រូបបំណែកព្រះកេសទេវតា ត្រូវបានប្រទះឃើញ នៅក្នុងកំណាយស្រាវជ្រាវ នៅបរិវេណខ្លោងទ្វារជ័យ នាពេលថ្មីៗនេះ!


សៀមរាប៖ បើយោងតាមរបាយការណ៍ព័ត៌មាន ដែលបានចុះផ្សាយដោយ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា កន្លងទៅថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវ របស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយ នៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។

ជាក់ស្តែង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយកប់ក្នុង រណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។

ខណៈនោះដែរ បុរាណវិទូប្រចាំការ លោក អន សុភាព ដែលកំពុងធ្វើកំណាយ នៅខ្លោងទ្វារជ័យបានបញ្ជាក់ថា ជាងពីរសប្ដាហ៍មកហើយ ដែលក្រុមការងារបស់លោក បាននឹងកំពុងធ្វើ កំណាយស្រាវជ្រាវបុរាណវិទ្យា នៅខ្លោងទ្វារជ័យនេះ។ លោកបញ្ជាក់ថា ការងារនេះធ្វើឡើង ក្នុងបំណងពិនិត្យមើល រចនាសម្ព័ន្ធបាតគ្រឹះ ចម្លាក់កូរសមុទ្រទឹកដោះ ដើម្បីរៀបចំបង្រ្គប់ឯកសារ ក្នុងគម្រោងជួសជុលចំណុចនេះ ឡើងវិញ។

បន្ថែមពីនេះ តាមការលើកឡើងរបស់ លោក អន សុភាព ជាការចៃដន្យ ក្នុងពេលក្រុមការងារលោក កំពុងកំណាយនោះ ក៏បានប្រទះឃើញ ព្រះកេសមួយនៅស្អាត កប់ក្នុងរណ្ដៅជើងគ្រឹះទេវតា ទាញព្រ័ត្រតែម្ដង។ ក្រោយការសិក្សា និងពិនិត្យ អ្នកជំនាញសន្និដ្ឋានថា ព្រះកេសនោះបាន បាក់ធ្លាក់ពីរូបទេវតា នៅចំណុចលេខទី២៣ បើរាប់ពីជួរខាងមុខមក។ គួរឲ្យដឹងដែរថា ព្រះកេសធ្វើពីថ្មភក់នេះ មានបណ្ដោយ ២០ស.ម ទទឹង១១ស.ម និងកម្ពស់ ១២ស.ម។

ក្រោយកំណាយស្រាវជ្រាវបានមួយផ្នែកធំ អ្នកជំនាញបានសន្និដ្ឋានថា គ្រឹះចម្លាក់កូរសមុទ្រទឹកដោះ នៅខ្លោងទ្វារជ័យនេះ នៅមានភាពមាំល្អ ព្រោះធ្លាប់បានជួសជុលម្ដង នៅសម័យកណ្ដាល និងសម័យបារាំង។

យ៉ាងណា លោក អន សុភាព បញ្ជាក់ថា តាមការឱ្យយោបល់ពីអ្នកពាក់ព័ន្ធ គេត្រូវកំណាយស្រាវជ្រាវ នៅផ្នែកខាងលើបន្ថែមទៀត មើលស្ថានភាពតួស្ពានទាំងមូល ដើម្បីមើលស្ថានភាពជួសជុល នៅពេលនោះឱ្យបានល្អិតល្អន់ មុននឹងមានគម្រោងជួសជុល ចម្លាក់កូរសមុទ្រទឹកដោះ នាពេលខាងមុខ។

ប្រភពពីអាជ្ញាធរជាតិអប្សរា