រយៈពេល ១៥ ឆ្នាំ បណ្តាញក្រុមហ៊ុន Metfone បានគ្របដណ្តប់ដល់ទៅ ៩៨% នៃប្រជាជនកម្ពុជា និងបានចូលរួមចំណែកដល់កម្ពុជា ប្រមាណជាង ១ពាន់លានដុល្លារ


ភ្នំពេញ៖ ក្នុងឱកាសពិធីគម្រប់ខួប១៥ឆ្នាំ នៃការសម្ពោធសេវាកម្មមិត្តហ្វូន ‘The Met’s Sonata’ ដែលត្រូវបានរៀបចំឡើង នៅសណ្ឋាគារ Sokha Phnom Penh Hotel & Residence កាលពីថ្មីៗនេះ ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជាមួយ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា និង លោក Tao Duc Thang ជាប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Viettel Group អមជាមួយអស្សរជនជាន់ខ្ពស់ ជាច្រើនរូបទៀត បានឲ្យដឹងថា ក្រុមហ៊ុន Viettel Cambodia (Metfone) ដែលជាប្រតិបត្តិករទូរស័ព្ទចល័ត ឈានមុខគេមួយនៅកម្ពុជា បានគ្របដណ្តប់ដល់ទៅ ៩៨% នៃចំនួនប្រជាជនក្នុងប្រទេស និងបានរួមចំណែកជាង ១ពាន់លានដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានកោតសរសើរ ចំពោះការរួមចំណែក របស់ក្រុមហ៊ុនViettel Group ចំពោះព្រះរាជាណាចក្រកម្ពុជា និងបន្តអភិវឌ្ឍទំនាក់ទំនងដ៏ល្អ រវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនViettel Group ផងដែរ។

ជាក់ស្តែង ឯកឧត្តម បានថ្លែងដូច្នេះថា “ខ្ញុំសូមថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំនៃក្រុមហ៊ុន Viettel Group និងការដឹកនាំរបស់ក្រុមហ៊ុន Metfone ដែលបាននាំមកនូវអត្ថប្រយោជន៍ជាច្រើន ដើម្បីរួមចំណែកដល់ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៃប្រទេសរបស់យើង។ Metfone បាននាំយកសេវាទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន ទៅកាន់គ្រប់ទីកន្លែង និងជួយលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។”

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Metfone បានរួមចំណែកជាង ១ ពាន់លានដុល្លារដល់ រដ្ឋាភិបាលកម្ពុជា ដោយបានជាប់ចំណាត់ថ្នាក់ ជាក្រុមហ៊ុនកំពូលដែល បង់ពន្ធខ្ពស់បំផុតទាំងប្រាំ និងនាំមុខគេក្នុងវិស័យទូរគមនាគមន៍ផងដែរ។ លើសពីនេះ ចំនួនទឹកប្រាក់សរុបដែលក្រុមហ៊ុន Metfone បានជួយសង្គម និងសហគមន៍បានកើនឡើងដល់ ១២០លានដុល្លារនៅឆ្នាំនេះ។ កម្មវិធី ’The Met’s Sonata’ មានគោលបំណងបង្ហាញពី សាររបស់ក្រុមហ៊ុន ហើយនឹងបន្តរួមចំណែក ជួយដល់ប្រជាជន និងប្រទេសកម្ពុជា។

គួររម្លឹកទៀតដែរថា ចាប់តាំងពីក្រុមហ៊ុនត្រូវបាន បង្កើតឡើងនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០០៩ កន្លងមក Metfone បានអនុវត្តយុទ្ធសាស្រ្ត “បង្កើតហេដ្ឋារចនាសម្ព័ន្ធ ជាមុនសិន បន្ទាប់មកធ្វើអាជីវកម្ម នៅពេលក្រោយ” ដោយនាំយកសេវាទូរគមនាគមន៍ ទៅកាន់តំបន់ឆ្ងាយ និងដាច់ស្រយាលបំផុត នៃប្រទេសកម្ពុជា។

ការប្រារព្ធពិធីនេះ បានបង្ហាញពីដំណើររបស់ Metfone ដែលបានបន្សល់ទុកស្នាដៃរបស់ខ្លួន នៅទូទាំងប្រទេសកម្ពុជា ដោយបានផ្តល់សេវាទូរស័ព្ទដល់ទៅ ៩៨% នៃចំនួនប្រជាជនក្នុងប្រទេស។