ក្រៅពីកន្លែងទស្សនាថ្ងៃរះ និងថ្ងៃរៀបលិច ភ្ញៀវទេសចរភាគច្រើន ក៏បានចាត់ទុក ប្រាសាទភ្នំបាក់ខែង ជាកន្លែងដើរហាត់ប្រាណ ដ៏ពេញនិយម អមជាមួយទេសភាព ដ៏ល្អត្រកាលផងដែរ


ខេត្តសៀមរាប៖ ប្រសិនបើនិយាយដល់ ប្រាសាទភ្នំបាខែង ភ្ញៀវទេសចរភាគច្រើន ពិតជានឹកឃើញដល់ទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិច គួរជាទីគយគន ទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាត ពីខាងលើប្រាសាទ។ មិនតែប៉ុណ្ណោះ ប្រាសាទភ្នំបាខែង ក៏បានក្លាយជាទីតាំង ដើរហាត់ប្រាណយ៉ាងសប្បាយរីករាយ របស់ភ្ញៀវជាតិ។

បើយោងតាម កញ្ញា ឃាង សុខេង ភ្នាក់ងារទេសចរណ៍ប្រចាំការ នៅប្រាសាទភ្នំបាខែង បានលើកឡើងថា ចាប់ពីម៉ោងប្រមាណ ៥ព្រឹកមក មានភ្ញៀវទេសចរជាតិ បានយកជម្រាលផ្លូវដើរឡើង ប្រាសាទភ្នំបាខែងជាកន្លែងសម្រាប់ធ្វើ លំហាត់ប្រាណ។ កញ្ញាបញ្ជាក់ប្រាប់បន្តថា ការដើរហាត់ប្រាណឡើង ទៅទស្សនាប្រាសាទភ្នំបាខែង ព្រោះពួកគាត់អាចគយគន ធម្មជាតិស្រស់បំព្រងនៅជុំវិញនោះ ស្រូបខ្យល់អាកាសល្អបរិសុទ្ធ ជាពិសេសរងចាំ ទស្សនាទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិចនៅទីនោះ ថែមទៀតផង។

គួរបញ្ជាក់ឲ្យដឹងដែរថា ថ្មីៗនេះ អាជ្ញាធរជាតិអប្សរា ក៏រៀបចំកែលម្អបរិស្ថាន នៅជុំវិញប្រាសាទ ដើម្បីលើកកម្ពស់សោភ័ណភាព ដូចជាការលះមែកឈើខ្លះៗ រៀបចំផ្លូវដើរជុំវិញប្រាសាទឱ្យស្អាត ដាក់ស្លាកសញ្ញាបង្ហាញទិស ដាក់បង្គោលខ្សែការពារ កន្លែងមានហានិភ័យ ដើម្បីការពារសុវត្ថិភាព អ្នកទេសចរទាំងឡាយផងដែរ។

ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរា ក៏សំណូមពរដល់ភ្ញៀវទេសចរ ឬមគ្គទេសក៍ទេសចរណ៍ ឱ្យនាំភ្ញៀវដើរទស្សនាតាមទិសដៅ ដែលបានរៀបចំ ដើម្បីឱ្យពួកគាត់ បានឃើញនូវអ្វីដែលថ្មីៗ និងមានសណ្តាប់ធ្នាប់ល្អ។