រថយន្ដក្រុង ៤៥៥ គ្រឿង ត្រៀមដឹកជញ្ជូនប្រជាពលរដ្ឋ ទៅស្រុកកំណើត ដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី ១២ ដល់ ១៧ មេសា


រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្ដក្រុងចំនួន ៤៥៥ គ្រឿង បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅកាន់ស្រុកកំណើត គោលដៅរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត និងពីបណ្ដាខេត្ត មកកាន់រាជធានីភ្នំពេញវិញ រយៈពេល ៦ ថ្ងៃពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១២ ដល់ទី១៧ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។

សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ អោយរៀបចំមធ្យោបាយដឹកជញ្ជូនសាធារណៈ ពីគោលដៅរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្តនានា សម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ក្នុងគោលបំណង រួមចំណែកកាត់បន្ថយការចំណាយថ្លៃធ្វើដំណើរ កាត់បន្ថយបញ្ហាគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍ បានមួយកម្រិត នៅក្នុងឱកាសថ្ងៃឈប់សម្រាក ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ។

ក្នុងនោះ មានរថយន្ដក្រុងចំនួន ៦០ គ្រឿងនឹងបម្រើការដឹកជញ្ជូន ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និង ៣៩៥ គ្រឿងធ្វើដំណើរពីរាជធានីភ្នំពេញ ចាប់ពីម៉ោង ៦:៣០ នាទីព្រឹក ទៅកាន់បណ្ដាខេត្ត ដែលមានគោលដៅដូចខាងក្រោម៖

១. ផ្លូវជាតិលេខ១ ស្ថានីយរថយន្ដក្រុងវាលស្បូវ ឆ្ពោះទៅកាន់ទីរួមខេត្តព្រៃវែង
២. ផ្លូវជាតិលេខ១ ស្ថានីយរថយន្ដក្រុងវាលស្បូវ ឆ្ពោះទៅទីរួមខេត្តស្វាយរៀង
៣. ផ្លូវជាតិលេខ ស្ថានីយទល់មុខព្រះវិហារយេស៊ូគ្រីស្ទ ផ្លូវវេងស្រេង ឆ្ពោះទៅចំណតរង្វង់មូលអូរចំបក់ ខេត្តតាកែវ
៤. ផ្លូវជាតិលេខ៣ ស្ថានីយរថយន្ដក្រុងផ្លូវ២០០៤ (ជាប់របងបញ្ជាការដ្ឋានកងទ័ពអាកាស) ឆ្ពោះទៅកាន់បឋមសិក្សាដំណាក់ចង្អើរ
៥. ផ្លូវជាតិលេខ៣ ស្ថានីយរថយន្ដក្រុងផ្លូវ២០០៤ (ជាប់របងបញ្ជាការដ្ឋានកងទ័ពអាកាស) ឆ្ពោះទៅកាន់ ចំណតរថយន្ដទីរួមខេត្តកំពត

៦. ផ្លូវជាតិលេខ៤ ស្ថានីយរថយន្ដក្រុងផ្លូវ២០០៤ (ជាប់របងបញ្ជាការដ្ឋានកងទ័ពអាកាស) ឆ្ពោះទៅកាន់វិមានឯករាជ្យ ខេត្តព្រះសីហនុ
៧. ផ្លូវជាតិលេខ៥ ស្ថានីយរថយន្ដក្រុងសួនច្បារឫស្សីកែវ ឆ្ពោះទៅកាន់ចំណតរថយន្ដផ្សារលើកំពង់ឆ្នាំង
៨. ផ្លូវជាតិលេខ៥ ស្ថានីយរថយន្ដក្រុងសួនច្បារឫស្សីកែវ ឆ្ពោះទៅកាន់ទីតាំងបុរីឧកញ៉ា ភូ ពុយ ខេត្តពោធិ៍សាត់
៩. ផ្លូវជាតិលេខ៥ ស្ថានីយរថយន្ដក្រុងសួនច្បារឫស្សីកែវ ឆ្ពោះទៅកាន់ចំណតរថយន្ដផ្សារទំនើប ភូ ពុយ ខេត្តបាត់ដំបង
១០. ផ្លូវជាតិលេខ៥ ស្ថានីយរថយន្ដក្រុងសួនច្បារឫស្សីកែវ ឆ្ពោះទៅកាន់ចំណតរថយន្ដក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ

១១. ផ្លូវជាតិលេខ៦ រង្វង់មូលទេពមច្ឆា OCIC ជ្រោយចង្វារ ឆ្ពោះទៅកាន់ភោជនីយដ្ឋានស្ទឹងសែន ក្រុងកំពង់ធំ
១២. ផ្លូវជាតិលេខ៦ រង្វង់មូលទេពមច្ឆា OCIC ជ្រោយចង្វារ ឆ្ពោះទៅកាន់បុរីរដ្ឋបាលខេត្តសៀមរាប លើវិថីសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ ៦០ ម៉ែត្រ)
១៣. ផ្លូវជាតិលេខ៦ និងលេខ៧ ស្ថានីយរថយន្ដក្រុងរង្វង់មូលកួចកាណុង ឆ្ពោះទៅកាន់ចំណតរថយន្ដខេត្តកំពង់ចាម
១៤. ផ្លូវជាតិលេខ៦ និងលេខ៧ ស្ថានីយរថយន្ដក្រុងរង្វង់មូលកួចកាណុង ឆ្ពោះទៅកាន់ចំណតផ្សារសួង ខេត្តត្បូងឃ្មុំ
១៥. ផ្លូវជាតិលេខ៨ និងលេខ១៣ ស្ថានីយរថយន្ដក្រុងរង្វង់មូលកួចកាណុង ឆ្ពោះទៅកាន់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តក្រចេះ (រង្វង់មូលព្រាបស)
១៦. ផ្លូវជាតិលេខ៨ និង ១៣ ស្ថានីយរថយន្ដក្រុង រង្វង់មូលកួចកាណុង ឆ្ពោះទៅកាន់សាលាខេត្តស្ទឹងត្រែង។

ក្រៅពីការសម្រួល សេវាដឹកជញ្ជូនសាធារណៈ ឥតគិតថ្លៃ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំទឹកពិសាបរិសុទ្ធ សម្រាប់ប្រជាពលរដ្ឋ នៅពេលធ្វើដំណើរតាមរថយន្ដក្រុង ដោយឥតគិតថ្លៃផងដែរ។ លើសពីនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមសំណូមពរដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្ដដឹកជញ្ជូនអ្នកដំណើរទាំងអស់នៅរក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំតម្លើងថ្លៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ ដើម្បីរួមចំណែករួមចំណែក សម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។