គម្រោងសាងសង់ ច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន សម្រេចបានជាង ៩១%


ច្រកព្រំដែនអន្តរជាតិថ្មីមួយ សម្រាប់ការដឹកជញ្ជូនទំនិញ រវាងកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន សម្រេចការងារបានប្រមាណ ៩១% ក្រោយពីការបើកការដ្ឋានសាងសង់ កាលពីអំឡុងខែមករា ឆ្នាំ២០១៩។ គម្រោងនេះ ត្រូវបានពន្យាពេល ដោយសារតែវិបត្តិជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់ បូករួមទាំងការប្រែប្រួល នៃកិច្ចសន្យាជាមួយក្រុមហ៊ុន ម៉ៅការសាងសង់ផងដែរ។ យ៉ាងណាមិញ គម្រោងច្រកទ្វារព្រំដែនអន្តរជាតិនេះ នឹងពន្លឿនការសាងសង់ អោយបញ្ចប់រួចរាល់ ស្របជាមួយនឹងការបញ្ចប់ គម្រោងផ្លូវជាតិលេខ៥ ដើម្បីសម្រួលដល់ ការដឹកជញ្ជូនទំនិញរវាងកម្ពុជា-ថៃ កាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានអញ្ជើញពិនិត្យ មើលគម្រោងសាងសង់ ច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន បានលើកឡើងថា គម្រោងធ្វើអោយប្រសើរឡើង ផ្លូវជាតិលេខ៥ និងច្រកព្រំដែនអន្តរជាតិនេះ ជាចក្ខុវិស័យវែងឆ្ងាយ ដើម្បីផ្ដល់ប្រយោជន៍ដ៏ធំធេង ដល់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើ ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងការបង្កើតការងារជូនប្រជាពលរដ្ឋ ក៏ដូចជាការសម្រេច អោយបានចក្ខុវិស័យ របស់អាស៊ាន ក្នុងការតភ្ជាប់ប្រទេស ក្នុងតំបន់អាស៊ាន (ASEAN Connectivity)។

ដើម្បីសម្រេចបានទិសដៅខាងលើ កម្ពុជា-ថៃ បានសាងសង់ ស្ពានមិត្តភាពស្ទឹងបត់-បានណងអៀន ដែលមានប្រវែងជាង ៦២០ ម៉ែត្រ (ផ្នែកខាងកម្ពុជាប្រវែង ២១៥ ម៉ែត្រ ផ្នែកខាងថៃ ៤០៥ ម៉ែត្រ) ទទឹង ១៧ ម៉ែត្រ ដែលបានចំណាយ ថវិកាប្រមាណ ១៩ លានដុល្លារ និងបញ្ចប់កាលពីខែមករា ឆ្នាំ២០១៩ កន្លងទៅ។ បន្ថែមទៀត ភាគីទាំងសងខាង ក៏បានសាងសង់នូវ អគារច្រកព្រំដែនអន្តរជាតិថ្មី ដើម្បីសម្រួលដល់ ការដឹកជញ្ជូនចេញចូល ទំនិញទ្វេភាគី តាមច្រកនេះផងដែរ។

គម្រោងរៀបចំ ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន បានបើកការដ្ឋានសាងសង់ កាលពីខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដោយគម្រោងទាំងមូល គ្រោងចំណាយថវិកាប្រមាណ ២៦,៤២ លានដុល្លារ។ គម្រោងនេះ បានម៉ៅការសាងសង់ ដោយក្រុមហ៊ុនសំណង់ CM Grand Development Co., Ltd និង Tan Kim Eng Co., Ltd ដោយហេដ្ឋារចនាសម្ព័ន្ធរួមមាន៖ អគារច្រកព្រំដែនអន្តរជាតិ ផ្លូវតភ្ជាប់ទៅកាន់ ផ្លូវជាតិលេខ៥ អគារអន្តេវាសិកដ្ឋាន ចំណតផ្ទេរផ្ទុកទំនិញ ឃ្លាំង និងទីលានកុងតឺន័រ ផងដែរ។