AirAsia នឹងផ្តើមប្រើយន្តហោះថ្មីរបស់ខ្លួនប្រភេទ Airbus A320 នៅកម្ពុជា ជាមួយផ្លូវរត់បី គឺភ្នំពេញ សៀមរាប និងព្រះសីហនុ ដោយជឿថានឹងសម្រួលដល់ អ្នកដំណើរប្រមាណ ១,៣ លាននាក់ក្នុងឆ្នាំដំបូង


ភ្នំពេញ៖ បើយោងតាមប្រភពពី AirAsia បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ AirAsia នឹងចាប់ផ្តើមដំណើរការយន្តហោះទី ៧របស់ខ្លួន នៅកម្ពុជាក្នុងថ្ងៃនេះ ដែលគេស្គាល់ថាជា ‘AirAsia Cambodia’ ជាមួយនឹងយន្តហោះដំបូងប្រភេទ Airbus A320 ចំនួនពីរ ដោយរំពឹងថានឹងជួយសម្រួល ដល់អ្នកដំណើរប្រមាណ ១,៣ លាននាក់ក្នុងឆ្នាំដំបូង នៃប្រតិបត្តិការទៅកាន់គោលដៅចំនួន៣ រួមមានរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។

គួរឲ្យដឹងថា នេះជាការបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុន Malaysian AirAsia និងក្រុមហ៊ុនក្នុងស្រុក ’Sivilai Asia’។ ថ្មីៗនេះ ក្រុមហ៊ុន AirAsia Cambodia ក៏បានរៀបចំពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវជើងហោះហើរក្នុងស្រុករបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រួមជាមួយនឹងលោក Tony Fernandes នាយកប្រតិបត្តិនៃក្រុមហ៊ុន Capital A និងលោក Vissoth Nam នាយកប្រតិបត្តិក្រុមហ៊ុន AirAsia Cambodia ផងដែរ។

ពិធីសម្ពោធនេះ ត្រូវបានធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមមានវត្តមាន លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោក BoLingam នាយកប្រតិបត្តិនៃក្រុមហ៊ុន AirAsia Aviation Limited និង លោក Paul Carroll ប្រធានផ្នែកគ្រប់គ្រងប្រាក់ចំណូល និងផែនការបណ្តាញនៅក្រុមហ៊ុន AirAsia ។

យោងតាមក្រុមហ៊ុនអាកាសចរណ៍ AirAsia ក្រុមហ៊ុននឹងចាប់ផ្តើម ប្រតិបត្តិការនៅថ្ងៃទី ២ខែឧសភានេះបន្ទាប់ពីទទួលបាន វិញ្ញាបនបត្រប្រតិបត្តិករផ្លូវអាកាស (AOC) របស់ខ្លួនមួយថ្ងៃមុន។ ជាមួយនឹងយន្តហោះដំបូងប្រភេទ Airbus A320 ចំនួនពីរ ក្រុមហ៊ុននឹងដំណើរការពី អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដោយភ្ជាប់អ្នកធ្វើដំណើរ ទៅកាន់ខេត្តសៀមរាប ក្រុងព្រះសីហនុ ទីក្រុងគូឡាឡាំពួ និងទីក្រុងបាងកក។

ការចាប់ផ្តើមនៃជើងហោះហើរថ្មី តំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុន AirAsia Group ខណៈដែលខ្លួនទើបតែ បានប្រកាសពីយុទ្ធសាស្ត្រ ‘ONE Airline’ របស់ខ្លួន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន AirAsia Cambodia មានសក្តានុពលក្នុងការធ្វើអោយ ដំណើរតាមផ្លូវអាកាសចំណាយទាប នៅទូទាំងប្រទេស និងលើសពីនេះ ដោយប្រើប្រាស់កម្លាំងស្នូល របស់ក្រុមហ៊ុន ដើម្បីជម្រុញអតិថិជន និងប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង សម្រាប់កំណើនប្រកប ដោយចីរភាព និងប្រាក់ចំណេញ។