ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងអាចបើកការដ្ឋានសាងសង់ ក្នុងពេលឆាប់ៗនេះ


គម្រោងសាងសង់មិត្តភាពកម្ពុជា-កូរ៉េ ត្រូវបានបញ្ចប់ការសិក្សា និងរង្វាយតម្លៃចុងក្រោយមកហើយ ដោយអាចនឹងបើកការដ្ឋាន សាងសង់ឆាប់ៗខាងមុខ ខណៈដែលរដ្ឋាភិបាលកូរ៉េខាងត្បូង នឹងផ្ដល់ថវិកាប្រមាណ ២៤៥ លានដុល្លារ សម្រាប់សាងសង់ ស្ពានឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ តភ្ជាប់រាជធានីភ្នំពេញ ទៅកាន់ខណ្ឌជ្រោយចង្វា និងតំបន់អរិយក្សត្រ ក្រុងល្វាឯម បានយ៉ាងឆាប់រហ័សបំផុត។

ឯកឧត្តម គីម ជីនព្យូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវការ និងមានជំនួបជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាពេលថ្មីៗនេះ បានថ្លែងអោយដឹងថា ការសិក្សានិងវាយតម្លៃ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដំបូងបង្អស់ទើបតែ បានបញ្ចប់រួចរាល់ ដែលគម្រោងនេះ នឹងត្រូវតភ្ជាប់ស្ពានពី តំបន់ផ្សាររាត្រីភ្នំពេញ ខណ្ឌដូនពេញ ទៅកាន់តំបន់សណ្ឋាគារសុខា ខណ្ឌជ្រោយចង្វា ហើយបន្ដមួយផ្នែកទៀត ទៅកាន់តំបន់អារិយក្សត្រ ក្រុងល្វាឯម ខេត្តកណ្ដាលតែម្ដង ដោយឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ ទាញបង្រួមការធ្វើដំណើរ ឲ្យកាន់តែកៀកជិតគ្នា ពង្រីកការអភិវឌ្ឍភាគខាងកើត រាជធានីភ្នំពេញ និងសម្រួលការធ្វើដំណើរ ប្រជាពលរដ្ឋ បានយ៉ាងមានប្រសិទ្ធភាព។

ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងលើនេះ នឹងត្រូវចំណាយថវិកា សាងសង់ប្រមាណ ២៤៥,៩ លានដុល្លារ ឥណទានពីសាធារណរដ្ឋកូរ៉េ ដោយគម្រោងនេះ មានការសាងសង់ជា ស្ពានបេតុងខ្សែកាប ទទឹងធំរហូតដល់ ២៧,៥ ម៉ែត្រ អាចបើកបរបាន ៤ គន្លងរថយន្ដ ២ គន្លងម៉ូតូ និងផ្លូវថ្មើរជើង យានយន្ដអាចបើកបរ ក្នុងល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង និងផ្លូវតភ្ជាប់ស្ពានទាំងពីរផងដែរ។ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ គ្រោងប្រើពេលប្រមាណ ៤៧ ខែដើម្បីបញ្ចប់ ក្រោយបើកការដ្ឋាន។

ក្រោយគម្រោងសាងសង់ស្ពាននេះ បញ្ចប់រួចរាល់ យើងរំពឹងថា នឹងជួយសម្រួលដល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ តំបន់អារិយក្សត្រ ក្រុងល្វាឯម ដោយពុំចាំបាច់ត្រូវឆ្លងសាឡាង ដូចមុនទៀតទេ ជាពិសេសគម្រោងនេះ នឹងបន្ថែមទាក់ទាញ គម្រោងអភិវឌ្ឍថ្មីៗ នៅភាគខាងកើត ពិសេសតំបន់អារិយក្សត្រ ស្របតាមទិសដៅ របស់រាជរដ្ឋាភិបាល រៀបចំក្រុងល្វាឯមថ្មីផងដែរ។