រមណីយដ្ឋានកោះកេរ ត្រូវបានដាក់បញ្ចូលជា សម្បត្តិបេតិកកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ


នៅវេលាម៉ោង ៤:៣០ នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ តំបន់ក្រុមប្រាសាទកោះកេរ ជាអតីតរាជធានី ឆោកគគ៌្យរ អំឡុងសតវត្សទី១០ ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់ចូលក្នុងបញ្ជី សម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក ជាមជ្ឈមណ្ឌលប្រមូលផ្តុំនូវជំនឿ សាសនា ភាសា សំណង់ស្ថាបត្យកម្ម សិល្បៈ និងការរៀបចំប្រព័ន្ធធារាសាស្រ្ត ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងចំណោមតំបន់រមណីយដ្ឋាន បេតិកភណ្ឌចំនួន ៥៣ របស់ប្រទេសនិងរដ្ឋផ្សេងៗទៀត។

អស់រយៈពេល ៥ ឆ្នាំដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំឯកសារ និងដាក់ស្នើ តំបន់រមណីយដ្ឋានកោះកេរ បញ្ចូលទៅក្នុងបញ្ជី សម្បត្តិបេតិកភណ្ឌពិភពលោក ចាប់តាំងពីឆ្នាំ២០០៨ រហូតមកដល់ឆ្នាំ២០២៣ ទើបគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក បានសម្រេច និងបានអនុម័តជាឯកច្ឆ័ន ចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ នៅក្នុងបេតិកភណ្ឌពិភពលោក ដោយទទួលស្គាល់នូវ តម្លៃលេចធ្លោជាសាកល តាមរយៈលក្ខណៈវិនិច្ឆ័យទី២ និងទី៤ ព្រមទាំងទទួលស្គាល់ថា រមណីយដ្ឋានប្រាសាទកោះកេរ រក្សាបាននូវភាព Integrity  និង Authenticity ពេញលេញ។

រមណីយដ្ឋានកោះកេរ ស្ថិតនៅចំងាយប្រហែល ៨០ គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ត្រូវបានអភិរក្សនៅលើផ្ទៃដីជាង ៨ ពាន់ហិកតា មានសំណង់បុរាណចំនួន ៧០ ប្រាសាទ និងទីទួលបុរាណ ដែលត្រូវបានកសាងក្នុងរាជ្យ របស់ព្រះបាទជ័យវរ្ម័នទី៤ និងព្រះបាទហាសវរ្ម័នទី២ ចន្លោះពីឆ្នាំ៩២៨ ដល់ឆ្នាំ ៩៤៤ ដោយក្រុមប្រាសាទចំណាស់ ជាងគេបំផុតត្រូវបាន កសាងឡើងជាប្រាសាទឥដ្ឋ ចន្លោះឆ្នាំ ៩២១-៩២៨ បន្ទាប់មកគឺក្រុមប្រាសាទ កសាងឡើងដោយថ្មភក់ ចាប់ពីឆ្នាំ ៩២៨ និងក្រុមប្រាសាទកសាងឡើង ដោយថ្មបាយក្រៀម កសាងចន្លោះឆ្នាំ ៩៣០ រហូតដល់ឆ្នាំ៩៤១។

ក្នុងរមណីយដ្ឋានកោះកេរ មានប្រាសាទមួយដែលលេចធ្លោ គឺប្រាសាទកោះកេរ ស្ថិតនៅក្នុងកំពែងរាងប្រាសាទទោ ឈរខ្ពស់ត្រដែតជាទម្រង់សាជី ឬពីរ៉ាមីត មានចំនួន ៧ ថ្នាក់កម្ពស់ ៣៥ ម៉ែត្រ (៥ ម៉ែត្រក្នុងមួយថ្នាក់) បែរទៅរករាជធានីអង្គរ (ទិសខាងលិច) ដែលត្រូវបានកសាង សម្រាប់ឧទ្ទិសថ្វាយ ចំពោះព្រះឥសូរ និងមានតម្កល់លិង្គព្រះឥសូរ ដែលមានឈ្មោះដើមថា លិង្គបុរៈ។