ស្ពានតភ្ជាប់ពី ចាក់អង្រែក្រោម ទៅកាន់ព្រែកប្រា នឹងផ្តល់ផលប្រយោជន៍ច្រើន ដល់ការធ្វើដំណើរ និងការអភិវឌ្ឍនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ នៅពេលដែលវាត្រូវបានសាងសង់រួច!


រាជធានីភ្នំពេញ: គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ តភ្ជាប់ពីចាក់អង្រែក្រោម ទៅកាន់ព្រែកប្រា មានទីតាំងស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ដែលមានចំណុចចាប់ផ្តើមនៅ មាត់ទន្លេបាសាក់ខាងលិច ក្នុងខណ្ឌមានជ័យ សង្កាត់ចាក់អង្រែក្រោម នៅផ្នែកខាងលិចនៃ មហាវិថីឈុនគង់ និងមានចំណុចបញ្ចប់ នៅមាត់ទន្លេបាសាក់ខាងកើត ក្នុងខណ្ឌច្បារអំពៅ សង្កាត់ព្រែកប្រា ក្នុងផ្នែកខាងកើតមហាវិថីឈុនគង់។

គួរឲ្យដឹងដែរថា ប្រវែងខ្សែផ្លូវសរុបនៅក្នុងគម្រោងនេះគឺ ១.៦៥០ម៉ែត្រ ជាខ្សែថ្មី ដែលក្នុងនោះស្ពានទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មានប្រវែង ៨៤៥,៧ម៉ែត្រ និងប្រវែងផ្លូវតភ្ជាប់សរុប ៨០៤,៣ម៉ែត្រ។

គម្រោងនេះ មានទីតាំងពីស្ពានព្រះមុនីវង្ស – ទន្លេបាសាក់ខាងលើប្រហែល ៣.៩៨២ ម៉ែត្រ និងមានទីតាំងពីផ្លូវក្រវ៉ាត់ក្រុងលេខ២ -ស្ពានតាខ្មៅទន្លេបាសាក់ខាងក្រោម ប្រហែល ៣.៦១៧ម៉ែត្រ។

គួររម្លឹកដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅតំបន់ភាគខាងត្បូង នៃរាជធានីភ្នំពេញ មានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយនឹងការកើនឡើង នៃបរិមាណចរាចរណ៍ រវាងមាត់ទន្លេបាសាក់ទាំងសងខាង។

បរិមាណចរាចរណ៍នៃស្ពានមុនីវង្ស-ទន្លេបាសាក់បច្ចុប្បន្ន និងស្ពានទន្លេតាខ្មៅ-បាសាក់ ដែលតភ្ជាប់ទៅមាត់ទន្លេទាំងពីរនេះ បានកើនលើសពីបរិមាណ នៃការរចនាទុក ដោយបណ្តាលឱ្យមាន ការកកស្ទះចរាចរណ៍ជាញឹកញាប់។

ដូចនេះដែរ គម្រោងសាងសង់ស្ពានទន្លេបាសាក់ (ចាក់អង្រែក្រោម ព្រែកប្រា) គឺជាគម្រោងគ្រប់គ្រងមហាវិថីឈុន គង់ របស់រាជរដ្ឋាភិបាលកម្ពុជា។ ទិសដៅ ទៅមុខ របស់មហាវិថី ឈុន គង់ ដែលកំពុង ស្ថិតក្រោមការសាងសង់ គឺ ឆ្ពោះទៅ ទិសខាងកើត ពីលិចទៅកើតកាត់មហាវិថី សម្តេចតេជោហ៊ុន សែន ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ១១០ និងផ្លូវជាតិលេខ១។

មហាវិថីសម្តេចតេជោ ហ៊ុន សែន ជាផ្លូវធំពីជើងទៅត្បូង ដែលតភ្ជាប់រាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងព្រលានយន្តហោះភ្នំពេញថ្មី ដែលកំពុងដំណើរការសាងសង់។

បន្ថែមពីនេះ គម្រោងស្ពានថ្មីនេះតភ្ជាប់ ជាមួយមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវសំខាន់ៗផ្សេងទៀត តាមរយៈមហាវិថីឈុនគង់ ដែលនឹងធ្វើឱ្យប្រសើរឡើង នូវបណ្តាញផ្លូវជុំវិញ និងសម្រួលការកកស្ទះចរាចរណ៍ នាពេលបច្ចុប្បន្ន នៅពេលឆ្លងកាត់ទន្លេបាសាក់។

ការសាងសង់គម្រោងស្ពាននេះ បានចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ផ្នែកទាំងសងខាង នៃទន្លេបាសាក់ ដើម្បីលើកកម្ពស់ ការអភិវឌ្ឍន៍ប្រកបដោយ គុណភាពខ្ពស់ និងនគរូបនីយកម្មក្នុងតំបន់ និងមានសារៈសំខាន់យ៉ាងខ្លាំងចំពោះ ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។

ទន្ទឹមគ្នានេះ តំបន់ដែលទទួលបាន អត្ថប្រយោជន៍យ៉ាងច្រើន ពីគម្រោងនេះ គឺប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី (NPPIA)។

បច្ចុប្បន្ននេះ ការសាងសង់ និងការអភិវឌ្ឍន៍តំបន់គម្រោង មានការរីកចម្រើនខ្លាំង ស្របពេលចំនួនប្រជាជន កើនឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននៅមាន ភាពយឺតយ៉ាវនៅឡើយ។

លើសពីនេះ ស្ពានចាក់អង្រែក្រោម-ព្រែកប្រា នឹងដើរតួជាគន្លឹះនៃ ការអភិវឌ្ឍន៍មូលដ្ឋានដ៏ល្អ សម្រាប់តំបន់ តាមរយៈការពង្រឹងការគាំទ្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ច តាមខ្សែផ្លូវគម្រោង ហើយក៏មានសារសំខាន់ៈខ្លាំង សម្រាប់ការលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ច ការដឹកជញ្ជូន និងទេសចរណ៍ សម្រាប់រាជធានីភ្នំពេញ និងប្រទេសកម្ពុជាទាំងមូលផងដែរ។