ភ្នំពេញ៖ យោងតាមការប្រកាសរបស់ របស់រដ្ឋបាលក្រុងអរិយក្សត្រ បានបង្ហាញឲ្យដឹងថា រដ្ឋបាលក្រុងអរិយក្សត្រ នឹងសាងសង់ផ្លូវមេចំនួន៤ខ្សែ ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ច និងទាក់ទាញការវិនិយោគនៅទីក្រុង ដែលទើបបង្កើតថ្មីនេះ។
សេចក្តីប្រកាសដដែលនោះ ក៏បានជូនជាដំណឹងបន្ថែមដល់ ម្ចាស់កម្មសិទ្ធិដែលមានក្បាលដី ជាប់សងខាងផ្លូវ និងក្បាលដីចំគម្រោងបើកផ្លូវ ស្ថិតនៅក្នុង ភូមិទួលមាស សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ឲ្យបានជ្រាបថា ក្រុងអរិយក្សត្រនឹងស្ថាបនា បើកផ្លូវចំនួន៤ខ្សែ ឆ្ពោះចូលទៅរហូតដល់ ទីតាំងសម្រាប់សងសង់ អាគារសាលាក្រុងអរិយក្សត្រ និងហេដ្ឋារចនាសម្ព័ន្ធជុំវិញ តំបន់រដ្ឋបាលក្រុងអរិយក្សត្រ។
ជាក់ស្តែង ផែនការនេះធ្វើឡើង ស្របតាមប្លង់គោល នៃប្លង់ប្រព័ន្ធតាមតម្រាយផ្លូវដូចជា ខ្សែទី១ ចាប់ផ្តើមចេញពីចំណុចចាប់ពីកែងផ្លូវ ៧០បេ ដល់រង្វង់មូល។ ខ្សែទី២ ចំណុចចាប់ពី របងសាលាបឋមសិក្សាពេជ្រម្កុដ ដល់ផ្លូវ៧០បេ។ ខ្សែទី៣ ចំណុចចាប់ពីកែងផ្លូវ ៧០បេ ដល់ផ្លូវបេតុងចូលបុរីទួលសង្កែ និងខ្សែទី៤ ចំណុចចាប់ពីផ្លូវកែង ១៥ម៉ែត្រ ដល់ផ្លូវប្រសព្វ១៥ម៉ែត្រទៅបុរីទួលសង្កែ។
ដូច្នេះ ដើម្បីឱ្យការអនុវត្តគម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ខាងលើដំណើរការដោយរលូន ស្របតាមផែនការងារ ដែលបានគ្រោងទុក រដ្ឋបាលក្រុងអរិយក្សត្រ ស្នើដល់លោក លោកស្រី ដែលមានក្បាលដី ពាក់ព័ន្ធ សូមចូលរួមផ្ដល់កិច្ចសហការ បង្កលក្ខណៈងាយស្រួល ដល់ក្រុមមន្ត្រីជំនាញ ចុះអនុវត្តគម្រោងខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
គូសសម្គាល់ផងដែរថា ការសាងសង់ផ្លូវមេបន្ថែមចំនួន ៤ ខ្សែនេះ នឹងលើកកម្ពស់ សក្តានុពលក្រុងអរិយក្សត្រ ក៏ដូចជាសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនរបស់ ប្រជាពលរដ្ឋរស់នៅ ក្នុងទីក្រុងនេះ ឲ្យបានកាន់តែងាយស្រួលផងដែរ។