កំណាយស្រាវជ្រាវ នៅខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម ដែលបានរងការខូចខាត ទ្រុឌទ្រោមខ្លាំង បានរកឃើញថ្មជាបន្តបន្ទាប់ និង កំណត់អត្តសញ្ញាណស្ថានភាព គ្រឹះខាងក្រោម របស់ខ្លោងទ្វារ


សៀមរាប៖ បើយោងតាមរបាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា បានសហការជាមួយស្ថាប័ន ASI របស់ឥណ្ឌា កំពុងធ្វើកំណាយជួសជុលឡើងវិញ ខ្លោងទ្វារខាងត្បូង នៃប្រាសាទតាព្រហ្ម ដែលបានរងការខូចខាត ទ្រុឌទ្រោមខ្លាំង ដើម្បីលើកតម្លៃសំណង់បុរាណ ឱ្យមានរូបរាងឡើងវិញ។

ក្នុងនោះដែរ បុរាណវិទូ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា លោកស្រី នេត ស៊ីមន បានឱ្យដឹងថា មុនពេលចាប់ផ្តើមការងារជួសជុល ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ក៏បានសិក្សា ប្រមូលព័ត៌មាន មុននឹងឈានទៅដល់ ការរុះរើជួសជុលខ្លោងទ្វារខាងត្បូង នៃប្រាសាទតាព្រហ្ម។ លោកស្រីបាននិយាយថា នេះគឺជាដំណាក់កាល នៃការជួសជុលហើយ ដូច្នេះក្រុមការងារបានរើថ្ម នៅផ្ទៃខាងលើទាំងអស់ ដើម្បីចុះបញ្ជីថ្ម ត្រៀមជួសជុលពង្រឹងឡើងវិញ។

លោកស្រីបានបន្ថែមថា ការងារកំណាយស្រាវជ្រាវ មានគោលបំណងសំខាន់ៗដូចជា៖ ១/ ស្វែងរកថ្មដែលបានបាត់បង់ ២/ សិក្សាអំពីស្ថានភាពគ្រឹះខ្លោងទ្វារ ស្វែងរកមូលហេតុដែល ធ្វើឱ្យខ្លោងទ្វារបាក់រលុះទ្រុឌទ្រោម និង ៣/ ដើម្បីសិក្សាអំពីបច្ចេកទេស នៃការសាងសង់របស់ចាស់បុរាណ ពីរចនាសម្ពន្ធគ្រឹះខាងក្រោមរបស់ខ្លោងទ្វារ។

លើសពីនេះ បុរាណវិទូរូបនេះបានបន្តថា ការងារធ្វើកំណាយស្រាវជ្រាវ បានចាប់ផ្តើមតាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ មកដល់រយពេលជិតពីរខែមកនេះ ក្រុមការងារជីករណ្តៅបានចំនួន ៥ នៅជុំវិញខឿនរបស់ខ្លោងទ្វារ។ ដោយបានជីករណ្តៅខ្លះ មានជម្រៅចន្លោះពី ៦០ទៅ៧០សង់ទីម៉ែត្រ ដើម្បីស្វែងរកថ្ម។

លទ្ធផលនៃកំណាយបានរកឃើញ ថ្មបាយក្រៀមជិត១០០ដុំហើយ។ ប៉ុន្តែអ្នកជំនាញនៅមិនទាន់សន្និដ្ឋាន អំពីចំនួនថ្មពិតប្រាកដបាននៅឡើយ ដោយត្រូវរង់ចាំ ការធ្វើកំណាយឱ្យរួចរាល់សិន ដោយគ្រោងចំណាយពេលាប្រហែល ៣ខែទើបចប់។

មួយវិញទៀតបានកំណត់អត្តសញ្ញាណ ស្ថានភាពគ្រឹះខាងក្រោមរបស់ខ្លោងទ្វារ ដែលមានសភាពស្រុតខ្លាំង ដោយសារដីធូរ មិនហាប់រឹងមាំ ដូចនៅខ្លោងទ្វារខាងកើត នៃប្រាសាទតាព្រហ្ម និងខ្លោងទ្វារខាងលិច នៃប្រាសាទបន្ទាយក្តីឡើយ និងបញ្ហាឬសឈើចាក់ចូល ទៅកាន់តែជ្រៅទៅក្នុង គ្រឹះខាងក្រោមនៃខ្លោងទ្វារ។ អ្នកជំនាញមានក្តីសង្ឈឹមថា នឹងអាចរកឃើញថ្មីបន្ថែមទៀត នៅពេលធ្វើកំណាយរួចរាល់ ដើម្បីយកថ្មទាំងនោះ មកប្រើប្រាស់គ្រប់ចំនួន ក្នុងការងារជួសជុល ពង្រឹងខ្លោងទ្វារខាងត្បូង នៃប្រាសាទតាព្រហ្មនេះ។

រូបភាពពីអាជ្ញាធរជាតិអប្សរា