ទីបំផុត កម្ពុជា សម្រេចបង្កើត “ក្រុងរុនតាឯកតេជោសែន” នៅក្នុងខេត្តសៀមរាប ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង!


ភ្នំពេញ៖ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ សម្រេចលើការបង្កើត ក្រុងរុនតាឯកតេជោសែន ក្នុងខេត្តសៀមរាប ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង នេះបើតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចុះថ្ងៃទី១១ ខែមករា និងចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

ជាក់ស្តែង ក្នុងអនុក្រឹត្យនោះបានបញ្ជាក់ថា ក្រុងរុនតាឯកតេជោសែន មានសង្កាត់ចំនួន២ គឺសង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក។ ទីតាំងរដ្ឋបាល ក្រុងរុនតាឯកតេជោសែន ស្ថិតក្នុងសង្កាត់រុនតាឯក និងរដ្ឋបាលស្រុកបន្ទាយស្រី ស្ថិតក្នុងឃុំខ្នារសណ្តាយ។

ដោយឡែក ទៅលើរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល នៃក្រុងរុនតាឯកតេជោសែន ត្រូវអនុវត្តតាមច្បាប់ស្តីពី ការគ្រប់គ្រងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ ១៨២ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង។

បន្ថែមពីនេះ អនុក្រឹត្យបន្តថា ការកំណត់ចំនួនសមាជិក ក្រុមប្រឹក្សាក្រុងតាឯកតេជោសែន ត្រូវអនុលោមតាមមាត្រា ១៨ ថ្មី នៃច្បាប់ស្តីពី ការគ្រប់គ្រងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង មាត្រា៣ នៃច្បាប់ថ្មី ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំ ផងដែរ។

សម្តេចធិបតី ក៏បានលើកឡើង ក្នុងអនុក្រឹត្យដែរថា ការបង្កើតក្រុងរុនតាឯកតេជោសែន មានប្រសិទ្ធភាពសម្រាប់ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំអាណត្តិទី៤ ផងដែរ។