កម្ពុជា កំពុងរៀបចំឯកសារស្នើសុំបញ្ចូល “សង្ក្រាន្តកម្ពុជា” ចូលក្នុងបញ្ជីបេតិកភ័ណ្ឌអរូបិយ របស់អង្គការយូណេស្កូ!


ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួម កម្មវិធីមួយនៅក្រុងពោធិ៍សាត់ កាលពីថ្ងៃទី៣១ មីនា កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឲ្យដឹងផងដែរថា មួយរយៈចុងក្រោយនេះ មានបងប្អូនប្រជាពលរដ្ឋជាច្រើន ជាពិសេសអ្នកប្រើប្រាស់ បណ្តាញសង្គមបានសម្ដែង ក្ដីព្រួយបារម្ភ អំពីការដែលប្រទេសថៃ បានចុះបញ្ជីសង្ក្រាននៅក្នុង បញ្ជីបេតិកភណ្ឌពិភពលោក។

 

ដើម្បីបកស្រាយមន្ទិល និងដោះស្រាយ បញ្ហានៃការព្រួយបារម្ភទាំងនោះ សម្តេចធិបតី ក៏បានបង្ហោះខ្លឹមសារ ភ្ជាប់ជាមួយវីដេអូពន្យល់ ទៅប្រជាពលរដ្ឋខ្មែរនាព្រឹកថ្ងៃទី១ មេសានេះថា “ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំឯកសារស្នើសុំដាក់បញ្ចូល ‘សង្ក្រាន្តនៅកម្ពុជា’ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ បន្ទាប់ពីក្រម៉ា និង អាពាហ៍ពិពាហ៍ខ្មែរ ដែលយើងបាននឹងកំពុងអនុវត្តនីតិវិធី ស្នើសុំបញ្ចូលដូចគ្នាផងដែរ។”

 

 

ដូចនេះ យើងនៅតែអាចប្រារព្ធសង្ក្រាន្តចូលឆ្នាំខ្មែរ បានត្រឹមត្រូវនៅក្នុងប្រទេសរបស់យើង ជាមួយពាក្យថា “សង្ក្រាន្តកម្ពុជា” ព្រោះដោយសារប្រទេសយើង និងប្រទេសជិតខាង មានទាំងថៃ និងឡាវ សុទ្ធតែមានវប្បធម៌ ប្រពៃណីស្រដៀងគ្នាច្រើន និងមិនមានអ្វី ដែលយើងប្រើពាក្យ “សង្ក្រាន្តកម្ពុជា” មិនបាននោះឡើយ។

បន្ថែមពីនេះ សម្ដេចបានបញ្ជាក់ផងថា “ការណ៍នេះមិនមានផលប៉ះពាល់អ្វី ដល់កម្ពុជានោះទេ ពីព្រោះកម្ពុជាបាននឹងកំពុងធ្វើការ ជាប់រយៈពេលជាង៣០ឆ្នាំមកហើយ ក្នុងការដាក់ស្នើបញ្ចូល បេតិកភណ្ឌទាំងរូបិយ និងអរូបិយ ដែលជាសម្បត្តិវប្បធម៌ របស់ជាតិកម្ពុជា ទៅក្នុងបញ្ជី ស្មារតីចងចាំពិភពលោក”។

នាឱកាសនោះផងដែរ សម្តេចធិបតីក៏បានអំពាវនាវ កុំឱ្យបងប្អូនប្រជាពលរដ្ឋមានអារម្មណ៍ ភ័យព្រួយបារម្ភ ដោយសារយើងទាំងអស់គ្នាបាន នឹងកំពុងខិតខំ បន្តថែរក្សាកេរ្តិ៍ដំណែល ដូនតារបស់យើង និងខិតខំពូនជ្រុំផ្សព្វផ្សាយ វប្បធម៌ជាតិរបស់យើង ឱ្យកាន់តែរីកចម្រើនបន្ត ទៅមុខទៀត។