រោងចក្រចម្រោះទឹកស្អាតថ្មី តម្លៃជាង ២២ លានដុល្លារ នៅខេត្តពោធិ៍សាត់ បានបើកដំណើរការជាផ្លូវការ ជាមួយសមត្ថភាពផលិតទឹកស្អាត ៦ ៦០០ម៉ែត្រគូប/ថ្ងៃ


ខេត្តពោធិ៍សាត់៖ ពិធីសម្ពោធដាក់ដំណើរការ រោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន នៅក្រុងពោធិ៍សាត់ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។

គូសបញ្ជាក់ដែរថា រោងចក្រថ្មីនេះមានតម្លៃជាង ២២លានដុល្លារ អាចជួយបង្កើន សមត្ថភាពផលិតទឹកស្អាត របស់រដ្ឋាករទឹកស្វយ័តក្រុងពោធិ៍សាត់ បានជិត ២ដង។

ថ្លែងក្នុងពិធីសម្ពោធនេះ ឯកឧត្តម ហែម វណ្ណឌី បានឱ្យដឹងថា នេះជារោងចក្រផលិតទឹកស្អាតទី៣ ក្រោមជំនួយហិរញ្ញប្បទាន របស់រដ្ឋាភិបាលជប៉ុន ដែលត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីរោងចក្រផលិតទឹកស្អាតថ្មី ជ្រាវសៀមរាប និងរោងចក្រផលិតទឹកស្អាតស្ទឹងសែនទី២ ក្នុងខេត្តកំពង់ធំ។

ជាក់ស្តែង រោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន ក្រុងពោធិ៍សាត់នេះ មានសមត្ថភាពផលិតទឹកស្អាតបាន ៦.៦០០ម៉ែត្រគូប/ថ្ងៃ នឹងជួយជំរុញសមត្ថភាព ផលិតទឹកស្អាត របស់រដ្ឋាករទឹកពោធិ៍សាត់ បានរហូតដល់ ១៣ ៨៦០ម៉ែត្រគូប/ថ្ងៃ។

ជាមួយនឹងបណ្តាញចែកចាយទឹកប្រវែង ២៤៧ គីឡូម៉ែត្រ រដ្ឋាករទឹកពោធិ៍សាត់នឹងអាចចែកចាយទឹកស្អាត ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យដល់ ប្រជាពលរដ្ឋជាង ១៥ ០០០ គ្រួសារ នៅក្នុងក្រុងពោធិ៍សាត់ និងផ្នែកខ្លះនៃស្រុកបាកាន និងស្រុកកណ្តៀង។

គួរឲ្យដឹងផងថា គម្រោងនេះ ស្ថិតក្រោមជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA ក្នុងចំនួនទឹកប្រាក់សរុប ២ ៤០៥ លានយ៉េន (ប្រហែល ២២,២ លានដុល្លារអាមេរិក) គម្រោងនេះប្រើពេលសាងសង់ចំនួន ២៤ ខែ ចាប់ពីខែសីហា ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២៣ ដោយរួមមានរោងចក្រ ផលិតទឹកស្អាត និងអគាររដ្ឋបាលមួយ ដែលនឹងរួមចំណែកដល់ ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តពោធិ៍សាត់ជារួម ផងដែរ។