លិខិតឆ្លងដែនកម្ពុជា អាចធ្វើដំណើរទៅកាន់ប្រទេសណាខ្លះ?


កម្ពុជា មានលិខិតឆ្លងដែន ស្ថិតនៅចំណាត់ថ្នាក់ទី ១៤៦ ក្នុងចំណោមប្រទេស និងដែនដី សរុបចំនួន ១៩៥ លើពិភពលោក។ លិខិតឆ្លងដែនកម្ពុជា អាចធ្វើដំណើរទៅកាន់ ប្រទេសចំនួន ១៩ ជុំវិញពិភពលោក ដោយពុំចាំបាច់សុំទិដ្ឋាការជាមុន (Visa-Free) អាចធ្វើដំណើរទៅកាន់ចំនួន ៤៨ ប្រទេស ដោយត្រូវបំពេញបែបបទ ពេលទៅដល់អាកាសយានដ្ឋាន (Visa on Arrival) និងអាចធ្វើដំណើរទៅកាន់ ៤ ប្រទេស ដោយតម្រូវសុំទិដ្ឋាការ តាមប្រព័ន្ធអេឡិចត្រូនិចជាមុន (ETA) ចំណែក ១២៧ ប្រទេសផ្សេងទៀត តម្រូវអោយទទួលបាន ទិដ្ឋាការពីស្ថានទូតជាមុន ទើបអាចធ្វើដំណើរទៅបាន។

លិខិតឆ្លងដែនកម្ពុជា អាចធ្វើដំណើរទៅប្រទេស ១៩ ដោយសេរី ពុំចាំបាច់សុំទិដ្ឋាការជាមុនឡើយ ដោយក្នុងនោះ មានប្រទេសសមាជិក ប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ចំនួន ៩ ប្រទេសដូចជា៖ ប្រទេសថៃ, វៀតណាម, ឡាវ, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, សិង្ហបុរី, ឥណ្ឌូនេស៊ី, ប្រ៊ុយណេ និងហ្វីលីពីន។ ចំណែកប្រទេសក្រៅ សមាជិកអាស៊ាន មានដូចជា៖ ប្រទេស Barbados, Dominica, Ecuador, Gambia, Haiti, Micronesia, Palestine, Panama, St. Vencent and the Grenadines និងប្រទេស Suriname។

ចំពោះប្រទេសដែលយើង អាចទទួលទិដ្ឋាការ ពេលទៅដល់អាកាសយានដ្ឋាន (VISA on Arrival) តម្រូវអោយបំពេញបែបបទ និងគោលបំណងមកកាន់ ប្រទេសរបស់គេ មានដូចជា៖ ប្រទេសម៉ាល់ឌីវ, តំបន់រដ្ឋបាលពិសេស ម៉ាកាវ ប្រទេសចិន, នេប៉ាល់, ស្រីលង្ការ, បង់ក្លាដេស, ទីម័រខាងកើត, សូម៉ាលី -ល-។

ទោះបីជា លិខិតឆ្លងដែនកម្ពុជា មានពិន្ទុទាបមិនអាច ធ្វើដំណើរបានច្រើនប្រទេសក្ដី ប៉ុន្តែលិខិតឆ្លងដែនកម្ពុជា ល្អបំផុតសម្រាប់ ការធ្វើដំណើរនៅ ប្រទេសអាស៊ីអាគ្នេយ៍ ដោយយើងអាចទទួល បានទិដ្ឋាការស្នាក់នៅ និងដើរកម្សាន្ដបានយ៉ាងតិច ២ សប្ដាហ៍ ទៅដល់ ១ ខែតាមប្រទេសមួយចំនួន។ ម្យ៉ាងវិញទៀត យើងអាចសុំទិដ្ឋាការ ពេលទៅដល់អាកាសយានដ្ឋាន (Visa on Arrival) និងទិដ្ឋាការតាម ប្រព័ន្ធអេឡិចត្រូនិច (ETA) មានលក្ខណៈងាយស្រួល និងភាគរយខ្ពស់ ក្នុងការទទួលបានទិដ្ឋាការ។ ជាសរុបមក លិខិតឆ្លងដែនកម្ពុជា អាចធ្វើដំណើរបានចំនួន ៧១ ប្រទេស ដែលស្មើនឹង ៣៦% នៃប្រទេសទាំងអស់ លើពិភពលោក។