គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ភ្ជាប់ពីកោះកុងទៅបាត់ដំបង ឆ្លងកាត់ពោធិ៍សាត់ មានប្រវែងសរុបជាង ១៩៨ គ.ម សម្រេចបានជាង ៧៧% ខណៈស្ពានខ្ពស់ជាងគេនៅកម្ពុជា សម្រេចបាន ៣៩%


បើយោងតាម លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានបង្ហោះក្នុង ទំព័រហ្វេសប៊ុក កាលពីថ្ងៃទី ១៧ កុម្ភៈ កន្លងទៅនេះ បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ភ្ជាប់ពីខេត្តកោះកុង ទៅបាត់ដំបង ឆ្លងកាត់ពោធិ៍សាត់ សម្រេចបាន ៧៧,៨១% នៃគម្រោងទាំងមូល។

គួរឲ្យដឹងដែរថា ក្នុងគម្រោងស្ថាបនាផ្លូវជាតិលេខ ១០នេះ ក៏មានការសាងសង់ស្ពាន ១ខ្សែដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជា ដែលមានកម្ពស់ដល់ទៅ ៥៣០ម៉ែត្រ ស្ថិតនៅត្រង់គីឡូម៉ែត្រ ១២៨+៩១៥ ហើយពេលនេះសម្រេច ការសាងសង់បាន ៣៩% ទៀតផងដែរ។

បញ្ជាក់ឲ្យដឹងដែរថា គម្រោងស្ថាបនាផ្លូវជាតិលេខ ១០នេះ ជាប្រភេទផ្លូវ Grade III មានទទឹង ៩ម៉ែត្រ ដោយក្រាលកៅស៊ូពីរស្រទាប់ (DBST)។ គម្រោងនេះ នឹងប្រើរយៈពេលសាងសង់ ប្រមាណ ៦៦ខែ និងបានចាប់ផ្តើមកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ដោយគ្រោងនឹង បញ្ចប់នៅខែមិថុនា ឆ្នាំ២០២៥។

គូសសម្គាល់ថា ផ្លូវជាតិលេខ ១០នេះ ត្រូវបានតភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង ឆ្លងវាលវែង អូរសោម ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង មានប្រវែងសរុបជាង ១៩៨ គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាសរុបប្រមាណជាង ១៨៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន។