ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។ គម្រោងសាងសង់ ត្រូវបែងចែកចេញជា ៣ ដោយកំណាត់ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) ភាគកណ្ដាល (ធ្លាម្អម-បាត់ដំបង) និងភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) ចំណាយថវិកាប្រមាណ ៥០០ លានដុល្លារ ដើម្បីលើកកម្រិតគុណភាព ជាផ្លូវបេតុងកៅស៊ូ AC និងមានទទឹងដល់ ២៤,៥ ម៉ែត្រ។

គម្រោងធ្វើអោយប្រសើរឡើងវិញ នៃផ្លូវជាតិលេខ៥ នឹងផ្ដល់អត្ថប្រយោជន៍យ៉ាងសំខាន់ សម្រាប់ការនាំចេញនាំចូលទំនិញ ដែលជាផ្លូវសេដ្ឋកិច្ចមួយ ដ៏សំខាន់ក្នុងប្រទេសកម្ពុជា សម្រាប់តភ្ជាប់ការដឹកជញ្ជូន រវាងប្រទេសកម្ពុជា-ថៃ ព្រមទាំងថ្នាក់ តំបន់អាស៊ានផងដែរ។ លើសពីនេះទៀត គុណភាពផ្លូវជាតិលេខ៥ នឹងរួមចំណែកកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ សម្រួលការធ្វើដំណើរ ទាក់ទាញការវិនិយោគ កំណើនការអភិវឌ្ឍ និងបម្រើដល់ វិស័យទេសចរណ៍ផងដែរ។