Royal Railway របស់កម្ពុជា បានទិញទូររថភ្លើងបន្ថែមពីជប៉ុន សម្រាប់បន្ថែមតម្រូវការដឹកអ្នកដំណើរ


ក្រុមហ៊ុន Royal Railway Cambodia បានបញ្ជាទិញរថភ្លើង ល្បឿនលឿនប្រភេទ Kiha 183 Heavy Snow ចំនួន ១១ ទូររថភ្លើង ពីក្រុមហ៊ុនជប៉ុន JR Hokkaido Railway សម្រាប់បម្រើការដឹកជញ្ជូន ភ្ញៀវទេសចររវាងរាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងទៅកាន់ភាគពាយ័ព្យប្រទេសកម្ពុជា ទៅដល់ព្រំដែនថៃ។ យោងតាមការចេញផ្សាយពី Royal Railway បានបង្ហាញថា រថភ្លើងទាំងនេះ ទើបតែបានមកដល់កម្ពុជា កំពុងរៀបចំជួសជុល និងកែលម្អបន្ថែម នឹងត្រៀមដាក់ដំណើរការ ជាផ្លូវការនៅអំឡុងខែមិថុនា ឆ្នាំ២០២៤។

លោក Soe Win Tun នាយកនាំចេញទូរថភ្លើង របស់ក្រុមហ៊ុន JR Hokkaido បានបង្ហាញថា រថភ្លើង Kiha 183 Heavy Snow ដែលក្រុមហ៊ុន Royal Railway Cambodia បានបញ្ជាទិញធ្លាប់ប្រើប្រាស់ នៅប្រទេសជប៉ុន ជារថភ្លើងធន់នឹងអាកាសធាតុ និងអាយុកាលប្រើប្រាស់ នឹងផ្ដល់បទពិសោធន៍ថ្មី ដល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងផាសុកភាព។ សូមបញ្ជាក់ថា រថភ្លើង Kiha 183 Heavy Snow ដំណើរការដោយប្រេងម៉ាស៊ូត ត្រូវបានផលិតចាប់ពីឆ្នាំ ១៩៧៩ ជាប្រភេទរថភ្លើងល្បឿនលឿន មានក្បាលរថភ្លើងជាប់ មិនចាំបាច់ប្រើក្បាលរថភ្លើងអូស អាចបើកបរល្បឿនអតិបរមាដល់ ១១០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ទោះបីជា ស៊េរីរថភ្លើង Kiha 183 Heavy Snow នៅតែដំណើរការល្អក៏ដោយ ប៉ុន្តែវាត្រូវបានគណកម្មការ ផ្លូវរថភ្លើងជាតិជប៉ុន បញ្ឈប់អាយុកាលប្រើប្រាស់កាលពីឆ្នាំ ២០២៣ និងបានបន្ដការប្រើប្រាស់ នៅប្រទេសកម្ពុជា តាមរយៈតំហែទាំ ការកែលម្អ និងរត់នៅលើផ្លូវដែកកម្ពុជា ដែលអាចបើកបរក្នុងល្បឿន ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។

តាមការចេញផ្សាយពី Royal Railway Cambodia បានបង្ហាញថា រថភ្លើងចំនួន ១១ ទូរនេះ អាចផ្ទុកអ្នកដំណើរបានសរុប ៧០០ នាក់ នឹងចាប់ផ្ដើមដំណើរការនៅអំឡុងខែមិថុនា ឆ្នាំ២០២៤ នៅលើផ្លូវដែកទាំង ២ ខ្សែ គឺផ្លូវដែកភាគនិរតី ភ្នំពេញ ទៅដល់ក្រុងព្រះសីហនុ និងផ្លូវដែកភាគពាយព្យ ភ្នំពេញ ទៅដល់ក្រុងប៉ោយប៉ែត ព្រំដែនថៃ បម្រើលើការដឹកជញ្ជូន អ្នកដំណើរ និងភ្ញៀវទេសចរ បំពាក់ដោយជាកៅអីពិសេស (First Class) ម៉ាស៊ីនត្រជាក់ បន្ទប់ទឹកស្អាត និងបន្ថែមកៅអីគេង សម្រាប់រថភ្លើងពេលយប់ផងដែរ។