គិតមកត្រឹមខែវិច្ឆិកានេះ ចិន បានជួយកម្ពុជាប្រមាណ ៣,៣ ពាន់លានដុល្លារ លើគម្រោងកសាង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់


ព្រះសីហនុ៖ បើយោងតាមប្រសាសន៍របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កាលពីថ្ងៃទី៧ ខែវិច្ឆិកា កន្លងទៅនេះ បានឲ្យដឹងថា គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងរបស់ចិន គិតមកដល់ខែវិច្ឆិកានេះ សរុបមាន ៣ ៣៤០ លានដុល្លារ ក្នុងនោះបានសាងសង់រួច មានចំនួន ៣១ខ្សែ ប្រវែងសរុប ៣ ០៧៧ គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាប្រមាណ ២ ១៨០,៧៩លានដុល្លារ។

ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នគម្រោងសាងសង់ផ្លូវថ្នល់ ដែលកំពុងដំណើរការមានចំនួន ០៦ខ្សែ ប្រវែងសរុប ៥៥៧,៦២គីឡូម៉ែត្រ ក្រោមទុនវិនិយោគប្រមាណ ៦៧៥,៨៧លានដុល្លារ។

ជាមួយគ្នានេះដែរ ស្ពានធំៗដែលបានសាងសង់រួចរាល់ មានចំនួន ១០ស្ពាន ប្រវែងសរុប ១០ ៨៩៧ម៉ែត្រ ដោយប្រើប្រាស់ថវិកាប្រមាណ ៣៧២,១៥លានដុល្លារ និងកំពុងសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១ ៧៦១ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១១១,៩៨លានដុល្លារ។

ជារួម គម្រោងដែលប្រើប្រាស់ ឥណទានសម្បទាន និងជំនួយឥតសំណងរបស់មិត្តចិន ដែលបានសាងសង់រួច និងកំពុងសាងសង់មាន ទឹកប្រាក់សរុបប្រមាណ ៣ ៣៤០លានដុល្លារ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានលើកឡើងអំពី វឌ្ឍនភាពនៃគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ដែលបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងក្របខ័ណ្ឌ(FA) រួចរាល់ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅសាធារណរដ្ឋប្រជាមានិតចិន ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើជំរុញឱ្យ ក្រុមហ៊ុនបញ្ជូនអ្នកជំនាញ ពីប្រទេសចិនឱ្យបានច្រើន ដើម្បីបញ្ចប់សិក្សា សមិទ្ធិលទ្ធភាពលម្អិតឱ្យបានហ្មត់ចត់ និងឆាប់រហ័ស។

លើសពីនេះដែរ ឯកឧត្តមបានអំពាវនាវឱ្យ ក្រុមហ៊ុនពន្លឿនកិច្ចការងារសិក្សា សមិទ្ធិលទ្ធភាពផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដើម្បីអាចឈានទៅ នីតិវិធីបន្តបន្ទាប់ទៀត សំដៅយ៉ាងណាអាចឱ្យគម្រោងនេះចេញជា លទ្ធផលសម្រាប់នីតិកាលទី ៧ នេះ។